រាជធានីភ្នំពេញ ៖ ទូរស័ព្ទដៃអស់ចំនួនជាង៥០គ្រឿង ត្រូវបានក្រុមចោរគាស់ផ្ទះយកបានយ៉ាងស្ងៀមស្ងាត់ នៅវេលាម៉ោង១ និង៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅចំណុចខាងលិចផ្សារព្រែកព្នៅ ផ្ទះលេខ៧១ តាមបណ្តោផ្លូវ១៥១ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះចាប វិរៈ ភេទប្រុស អាយុ៣៧ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុ ២នាក់ប្ដីប្រពន្ធ ជាជនរងគ្រោះ ព្រមទាំងកម្មករ នៅក្នុងផ្ទះ មានគ្នាចំនួន៦នាក់ក្រោយពីហូបបាយ និងមើលទូរទស្សន៍រួច ដល់ម៉ោងជិត១០យប់ ថ្ងៃទី១៩ ឧសភា ក៏បាននាំគ្នាចូលទៅដេក លុះដល់ម៉ោងប្រហែលជា១និង៣០នាទី ម្ចាស់ផ្ទះខាងលើបានឮសំលេងឆ្កែព្រូសដែរ តែមិនចាប់អារម្មណ៍ ។
លុះម៉ោង៧ព្រឹក ថ្ងៃទី២០ ឧសភា ម្ចាស់ផ្ទះខាងលើ បានងើបឡើងពីដេក ក៍ដើរមកខាងមុខ និងក្រឡេកមើលទៅក្នុងទូរដាក់ទូរស័ព្ទ ស្រាប់តែឃើញស្នាមរើកាយ និងឃើញបាត់ទូរស័ព្ទ ក៍បង្កការភ្ញាក់ផ្អើលឆោរឡោពេញក្នុងផ្ទះតែម្ដង ។
ជាមួយនោះក៍ឃើញនៅចំហៀងផ្ទះខាងលិច មានស្លាកស្នាមគាស់ ចូលពីខាងក្រោមផ្ទះ ឡើងមកលើមានទំហំអាចនឹងមនុស្សធ្វើការចេញចូលបានយ៉ាងងាយ។ ចំនួនទូរស័ព្ទដែលបាត់បង់ជាង៥០គ្រឿង ក្នុងនោះមានម៉ាកអាយហ្វូន ម៉ាកអិនចុចពិល និងម៉ាកសាំសុងកាឡាក់ស៊ីនូតមួយចំនួនទៀតផង តម្លៃសរុបក្នុងទូរស័ព្ទជាង៥០គ្រឿងនោះ គឺជិតប្រាំបីពាន់ដុល្លារ ៕
ចែករំលែកព័តមាននេះ