រាជធានីភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅកូរ៉េ បានបញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែគិតគូរយកចិត្តទុកដាក់ជានិច្ចដល់សមាគមនិស្សិតខ្មែរ នៅសាធារណរដ្ឋកូរ៉េ ។
នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអនុញ្ញាតឱ្យសមាគមនិស្សិតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ (CSAK) ដែលដឹកនាំដោយ លោកស្រី ឈឿម ភីថង ប្រធានសមាគម ចូលជួបសម្តែងការគួរសម ដើម្បីបង្ហាញនូវសមាសភាពក្រុមប្រឹក្សាប្រតិបត្តិថ្មី នៃសមាគមក្នុងអាណត្តិទី១០ ព្រមទាំងរាយការណ៍ជូនពីសមិទ្ធផលការងាររយៈពេល៥ខែ របស់សមាគម និងស្នើសុំអនុសាសន៍ពីលោកជំទាវឯកអគ្គរាជទូត សម្រាប់បេសកកម្មរបស់ខ្លួន ក្នុងអាណត្តិថ្មីនេះ ។
ក្នុងឱកាសនេះដែរ លោកជំទាវ បានថ្លែងការកោតសរសើរចំពោះរបាយការណ៍លម្អិតរបស់សមាគមនិស្សិតខ្មែរ ប្រចាំសាធារណរដ្ឋកូរ៉េ និងបានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពដ៏មមាញឹករបស់សមាគមក្នុងអាណត្តិទី១០ ក្នុងរយៈពេល០៥ខែកន្លងមកនេះ ដែលបានជួយលើកកម្ពស់សាមគ្គីភាព ក្នុងចំណោមនិស្សិត និងពលរដ្ឋខ្មែរ ព្រមទាំងបានផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងចំណេះដឹងនានា អំពីប្រទេសកម្ពុជាផងដែរ ។
លើសពីនេះ លោកជំទាវ ឯកអគ្គរាជទូត បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែគិតគូរយកចិត្តទុកដាក់ជានិច្ចដល់សមាគមនិស្សិតខ្មែរ នៅសាធារណរដ្ឋកូរ៉េ និងនៅបន្តគាំទ្រដល់សមាគម ដើម្បីបម្រើផលប្រយោជន៍និស្សិតខ្មែរ នៅសាធារណរដ្ឋកូរ៉េ ។
ជាចុងក្រោយ លោកជំទាវ ឯកអគ្គរាជទូត បានលើកទឹកចិត្តដល់សមាគមនិស្សិតខ្មែរ ប្រចាំសាធារណរដ្ឋកូរ៉េ ឱ្យខិតខំបន្តការងារ និងផ្សព្វផ្សាយអំពីសកម្មភាពរបស់ខ្លួនឱ្យបានទូលំទូលាយថែមទៀត ជាពិសេសនៅតាមបណ្តាញទំនាក់ទំនងសង្គមនានា និងជំរុញពង្រីកសាខាសមាគមនិស្សិតនៅតាមតំបន់នានា ដើម្បីបង្កើនប្រសិទ្ធភាពការងារផងដែរ ៕
ចែករំលែកព័តមាននេះ