ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ខ្លាំង​កូរ៉េ​ខាង​ត្បូង​មិន​ទាន់​ចុះ​ចាញ់​ទេ​ក្រោ​យ​ពេល​សភា​ព្យួរ​តំណែ​ង

10 ម៉ោង មុន

ទី​ក្រុង​សេអ៊ូល៖ ​ប្រធានា​ធិបតី​កូរ៉េ​​ខាង​ត្បូង​ លោ​កយូន​ស៊ុក​យូល ដែល​​​​ត្រូវ​រដ្ឋ​សភា​បោះ​ឆ្នោត​ព្យួរ​តំណែង​របស់​គាត់​ថ្មី​ៗ​​នេះ​​លោក​ប្ដេជ្ញា​ថា​មិន​ទាន់​ចុះ​ចាញ់​ត្រឹម​នេះ​ទេ​។ លោក​នឹង​បន្ត​ការ​តស៊ូ​រហូត​ដល់​ដំណាក់​កាល​ចុង​ក្រោយ​​។ លោក​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​ក្រុម​អ្នក​តំណាង​រាស្ត្រ​ខាង​ក្រុម​គណ​បក្ស​ប្រឆាំង​១៩២​រូប​ រួម​ជា​មួយ​​អ្នក​តំណាង​រាស្ត្រ​របស់​គណ​បក្ស​កាន់​អំណាច​យ៉ាង​តិច​១២​រូប​ទៀត​បាន​បោះ​ឆ្នោ​តគាំទ្រ​ញត្តិ​​ស្នើ​សុំ​ដក​តំណែង​របស់​លោក​ពាក់​ព័ន្ធ​នឹង​ការ​​ប្រកាស​ច្បាប់​អាជ្ញា​សឹក​​។ លោក​យូន​ស៊ុក​យូល​ហ៊ាន​និយាយ​យ៉ាង​ដូច្នេះ​​ព្រោះ​លោក​​​មិនទាន់​អស់​ផ្លូវ​ដើរ​នៅ​ឡើយ​ទេ​។ សំណុំ​រឿង​នេះ​នៅ​មាន​ដំណើរ​ការ​វែង​ឆ្ងាយ​ត​ទៅ​មុខ​ទៀត​។ ក្រោយ​ពេល​បោះ​ឆ្នោត​ព្យួរ​តំណែង​បាន​សម្រេច​ហើយ​…

ទី​ក្រុង​សេអ៊ូល៖ ​ប្រធានា​ធិបតី​កូរ៉េ​​ខាង​ត្បូង​ លោ​កយូន​ស៊ុក​យូល ដែល​​​​ត្រូវ​រដ្ឋ​សភា​បោះ​ឆ្នោត​ព្យួរ​តំណែង​របស់​គាត់​ថ្មី​ៗ​​នេះ​​លោក​ប្ដេជ្ញា​ថា​មិន​ទាន់​ចុះ​ចាញ់​ត្រឹម​នេះ​ទេ​។ លោក​នឹង​បន្ត​ការ​តស៊ូ​រហូត​ដល់​ដំណាក់​កាល​ចុង​ក្រោយ​​។ លោក​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​ក្រុម​អ្នក​តំណាង​រាស្ត្រ​ខាង​ក្រុម​គណ​បក្ស​ប្រឆាំង​១៩២​រូប​ រួម​ជា​មួយ​​អ្នក​តំណាង​រាស្ត្រ​របស់​គណ​បក្ស​កាន់​អំណាច​យ៉ាង​តិច​១២​រូប​ទៀត​បាន​បោះ​ឆ្នោ​តគាំទ្រ​ញត្តិ​​ស្នើ​សុំ​ដក​តំណែង​របស់​លោក​ពាក់​ព័ន្ធ​នឹង​ការ​​ប្រកាស​ច្បាប់​អាជ្ញា​សឹក​​។

លោក​យូន​ស៊ុក​យូល​ហ៊ាន​និយាយ​យ៉ាង​ដូច្នេះ​​ព្រោះ​លោក​​​មិនទាន់​អស់​ផ្លូវ​ដើរ​នៅ​ឡើយ​ទេ​។ សំណុំ​រឿង​នេះ​នៅ​មាន​ដំណើរ​ការ​វែង​ឆ្ងាយ​ត​ទៅ​មុខ​ទៀត​។ ក្រោយ​ពេល​បោះ​ឆ្នោត​ព្យួរ​តំណែង​បាន​សម្រេច​ហើយ​ រដ្ឋ​សភា​នឹង​រុញ​សំណុំ​រឿង​នេះ​​បន្ត​​ទៅ​តុលាការ​​ធម្ម​នុញ្ញ​​​ដើម្បី​សម្រេច​ជា​លើក​ចុង​ក្រោយ​ថា​តើ​ត្រូវ​ដក​តំណែង​របស់​គាត់​ជា​ស្ថា​ពរ? ឬ​ក៏​ផ្ដល់​តំណែង​នេះ​ជូន​គាត់​វិញ​? តុលាការ​មាន​ពេល​៦​ខែ​ទៀត​ដើម្បី​ពិនិត្យ​សើរើ​សំណុំ​​រឿង​នេះ​​មុន​នឹង​ឈាន​ដល់​ការ​សម្រេច​​ចិត្ត​ជា​លើក​ចុង​ក្រោយ​។​

បើ​តុលាការ​សម្រេច​ដក​តំណែង​របស់​គាត់​មែន ប្រទេស​កូរ៉េ​ខាង​ត្បូង​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានា​ធិបតី​ជា​ថ្មី​។ ​នៅ​សម័យ​អន្តរ​កាល​នេះ នាយក​រដ្ឋមន្ត្រី​កូរ៉េ​ខាង​ត្បូង លោក​ហាន​ដុក​ស៊ូ (Han Duck-soo) ត្រូវ​បាន​តែង​តាំង​ជា​ប្រធានា​ធិបតី​ស្ដី​ទី​។ លោ​កយូន​ស៊ុក​យូល​​មិន​ទាន់​ទៅ​ណា​ទេ​។ លោកអាច​បន្ត​អង្គុយ​នៅ​ក្នុង​ខុទ្ទកាល័យ​ប្រធានា​ធិប​តី​ដដែល​។ គ្រាន់​តែ​ថា​ជា​មុខ​តំណែង​ខ្យល់​ដែល​គ្មាន​ភារកិច្ច​ និង​តួនាទី​អ្វី​ទាំង​អស់​។​

​បន្ទាប់​ពី​ត្រូវ​​ព្យួរ​តំណែង​ លោក​យូន​ស៊ុក​យូល បាន​ថ្លែង​សុន្ទរ​កថា​ដ៏​រំជួល​ចិត្ត​១​បញ្ជាក់​​​ជំហរ​របស់​លោក​ឡើង​វិញ​។ លោក​ថ្លែង​ថា​​ថ្វី​ដ្បិត​លោក​​ត្រូវ​ផ្អាក​ការ​ងារ​ជា​ប្រធានា​ធិបតី​នៅ​ពេល​នេះ​ ប៉ុន្តែ​ការ​​​រួម​ដំណើរ​ជា​មួយ​ប្រជា​ជន​កូរ៉េ​ខាង​ត្បូង​រយៈ​ពេល​ជាង​២​ឆ្នាំ​កន្លះ​ឆ្ពោះ​ទៅ​អនាគត​​កាល​នោះ​មិន​អាច​បញ្ឈប់ត្រឹម​នេះ​ទេ​​។ លោក​​មិន​បោះ​បង់​ចោល​ការ​តស៊ូ​ជា​ដាច់​ខាត​។​

​លោ​កយូនស៊ុក​យូល​ជា​អ្នក​នយោបាយ​ដែល​ហ៊ាន​តស៊ូ​យ៉ាង​ប្ដូរ​ផ្ដាច់​ និ​ងហ៊ាន​ឈ្មុស​ឈ្មុល​គ្រប់​ឧប​សគ្គ​។ ប៉ុន្តែ​ជីវិត​​នយោ​បា​យ​របស់​លោក​កាន់​តែ​នៅ​ឯកោ​​។ លោក​បាន​ហែល​ឆ្លង​ការ​តស៊ូ​ប្រឈម​នឹង​រឿង​អាស្រូវ​ផ្ទាល់​​ខ្លួន, ​​នៅ​ក្នុង​ក្រុម​គ្រួសារ​​​​ និង​មា​ន​ទំនាស់​ជា​មួយ​មនុស្ស​នៅ​ក្នុង​​គណ​បក្ស​ជា​មួយ​គ្នា​​ថែម​ទៀត​​។​ ប៉ុន្តែ​លោក​មិន​ដែល​បោះ​បង់​ចោល​ការ​តស៊ូ​ម្ដង​ណា​​ឡើយ​។

ក្រុម​អ្នក​គាំទ្រ​ការ​ព្យួរ​តំណែង​លោក​យូន​ស៊ុក​យូល​គ្រាន់​តែ​ឮ​ថា​សភា​បោះ​ឆ្នោត​ព្យួរ​តំណែង​បាន​សម្រេច​ហើយ​ពួក​គេ​មាន​ចិត្ត​ត្រេក​អរ​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​។ ចំណែក​ក្រុម​អ្នក​គាំទ្រ​លោក​បាន​កាត់​រំសាយ​ទៅ​វិញ​យ៉ាង​ឆាប់​រហ័ស​។ លោក​យូន​ស៊ុក​យូល​ធ្លាប់​បង្ក​ការ​ភ្ញាក់​ផ្អើល​មិន​ត្រឹម​តែ​នៅ​​កូរ៉េ​ខាង​ត្បូង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​នៅ​​ទូទាំង​ពិភព​លោក​នៅ​ពេល​លោក​ប្រកាស​ច្បាប់​អាជ្ញា​សឹក​កាល​ពី​យប់​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​។ ក្រោយ​មក​​ លោក​ក៏​ប្រកាស​លុប​ចោល​វិញ​ បន្ទាប់​ពី​រដ្ឋ​សភា​បោះ​ឆ្នោត​ជំទាស់​។

ប៉ុន្តែ​ទង្វើ​ដែល​​បាន​ជ្រុល​ជ្រួស​​ហួស​ទៅ​ហើយ​មិន​អាច​បង្វិល​ពេល​វេលា​ថយ​ក្រោយ​វិញ​បាន​ឡើយ​។ ក្រុម​គណ​​បក្ស​ប្រឆាំង គណ​បក្ស​កាន់​អំណាច និង​មហា​ជន​ទូទៅ​ទាម​ទារ​ឱ្យ​លោក​ចុះ​ចេញ​ពី​តំណែង​។ លោក​យូន​ស៊ុក​យូល​បាន​សូម​អភ័យ​ទោស​ចំពោះ​ទង្វើ​នៅ​រាត្រី​នោះ​។ ប៉ុន្តែ​លោ​កនៅ​តែ​គិត​ថា​លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​ទេ​។ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​ លោក​បាន​បញ្ជាក់​ឡើង​វិញ​ថា​លោ​ក​នឹង​តស៊ូ​រហូត​ដល់​ដំណាក់​កាល​ចុង​ក្រោយ ហើយ​នឹង​មិន​ចុះ​ពី​តំណែង​ជា​ដាច់​ខាត​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ