រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះក្នុងបន្ទប់ឡៅតឿផ្ទុកសៀវភៅ និងឯកសារចាស់ៗមួយកន្លែងរបស់ស្ត្រីវ័យចំណាស់ដែលជាអតីតគ្រូបង្រៀនចូលនិវត្តន៍ម្នាក់ដោយសារទុស្សេខ្សែភ្លើង បង្កឱ្យមានការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ កាលពីវេលាម៉ោង១១ និង១៥នាទីព្រឹក ថ្ងៃទី២៥ ឧសភា ២០១៥ នៅចំណុចផ្ទះលេខ៨៤CEo ក្រុមទី៣៧ ភូមិ៥ ផ្លូវ២៨៧ សង្កាត់អូឡាំពិក ខណ្ឌចំការមន។
តាមប្រភពពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា ផ្ទះកើតហេតុខាងលើមានម្ចាស់ឈ្មោះគង់ ម៉ៅ អាយុ៧៧ឆ្នាំ ជាអតីតគ្រូបង្រៀនចូលនិវត្តន៍ ។ ប្រភពបានឱ្យដឹងទៀតថា មុនពេលកើតហេតុ ខណៈពេលដែលស្ត្រីវ័យចំណាស់ជាម្ចាស់ផ្ទះនៅខាងក្រោមនោះមានធុំក្លិនឈ្ងៀម និងឃើញមានផ្សែងហុយឡើង ដោយនឹកស្មានថា មានអ្នកណាម្នាក់ដុតជ័រកៅស៊ូលេងក៏បានដើររកមើល។
ពេលដែលដើររកប្រភពនោះបានបន្តិចក្រោយមកក៏បានឃើញមានផ្សែងខ្មៅហុយចេញពីក្នុងបន្ទប់ឡៅតឿជាន់ខាងលើកាន់តែខ្លាំងក៏បានស្រែកឆោឡោឡើងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលមានទីលំនៅជិតខាងបាននាំគ្នារត់ទៅយកបំពង់ពន្លត់អគ្គិភ័យ និងទាញទុយោបាញ់ទឹកពន្លត់ តែភ្លើងនៅតែឆេះកាន់តែខ្លាំងឡើងៗទើបមានការភ្ញាក់ផ្អើលទៅដល់អាជ្ញាធរមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យនគរបាលបង្ការគ្រោះអគ្គិភ័យរាជធានីភ្នំពេញមកជួយអន្តរាគមន៍បាញ់ទឹកអស់៤រថយន្តទើបភ្លើងរលត់ទាំងស្រុង ដោយមិនមានការខូចខាតអ្វីធ្ងន់ធ្ងរឡើយ ដោយគ្រាន់តែឆេះអស់សៀវភៅ និងឯកសារចាស់ៗមួយចំនួនប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ