ខេត្តកំពង់ធំ ៖ លោកជំទាវ ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសន្ទុក បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ទីស្នាក់ការគណបក្សឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ។
លោកជំទាវ ជា សិរី បានថ្លែងអំណរគុណ និងសូមកោតសរសើរចំពោះសមាជិក-សមាជិកា គណបក្សគ្រប់រូបទាំងអស់នៃខេត្តកំពង់ធំ ពិសេស ឃុំបឹងល្វា ដែលបានបំពេញភារកិច្ចចូលរួមចំណែកបម្រើគណបក្ស និងប្រទេសជាតិ និងបន្តស្មារតីសាមគ្គី លះបង់ និងប្រឹងប្រែងជាប្រពៃណី ដែលជាកត្តាគន្លឹះធ្វើឱ្យគណបក្សរបស់យើងទទួលបានជោគជ័យ និងសម្រេចបានសមិទ្ធផលជាបន្តបន្ទាប់ជូនជាតិមាតុភូមិ ក្រោមម្លប់សុខសន្តិភាព ដែលថ្នាក់ដឹកនាំរបស់គណបក្សយើង រកបានមកដោយលំបាក ដោយយកអាយុជីវិតធ្វើជាដើមទុនដើម្បីប្តូរយកសន្តិភាព សេរីភាព និងអាយុជិវីតរបស់ប្រជាជន ។
លោកជំទាវបណ្ឌិត បានលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់បានលើកឡើងថា គ្មានសន្តិភាព គ្មានការអភិវឌ្ឍ ហើយសន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់។ សន្តិភាព គឺជាអ្វីដែលស្រស់ស្អាតបំផុត។ សន្តិភាពផ្តល់នូវក្តីសង្ឃឹម និងស្នាមញញឹមដល់មនុស្សគ្រប់រូប ខណៈស្ថានភាពនៅបណ្តាប្រទេសមួយចំនួន ជាពិសេសនៅតំបន់មជ្ឈិមបូព៌ា សង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងក្រុមប្រទេសនៅអារ៉ាប់ រួមមាន៖ ប្រទេសអ៊ីរ៉ង់ លីបង់ ស៊ីរី ប៉ាឡេស្ទីន យ៉េមែន និងសង្គ្រាមរវាងប្រទេសអ៊ុយក្រែន និងរុស្សី ដែលបង្កឱ្យមានសោកនាដកម្ម បាត់បង់អាយុជីវិតប្រជាជនស្លូតត្រង់រាប់លាននាក់ ផ្លូវថ្នល់ សំណង់អគារ ផ្ទះសំបែងត្រូវបានបំផ្លិចបំផ្លាញគ្មានសេសសល់ ប្រជាជនត្រូវរត់រប៉ាត់រប៉ាយចោលប្រទេសកំណើត, អ្នកវិនិយោគ បាត់បង់ជំនឿទុកចិត្ត ឈប់រកស៊ីយកទុនទៅវិនិយោគនៅប្រទេសដទៃទៀត ធ្វើឱ្យប្រជាជនបាត់បង់ការងារ និងប្រាក់ចំណូល ។
លោកជំទាវ បានមានប្រសាសន៍ទៀតថា រយៈពេលជាង ៤៥ឆ្នាំក្នុងការដឹកនាំរាជរដ្ឋាភិបាល ក្រោយវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត មកនេះ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសជាតិឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ ដោយមិនរត់ចោលប្រជាជន រួមសុខរួមទុក្ខ យកប្រជាជនជាធំ ទើបសម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើន រាប់មិនអស់។ ថ្មីៗនេះ ដោយបានមើលឃើញពីស្នាដៃដ៏ធំធេងមិនអាចប្រកែកបានរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន គណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP សម្រេចប្រគល់ពានរង្វាន់ “សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី” ជូនសម្តេចតេជោ ហ៊ុន សែន នៅអំឡុងមហាសន្និបាតនៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP)។
លោកជំទាវ ជា សិរី បានបញ្ជាក់ទៀតថា ÷គណបក្សប្រជាជនកម្ពុជា មានភាពរឹងមាំមកដល់សព្វថ្ងៃ គឺត្រូវមានកត្តាចូលរួមជាច្រើន ក្នុងនោះមានទាំងកត្តារូបវន្ត និងកត្តាស្មារតី។ កត្តារូបវន្ត បានបង្ហាញយ៉ាងច្បាស់តាមរយៈអគារដែលបាន និងកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ។ ដោយសារឱកាសនេះ យើងទាំងអស់គ្នាបានមកជួបជុំ និងប្រារព្ធពិធីសម្ពោធអគារទីស្នាក់ការបក្សថ្មី ដែលបង្ហាញពីភាពរឹងមាំនៃគណបក្ស ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុង។
ចំពោះកត្តាស្មារតី លោកជំទាវ បានលើកយកដោយសង្ខេប នូវគំនិតអប់រំមាគ៌ាមហាជនដែលផ្តោតលើការបម្រើដល់ប្រជាពលរដ្ឋ មកជម្រាបជូនសមាជិក សមាជិកាយើងទាំងអស់គ្នារួមមាន៖ ត្រូវផ្តោតលើបញ្ហាចំបង, អនុវត្តនូវសំណូមពរទូទៅដោយយកចិត្តទុកដាក់, ចូលរួមក្នុងការរិះគន់ និងស្វ័យរិះគន់ដែលសមស្របតាមស្មារតីកែតម្រូវ និងស្ថាបនា, មន្ត្រីដឹកនាំសំខាន់ៗគួរនាំមុខ, ការបង្កើតយន្តការរយៈពេលវែង, ការខិតខំប្រឹងប្រែងបណ្តុះបណ្តាល, ការជ្រើសរើសមន្ត្រីល្អៗ ដែលបក្សនិងប្រជាជនត្រូវការ ៕ អត្ថបទ៖ សហការ
ចែករំលែកព័តមាននេះ