ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងស្ត្រី២នាក់ទៀតបានរងរបួសធ្ងន់-ស្រាល ដោយសារតែត្រូវរន្ទះបាញ់មួយខណៈដែលពួកគេទាំង៣នាក់កំពុងនាំគ្នារាវគ្រំ ក្នុងបឹងមួយកន្លែងពេលមានភ្លៀងផ្គរ ដែលហេតុការណ៍នេះកើតឡើង កាលពីម៉ោង០៥ និង៤៥នាទីល្ងាចថ្ងៃទី២៩ ឧសភា ២០១៥ ស្ថិតនៅចំណុចបឹងធំ ក្នុងភូមិទួលអំពិល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ប្រភពបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានភ្លៀងផ្គររន្ទះក្នុងចំណុចខាងលើ ហើយមានមនុស្សប្រុស-ស្រីច្រើននាក់កំពុងនាំ គ្នារាវគ្រំ ដើម្បីយកទៅលក់ផងដែរ ។ ពេលនោះ ស្នូររន្ទះមួយផ្ទុះឡើងបាញ់ចំបុរសម្នាក់ឈ្មោះស៊ូ យស់ ហៅពៅ អាយុ៤៣ឆ្នាំ បណ្តាលឱ្យស្លាប់ភ្លាមៗនៅក្នុងបឹងនោះ និងស្ត្រី២នាក់ទៀតបានរបួសធ្ងន់-ស្រាល ម្នាក់ឈ្មោះប៉ោង សុភា អាយុ៣៣ឆ្នាំ និងម្នាក់ទៀតឈ្មោះឈិន ចិន្តា អាយុ៣៧ឆ្នាំ របួសស្រាល ពួកគាត់ទាំង៣នាក់រស់នៅភូមិទី៦ ក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
ក្រោយពេលកើតហេតុ ស្ត្រីរងរបួសធ្ងន់ឈ្មោះប៉ោង សុភា ត្រូវបានគេដឹកបញ្ជូនមកកាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដើម្បីឱ្យគ្រូពេទ្យជួយសង្គ្រោះជីវិត ។ ដោយឡែកសពបុរសរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសាលាបុណ្យអ្នកក្បាល៨ ដែលជិតលំនៅឋានជនរងគ្រោះ ដើម្បីធ្វើបុណ្យតាមប្រពៃណី។
ចែករំលែកព័តមាននេះ