ខេត្តសៀមរាប ៖ លទ្ធផលនៃការស៊ើបអង្កេតបានបង្ហាញថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាបដែលបានពុលមួយគ្រួសារនោះ ត្រូវដឹងពីមូលហេតុហើយ គឺបណ្តាលមកពីផ្សែងម៉ាស៊ីនភ្លើង ដែលធ្វើឱ្យប្តីដួលបោកក្បាលស្លាប់នៅក្នុងបន្ទប់ទឹកមុន ដោយបច្ចុប្បន្នប្រពន្ធ-កូន ត្រូវបានជួយសង្គ្រោះទាន់ពេលវេលានៅមន្ទីរពេទ្យគិតមកដល់ថ្ងៃទី២៩ ឧសភា ២០១៥ នេះ គឺដឹងខ្លួនវិញអស់ហើយ ។
ហេតុការណ៍ពុលមួយគ្រួសារនោះ ត្រូវសមត្ថកិច្ចនិងក្រុមគ្រូពេទ្យបង្ហើបឱ្យកោះសន្តិភាពដឹងកាលពីវេលាព្រឹកថ្ងៃទី២៩ ឧសភា ក្នុងមន្ទីរពេទ្យបង្អែកខេត្តថា ការពុលនោះ គឺបណ្តាលមកពីម្ចាស់ផ្ទះដាក់ម៉ាស៊ីនភ្លើងនៅក្នុងផ្ទះ ដោយពុំមានខ្យល់ចេញ-ចូល ទើបធ្វើឱ្យអុកស៊ីហ្សែនមិនអាចចេញទៅក្រៅបាន ហើយការពុលផ្សែងនេះ រហូតដល់ស្លាប់ប្តីនោះកើតឡើងកាលពីថ្ងៃទី២៥ ឧសភា ២០១៥ ស្ថិតនៅចំណុចផ្ទះភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
តាមប្រភពពីសមត្ថកិច្ចថា មុនពេលកើតហេតុ ក្រុមគ្រួសារនោះបាននាំគ្នាជិះរថយន្តដើរលេង និងទៅហូបអាហារនៅឃ្យុងយូរ វេលាម៉ោង០៦ និង៣០នាទីថ្ងៃទី២៤ ឧសភា រួចបន្តទៅហូបសាច់មាន់បំពងនៅផ្សារឡាក់គីដល់ម៉ោង០៩ និង៣០នាទី ទើបនាំគ្នាត្រឡប់ទៅដល់ផ្ទះម៉ោងប្រមាណជា១០យប់ក្នុងថ្ងៃដដែល ។ ប្រភពបន្តថា ក្រោយពីនាំគ្នាចូលដល់ក្នុងផ្ទះហើយ ដោយសារដាច់ភ្លើងផងនោះ ទើបជនរងគ្រោះ (ប្តី) បានយកម៉ាស៊ីនភ្លើងដាក់ចូលទៅក្នុងផ្ទះមុខបន្ទប់ទឹក រួចធ្វើការបញ្ឆេះតែម្តង ។
លោកបន្ថែមទៀតថា នៅចន្លោះម៉ោងប្រមាណ១០ និង៣០នាទីនោះ ប្រពន្ធជនរងគ្រោះបានចេញពីបន្ទប់ដេកចូលបត់ជើងក្នុងបន្ទប់ទឹក ហើយរូបគាត់មានរោគបេះដូងផង ពេលគាត់ចេញពីបន្ទប់ទឹកវិញ គាត់ឮម៉ាស៊ីនភ្លើង ធ្វើឱ្យគាត់ញ័រដើមទ្រូង ហើយងីងើរដោយសារមានផ្សែងពេញផ្ទះ ទើបគាត់ចូលទៅដេកជិតកូនវិញរហូត តែគាត់មិនដឹងថា ប្តីរបស់គាត់ចេញមកពន្លត់ម៉ាស៊ីននៅពេលណាឡើយ រហូតមកដល់ថ្ងៃនេះរូបគាត់ឆ្លើយថា មិនដឹងគេយកគាត់មកដេកពេទ្យថ្ងៃណាផង ។
គ្រួសារមានគ្នា៥នាក់នៅក្នុងភូមិថ្មី សង្កាត់ស្វាយដង្គំ ក្នុងនោះមាន ១-ប្តីឈ្មោះជុំ ចាន់ព្រឹក្សា (ស្លាប់) អាយុ៣៨ឆ្នាំ ជានាយរងប៉ុស្តិ៍នគរបាលសង្កាត់សៀមរាប និងប្រពន្ធឈ្មោះឈឹម ចាន់នី អាយុ៣៩ឆ្នាំ ជាមេផ្ទះ ដឹងខ្លួនហើយ ចំណែកកូនប្រុស-ស្រីទាំង៣នាក់១-ឈ្មោះជុំ ភក្តី អាយុ១៥ឆ្នាំ (កូនប្រុសច្បង) ២-ឈ្មោះជុំ ចាន់រក្សា អាយុ១៣ឆ្នាំ និងកូនស្រីពៅឈ្មោះជុំ លីកា អាយុ៨ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ ។
បច្ចុប្បន្នកូនប្រុសស្រីទាំង៣នាក់ ដែលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផាជ័យវរត្ម័ទី៧ មកដល់ថ្ងៃទី២៩ ឧសភា ២០១៥ នេះ ត្រូវបានដឹងខ្លួនទាំងអស់គ្នាវិញហើយ តែគ្រូពេទ្យនៅមិនទាន់អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញទេ រង់ចាំ២ ទៅ៣ថ្ងៃទៀត ។
គួររំលឹកថា មួយគ្រួសារ៥នាក់ប្តីប្រពន្ឋនិងកូនពុលទំាងអស់ ស្លាប់ប្តីនៅសៀមរាបនារសៀលនេះ
ចែករំលែកព័តមាននេះ