បន្ទាយមានជ័យ៖ រមណីយដ្ឋានដុងអារញ្ញ ស្ថិតក្នុងភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ថ្វីត្បិតតែដងផ្លូវទៅកាន់ទីនោះមានការលំបាកព្រោះត្រូវជំនន់ទឹកភ្លៀងបុកផ្ដាច់ជាច្រើនកន្លែងពិបាកធ្វើដំណើរ ប៉ុន្តែបើយើងពិនិត្យមើលទីនោះឃើញថាមានសក្តានុពលគ្រាន់បើ ក្នុងការទាក់ទាញឲ្យអ្នកស្រុកទៅលេងទីនោះក្នុងមួយថ្ងៃៗរាប់រយនាក់ រៀងរាល់រដូវវស្សា។
ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ រមណីយដ្ឋានខាងលើគេឃើញមនុស្សមកពីស្រុកម៉ាឡៃ,ស្រុកអូរជ្រៅ និងអ្នកខ្លះមកពីទីរួមខេត្តពិសេសអ្នកក្រុងប៉ោយប៉ែត បានទៅលេងកំសាន្តទីនោះយ៉ាងភ្លូកទឹកភ្លូកដី ។ រមណីយដ្ឋានដុងអារញ្ញ បើគិតពីផ្លូវជាតិលេខ៥ មានប្រវែងប្រហែល៦គីឡូម៉ែត្រអតីតជាផ្លូវគ្រួសក្រហម ប៉ុន្តែដោយសារមានការជន់លិចជាប្រចាំរៀងរាល់ឆ្នាំ ផ្លូវមួយខ្សែរនេះ ត្រូវបានអាជ្ញាធរធ្វើការជួសជុលជារៀងរាល់ឆ្នាំដែរ ។
ទោះជាយ៉ាងណាដោយសារឆ្នាំនេះ ជំនន់ទឹកភ្លៀងនិងទឹកហូរពីប្រទេសថៃ កើតមានជាបន្តបន្ទាប់២ទៅ៣ដង បានធ្វើឲ្យដងផ្លូវមួយខ្សែនេះរងការខូចខាតជាច្រើនកន្លែង ដោយកន្លែងខ្លះមានចម្ងាយវែងប្រហែល៥០ម៉ែត្រ និងកន្លែងខ្លះខ្លី កន្លែងខ្លះបើកបររថយន្តបាន តែបើកបរម៉ូតូមិនបាន បើទោះជាកន្លងមកអាជ្ញាធរ និងប្រជាពលរដ្ឋបាននាំគ្នាច្រកដីខ្សាច់ក្នុងការ៉ុងធ្វើជាទំនប់ទប់ដើម្បីបញ្ជៀសការជន់លិចផ្លូវក៍ដោយ ។ស្ថានភាពលំបាកនេះ អ្នកដំណើរដែលត្រូវទៅកំសាន្ដនៅរមណីយដ្ឋានដុងអារញ្ញ ៨០%បានផ្ញើម៉ូតូតាមទីតាំងទួលក្នុងមួយគ្រឿងតម្លៃ២០០០រៀលសំរាប់មួយថ្ងៃ ហើយនាំគ្នាជិះគោយន្តកន្ត្រៃទាំងទៅទាំងមក២០០០រៀល ។ សំរាប់អ្នកប្ដូរជិះម៉ូតូកាត់ទឹកវិញនោះត្រូវចំណាយថ្លៃឆ្លងស្ពានអ្នកស្រុកទាំងទៅទាំងមក៤០០០រៀល ហើយមានជាច្រើនកន្លែងដែលអត់ស្ពាន អ្នកខ្លះបើកបរខុសគោលដៅទឹកចូលម៉ូតូរលត់ខូចក៍មានដែរ។ ចំពោះបរិវេណនឹងទីតាំងរមណីយដ្ឋានដុងអារញ្ញ មានមុខទឹកហូរខ្មួលខ្មាញ់ មានតូបសំរាប់អង្គុយហូបចុកអាចទទួលមនុស្សបានរាប់រយនាក់ ហើយមានទាំងម្ហូបកាម៉ង់ ជារបស់ស្រុកស្រែដូចជាអន្ទង់,កង្កែប,ក្ដាមនិងម្ហូបចម្រុះផ្សេងៗទៀត។
រមណីយដ្ឋានមួយនេះ មានទូកសំរាប់ជួលជិះលេង,មានពោះវៀនរថយន្តធំៗ,និងមានទាំងអាវការពារការលង់ទឹក ហើយតាមតូបមានមនុស្សពេញៗរកកន្លែងទំនេរមិនមានទេ ។ ចំណែកលើផ្ទៃទឹក ខ្លះជិះទូក ខ្លះជិះពោងហែលទឹក(ពោះវៀនរថយន្ត) ។
រយៈពេលប៉ុន្មានថ្ងៃនេះ ដោយសារអ្នកដំណើរបាននាំគ្នាសម្រុកទៅលេងទីនោះច្រើនពេក គេឃើញដងផ្លូវពោរពេញដោយមនុស្សណែនណាន់ ហើយក៍មានទាំងវត្តមាននគរបាលរដ្ឋបាលឈរធ្វើចរាចរ និងជួយការពារសណ្ដាប់ធ្នាប់សន្តិសុខជូនប្រជាពលរដ្ឋនោះថែមទៀត៕
ចែករំលែកព័តមាននេះ