ខេត្តមណ្ឌលគិរី៖ នគរបាលស្រុកកោះញែកឃាត់ខ្លួនបុរសចំណាស់ម្នាក់ បញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក្រោយពេលបុរសម្នាក់នេះពេលផឹកស៊ីស្រវឹង យកកាំភ្លើងម៉ាកអាកា៤៧ មួយដើម បាញ់រះនៅលើផ្ទះរបស់ខ្លួនអស់ច្រើនគ្រាប់ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៥ ឧសភា នៅភូមិជីមៀត ឃុំណងឃីលឹក ស្រុកកោះញែក ។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា កាំភ្លើងដែលជនសង្ស័យយកមកបាញ់រះនេះ គឺរើសបាននៅព្រៃព្រេចកាលពីមុនថ្ងៃកើតហេតុ៤-៥ថ្ងៃ តែមិនយកទៅប្រគល់ជូនសមត្ថកិច្ចទេ បែរជាយកមកបាញ់បោះសេរី ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
លោកវរសេនីយ៍ឯក ស៊ុម សោភ័ណ្ឌ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលឲ្យដឹងថា បុរសដែលសមត្ថកិច្ចចាប់ខ្លួននេះ ឈ្មោះ ឡៃ ម៉ៃ អាយុ៥០ឆ្នាំ ជនជាតិឡាវ ជាកសិករ មានទីលំនៅ នៅភូមិឃុំខាងលើ បានយកកាំភ្លើងអាកា៤៧ បាញ់រះអស់១៤គ្រាប់ តែពុំបង្កឲ្យមានមនុស្សណាម្នាក់របួស ឬស្លាប់ទេ ។
លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបន្តថា ជនឈ្មោះ ឡៃ ម៉ៃ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃបន្ទាប់ រួមជាមួយវត្ថុតាងកាំភ្លើងអាកាស្វាយបត់មួយដើម បង់អត់គ្រាប់១ សម្បកកាទុស្សចំនួន១៤ ៕
ចែករំលែកព័តមាននេះ