ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ត្រូវបានស្នាក់ការសន្តិសុខ៤០៣ ឃាត់ខ្លួន ដកហូតបានថ្នាំញៀន២កញ្ចប់ និងទូរស័ព្ទ៤គ្រឿង ។ ការឃាត់ខ្លួននេះត្រូវបានគេសង្ស័យថាចរចាលុយប្រចាំខែអត់ត្រូវ ។
ករណីនេះកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី២១ ឧសភា ២០១៥ នៅចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យទី១មានឈ្មោះ លឹម ហាក់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច និងជនសង្ស័យទី២មានឈ្មោះគ្រុយ ដានី ភេទស្រី អាយុ២៨ឆ្នាំ រស់នៅជាមួយជនសង្ស័យទី១ដែរ ។
មន្ត្រីអាវុធហត្ថមួយរូបបានឱ្យដឹងថា កម្លាំងស្នាក់ការសន្តិសុខកងរាជអាវុធហត្ថ៤០៣បានធ្វើការល្បាតក្នុងភូមិសាស្ត្រខាងលើ និងបានប្រទះឃើញជនសង្ស័យទាំង២នាក់កំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន ក៏ឃាត់ខ្លួនឆែកឆេររកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២កញ្ចប់ ។
ក្រោយពេលឃាត់ខ្លួនឆែកឆេរឃើញថ្នាំញៀន សមត្ថកិច្ចកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៤០៣ក៏បញ្ជូនខ្លួនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្ត ។
នៅព្រឹកថ្ងៃទី២២ ខែឆ្នាំដដែល មន្ត្រីនគរបាលយុត្តិធម៌នៃការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថបានបង្ហាញមុខជនសង្ស័យទាំង២នាក់ និងវត្ថុតាងអោយអ្នកសារព័ត៌មានផ្តិតរូបភាពដើម្បីចុះផ្សាយ ក្នុងនោះផងដែរគេសង្កេតឃើញថា លោកវរសេនីយ៍ត្រី គឹម សិទ្ធិយា នាយការិយាល័យប្រឆាំងគ្រឿងញៀនបានធ្វើការដោះដូរទូរស័ព្ទជនសង្ស័យជាមួយទូរស័ព្ទខ្លួន ដោយសារទូរស័ព្ទគាត់ចាស់ទៅហើយ ។ ទូរស័ព្ទដែលគាត់ដូររបស់ជនសង្ស័យម៉ាកណូគា ចំណែករបស់លោកគឹម សិទ្ធិយា ម៉ាកហេឡូ ។
ការធ្វើបែបនេះត្រូវបានមជ្ឈដ្ឋានរិះគន់ថា លោកគឹម សិទ្ធិយា មានតួនាទី និងយសស័ក្តិ ព្រមទាំងមានទ្រព្យសម្បត្តិបរិបូរណ៍ មិនគួរណាចង់បានត្រឹមទូរស័ព្ទរបស់ជនសង្ស័យបែបនេះសោះ ហើយទូរស័ព្ទនោះទៀតសោតក៏មានតម្លៃត្រឹមតែ១៥ដុល្លារប៉ុណ្ណោះ ។ ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌មិនគួរប្រព្រឹត្តទង្វើបែបនេះទេ ។ បញ្ហានេះគួរណាតែលោកជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តពិនិត្យមើលអោយបានគ្រប់ជ្រុងជ្រោយ កុំអោយខូចឈ្មោះដល់កងរាជអាវុធហត្ថដែលល្អត្រឹមត្រូវ ។
ជនសង្ស័យទាំង២នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
ក្នុងនោះផងដែរ ខាងមន្ត្រីតុលាការគួរក៏គួរពិនិត្យវត្ថុតាងអោយបានត្រឹមត្រូវផងដែរ ព្រោះថា ទូរស័ព្ទរបស់ជនសង្ស័យ១គ្រឿងត្រូវបានគេប្តូរបាត់ហើយ ៕
ចែករំលែកព័តមាននេះ