ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​«ដួន»ជា​របស់​​​​ខ្មែរ របស់វៀតណាម ឬ​ក៏​ប្រទេស​​​ណា?

17 ម៉ោង មុន
  • ភ្នំពេញ

ខ្មែរ​យើង​ធ្លាប់​និយាយ​លេងសើច​ត​ៗ​គ្នា​ថា ពាក្យ ដួន បាន​មក​ពី​ពាក្យ «​ដួន​យូ​ច​»! តើ​រឿង​នេះ​ជា​ការ​ពិត​ដែរ​ឬទេ? ​ដួន កំពុង​ក្លាយជា​ប្រធានបទ​ល្បី​តាម​បណ្តាញ​សង្គម ក្រោយ​មហាជន​មួយ​ចំនួន​ដែល​យល់​ច្រ​លំ​បាន​រិះគន់​ទៅ​លើ​ឈុត​ឆាក​ថត​ខ្សែភាពយន្ត​ចិន ក្រោយ​ពី​ឃើញ​តួអង្គ​ជា​ច្រើន​ពាក់​ដួន​លាយឡំ​ជាមួយ​សម្លៀក​បំពាក់​ចងក្បិន…

ខ្មែរ​យើង​ធ្លាប់​និយាយ​លេងសើច​ត​ៗ​គ្នា​ថា ពាក្យ ដួន បាន​មក​ពី​ពាក្យ «​ដួន​យូ​ច​»! តើ​រឿង​នេះ​ជា​ការ​ពិត​ដែរ​ឬទេ?

​ដួន កំពុង​ក្លាយជា​ប្រធានបទ​ល្បី​តាម​បណ្តាញ​សង្គម ក្រោយ​មហាជន​មួយ​ចំនួន​ដែល​យល់​ច្រ​លំ​បាន​រិះគន់​ទៅ​លើ​ឈុត​ឆាក​ថត​ខ្សែភាពយន្ត​ចិន ក្រោយ​ពី​ឃើញ​តួអង្គ​ជា​ច្រើន​ពាក់​ដួន​លាយឡំ​ជាមួយ​សម្លៀក​បំពាក់​ចងក្បិន នៅ​ក្នុង​ទីតាំង​ទួល​វត្ត​កំពង់​ភ្លុក ស្ថិត​នៅ​ភូមិ​សហគមន៍​ប្រជា​នេសាទ ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

សន្ទុះ​នៃ​ការ​រិះគន់​កើត​ចេញពី​គោល​គំនិត​ខ្មែរ​យើង​មួយ​ចំនួន​តែង​យល់​ថា ដួន គឺជា​មួក​យួន ដែល​ខ្មែរ​យើង​ហៅ​សំដៅ​ជនជាតិ​វៀតណាម​ដែល​ជា​អ្នក​ជិតខាង​។ ការ​យល់​ឃើញ​បែប​នេះ​ត្រូវ​បាន​ចាក់ស្រេះ​ជា​យូ​ឆ្នាំ​មក​ហើយ​ក្នុង​សង្គម​ខ្មែរ ព្រោះតែ​ពាក្យ​ច​ចាម​អារាម​ដែល​និយាយ​ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ដែល​ថា «​ហេតុ​អ្វី​ហៅ​ដួន មិន​ហៅ មួក? មក​ពី​ប្រើ​ទៅ​ដូច​យួន ទើប​ហៅ ដួន​យូ​ច បើ​គ្រលាស់​ពាក្យ​ទៅ​គឺ ដូច​យួន លុប​ពាក្យ​យូ​ច ចេញ​នៅ​សល់​តែ​ពាក្យ ដួន​»។

មុន​នឹង 60 Buzz ជម្រាប​លម្អិត​អំពី ដួន លោក​អ្នក​អាច​សាកល្បង​ឆ្លើយ​សិន​បាន​ទេ តើ​ពាក្យ​ច​ចាម​អារាម​ខាងលើ ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ? ពាក្យ ដួន នៅ​ក្នុង​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ថា គឺជា​ប្រដាប់​ធ្វើ​ដោយ​ស្លឹក​ត្នោត​, ដោយ​ភ្ជល់ ឬ​ត្បាញ​ដោយ​បន្ទោះឫស្សី​, បន្ទោះ​ផ្ដៅ​ជាដើម មាន​បែប​សណ្ឋាន​ផ្សេង​ៗ​គ្នា​, បែប​ខ្លះ​មាន​រាង​ស្រ​ដៀង​នឹង​គ្រប​ឆ្នាំងដី​, បែប​ខ្លះ​រាង​កំពាង​ខាងក្រោម មាន​កំពូល​ស្រួច​, បែប​ខ្លះ​រាង​ក្រឡូម​ខុប​ត្រង់​កណ្ដាប់​មាន​កំពូល​មូល​ក្រឡូម​, សម្រាប់​ពាក់​គ្រប​ក្បាល​ការពារ​កុំ​ឲ្យ​កម្ដៅថ្ងៃ​ចាំង​ត្រូវ​ក្បាល​ត្រូវ​មុខ ឬ​ការពារ​កុំ​ឲ្យ​ទឹកភ្លៀង​ធ្លាក់​មក​ត្រូវ​ក្បាល​ត្រូវ​មុខ​។

បន្ថែម​លើ​នេះ បើ​តាម​ការ​ពន្យល់​ពី​លោក​បណ្ឌិត អាំង ជូ​លាន អ្នកជំនាញ​នរ​វិទូ​ខ្មែរ បាន​អះអាង​ថា ធម្មតា​ពាក្យ​ថា “​ដួន​” តែង​សំដៅ​ទៅ​លើ​វត្ថុ​គ្រប​ក្បាល​មួយ​ប្រភេទ​ដែល​ធ្វើ​ពី​ស្លឹក​រុក្ខជាតិ ហើយ​ដែល​គែម​ខាងក្រោម​ច្រើន​តែ​កន្ធែក​ឆ្ងាយ​មក​ក្រោម​បាំង​មុខ ចៀសវាង​កុំ​ឲ្យ​ត្រូវ​ថ្ងៃ​បាន​។ ដួន​ខុស​ពី​មួក​នៅ​ត្រង់​ថា គែម​មួក​អែប​ជុំវិញ​ក្បាល ហើយ​កៀប​ក្បាល​តិច​ៗ​ផង​ដើម្បី​កុំ​ឲ្យ​ធ្លាក់ រីឯ​ដួន​វិញ​រាង​ទូទៅ​នោះ​ជា​ទម្រង់​សាជី យក​មក​ពាក់​ជាប់​លើ​ក្បាល​បាន​ដោយ​មាន​ខ្សែ​ចង​។

ទាំង​ប្រភព​ពី​ច​នា​នុ​ក្រម​ផ្លូវការ ក៏​ដូច​ជា​ការ​អះអាង​ពី​អ្នកជំនាញ គឺ ដួន​ខ្មែរ មិន​មាន​ជាប់​ពាក់ព័ន្ធ​អ្វី​នឹង​យួន ឬ​វៀតណាម ដូច​ពាក្យ​ច​ចាម​អារាម​នោះ​ទេ ចុះ​ហេតុ​ដូច​ម្តេច បានជា​បរិបទ​សង្គម​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​បាន​កំណត់​ឲ្យ​ថា បើ​អ្នក​ណា​ពាក់​ដួន ដែល​មាន​រាង​ជា​ស៊ីឡាំង​ស្តួច​ផ្នែក​ខាង​ចុង​នោះ​ថា ជា​របស់​យួន​ទៅ​វិញ?

គំនិត​បែប​នេះ បើ​ភាសា​អង់គ្លេស​គេ​ហៅ​ថា «Stereotype» ដែល​មាន​ន័យ​ថា ជា​គំនិត​ដែល​គិត​កាត់​យល់​ទៅ​លើ​អ្វីមួយ​ដោយ​ខុស​។ តាម​រយៈ​គេហទំព័រ Heritage KH បាន​ពន្យល់​ដោយ​លើក​ឡើង​នូវ​ឧទាហរណ៍​លម្អិត​ថា ជាតិ​សាសន៍​លើ​លោក​នេះ ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា សហគមន៍​ណា​ក៏​ដូច​សហគមន៍​ណា​ដែរ តែងតែ​ព្យាយាម​រក ឬ​ចាប់​យក​អ្វី​ជា​បរិស្ថាន​ជុំវិញ​ខ្លួន​មក​ជា​របស់​ខ្លួន យូរ​ៗ​ទៅ​ក៏​បង្កើត​ជា​អត្តសញ្ញាណ​ជាប់លាប់​ឥត​របេះ​ទៀត​ផង​។

រឿង ដួន ក៏​ដូច​គ្នា មិនមែន​ប្រើ​តែ​ខ្មែរ ឬ​វៀតណាម​ទេ នៅ​ប្រទេស​ឡាវ ឥណ្ឌូ​ណេ​ស៊ី ថៃ មី​យ៉ា​ន់​ម៉ា ចិន ជប៉ុន ជាដើម ក៏​មាន​មួក​ដែល​មាន​សណ្ឋាន​ដូច​គ្នា​ដែរ​។ ដូច្នេះ តើ​វា​ជា​កម្ម​សិទ្ធ​របស់​អ្នក​ណា? មួក​ដែល​មាន​រាង​បែប​នេះ ពុំ​មែន​ជា​កម្ម​សិទ្ធ​របស់​ប្រទេស​ទាំងឡាយ​នេះ​ឡើយ​។ តែ​យើង​គួរ​និយាយ​ថា វា​ជា «​អត្តសញ្ញាណ​របស់​អ្នកស្រុក​អាស៊ី​អាគ្នេយ៍ ឬ​ក៏​វប្បធម៌​អាស៊ី​អាគ្នេយ៍​»​។

វត្ថុធាតុដើម​ដែល​គេ​ប្រើ​សម្រាប់​ធ្វើ​ឌួ​ន​អាច​ធ្វើ​ដោយ​រុក្ខជាតិ​ផ្សេង​ៗ​ខុស​គ្នា​ពី​តំបន់​មួយ​ទៅ​មួយ ត្បិត​អាស្រ័យ​លើ​បរិស្ថាន​ជុំវិញ​។ រូបរាង​វិញ​ក៏​មាន​លក្ខណៈ​ខុស​គ្នា​បន្តិចបន្តួច​ដែរ ប៉ុន្តែ​មិនមែន​ខុស​គ្នា​ដល់​ថ្នាក់​មើល​មិនដឹង​ទេ​។ នេះ​ក៏​ដោយសារ​តែ​វប្បធម៌​តែងតែ​វិ​វ​ត្តិ​ន៍​ឥត​ឈប់ និង​ទទួល​ឥទ្ធិពល​ពី​គ្នា​ទៅ​វិញ​ទៅ​មក​។ អ្នក​ស្រាវជ្រាវ​ខ្លះ​លើក​ជា​សំនួ​រថា បើ​ខ្មែរ​មិន​ស្គាល់​ឥណ្ឌា តើ​ខ្មែរ​មាន​អង្គរវត្ត​ទេ?ត្រឡប់​មក​វិញ មួក​ទាំងនោះ​នៅ​មាន​មូលដ្ឋាន​រាង​ដូច​គ្នា គឺ​ខាងក្រោម​ធំ ស្រួច​ផ្នែក​កំពូល​។

នៅ​ពេល​ដែល​វប្បធម៌​នៃ​ជាតិ​សាសន៍​ណាមួយ​ខ្លាំង ជាតិ​សាសន៍​ផ្សេង​ៗ​ដែល​នៅ​ក្បែរ​ខាង​ប្រាកដជា​ទទួល​ឥទ្ធិពល​តិច ឬ​ច្រើន​។ វា​មិន​ខុស​អ្វី​ពី​ទឹក​ដែល​តែងតែ​ហូរ​ពី​ខ្ពស់​មក​ទាប​។ ជាតិ​សាសន៍​មួយ​ចំនួន​ធំ ប្រើ​ដួន​នេះ សម្រាប់​បាំង​ថ្ងៃ ឬ​បាំង​ភ្លៀង​។ តែ​ដោយឡែក នៅ​វៀតណាម គេ​ប្រើ​វា​ក្នុង​ន័យ​ច្រើន​យ៉ាង ឬ​ក៏​អាច​និយាយ​ថា សាសន៍​នេះ​ព្យាយាម​ចាប់​យក​វា​មក​ធ្វើ​ជា​អត្ត​សញ្ញាណ​នៃ​វប្បធម៌​របស់​ខ្លួន​គេ​តែ​ម្តង​។ មិន​ខុស​អ្វី​ពី​យើង​យក​មួក​ស្លឹក​ត្នោត​ទេ​។ វៀតណាម ព្យាយាម​បង្ហាញ​ប្រាប់​ពិភពលោក​ថា មួក​ប្រភេទ​នេះ​ជា​អត្តសញ្ញាណ​មួយ​នៃ​ប្រជាជាតិ​របស់​គេ​។ បើ​យើង​មើល​ក្នុង​កម្មវិធី​ទេសចរណ៍ ឬ​ក៏​សកម្មភាព​ប្រចាំ​ថ្ងៃ​តាម​វាលស្រែ​ចម្ការ​នៅ​ប្រទេស​វៀតណាម គេ​នឹង​ផ្តិត​យក​មនុស្ស​ពាក់​ដួន​មិន​ដែល​ខាន​ទេ​។ នេះ​ក៏​មក​ពី​គេ​យល់​ថា វា​ជា​អត្តសញ្ញាណ​មួយ​របស់​អ្នកស្រុក​ទាំងនោះ​។

បើ​ប្រៀបធៀប​នឹង​ខ្មែរ កាលណា​និយាយ​អំពី​ទេសភាព​ស្រុក​ខ្មែរ ជាងគំនូរ​នឹង​គូរ​ទេសភាព​ស្រុកស្រែ​ដ៏​ស្រស់​ត្រកាល​នា​ខែ​ប្រមូល​ផល ឬ​ខ្មែរ​វស្សា​ទឹក​ពេញ​ស្រែ​។ ក្នុង​នោះ​សោត យើង​តែង​ឃើញ​មាន​មនុស្ស​ពាក់មួក​ស្លឹក​ត្នោត គោ ក្របី ដើម​ត្នោត ឬ​ភ្នំ​បៃតងខ្ចី​។ គំនិត​នេះ​ស្ថិត​ក្នុង​ខួរក្បាល​របស់​ខ្មែរ​ម្នាក់​ៗ​។ យូរ​ៗ​ទៅ វា​ក៏​ក្លាយជា​អត្តសញ្ញាណ​របស់​ខ្មែរ​ដែរ​។

ប៉ុន្តែ​វា​ជា​រឿង​ដ៏​សោកស្តាយ​មួយ នៅ​ពេល​ដែល​យើង​ជា​ម្ចាស់​របស់ ដួន ដែរ​សោះ​នោះ តែ​យើង​យល់ព្រម​ឲ្យ​វា​ទៅ​គេ​ដោយ​ស្រួល​ៗ​។ យើង​លែង​ទទួលស្គាល់​វា ហើយ​ក៏​ប្រគល់​វា​ឲ្យ​ទៅ​គេ​។ អ្នកស្រុក​អង្គរ​ចេះ​ដេរ​ដួន​បន្ត​ពី​ឪពុក​ម្តាយ​ជីដូន​ជីតា​តាម​ពី​បរម​បុរាណ​មក​នោះ ត្រូវ​គេ​បំភ្លេច​ចោល​ទៅ​វិញ​។

ឧបមា​ថា​ថ្ងៃក្រោយ​ទៅ យើង​នាំ​គ្នា​ប្រើ​ដួន​ច្រើន​ឡើង​វិញ​។ ពេល​នោះ វា​ក៏​អាច​នឹង​ក្លាយជា​អត្តសញ្ញាណ​របស់​យើង​វិញ​ផង​ក៏​ថា​បាន​។ វា​ស៊ីសង​នៅ​លើ​ការ​និយម​ប្រើប្រាស់​ប៉ុណ្ណោះ​។ ម្យ៉ាងវិញទៀត យើង​ក៏​មិន​គួរ​ភ្លេច​ដែរ​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​២០១៥ កម្ពុជា វៀតណាម ហ្វី​លី​ពី​ន និង​កូរ៉េ​ខាងត្បូង បាន​រួម​គ្នា​បញ្ចូល​ល្បែង​ទាញព្រ័ត្រ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​របស់​យូ​ណេ​ស្កូ ជា​ពិសេស​ថ្មី​ៗ​នេះ ថៃ សិង្ហ​បុរី ម៉ា​ឡេ​ស៊ី ឥណ្ឌូ​ណេ​ស៊ី និង​ប្រ៊ុ​យ​ណេ បាន​រួម​គ្នា ប​ញ្ជូ​ល​សំលៀក​បំពាក់​ប្រពៃណី ខេ​បា​យ៉ា ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​។

ដូច្នេះ ទៅ​ថ្ងៃ​អនាគត ទាំង​កម្ពុជា ភូមា ថៃ វៀតណាម និង​ឥណ្ឌូ​ណេ​ស៊ី ឬ​ប្រទេស​ដែល​ប្រើ​ដួន​ទាំងអស់ ក៏​អាច​រួម​គ្នា​ស្នើ​ចុះបញ្ជី «​ដួន​» ជាម​រក​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ក៏​អាច​ថា​បាន​។ ហើយ​បើ​បែប​នោះ​មែន វា​មិន​ត្រឹមតែ​ជួយ​ផ្សះផ្សា​ផ្នែក​វប្បធម៌ ឬ​ប្រវត្តិ​សាស្ត្រ​ទេ ប៉ុន្តែ​វា​ក៏​រួមចំណែក​ផ្សះផ្សា​ផ្នែក​នយោបាយ នៃ​សហគមន៍​អាស៊ាន​ទៀត​ផង​។​វប្បធម៌​មួយ​រីក​ចម្រើន​ខ្លាំង​បាន ទាល់តែ​អាស្រ័យ​លើ​វប្បធម៌​ប្រទេស​ជិតខាង​គួប​ផ្សំ​ដែរ​។ តែបើ​និយាយ​ពី​ឥទ្ធិពល​នៃ​វប្បធម៌ វា​អាស្រ័យ​លើ​ថា វប្បធម៌​របស់​សាសន៍​ណា​ខ្លាំង​ជាង​៕​

SONY DSC
SONY DSC

កែសម្រួលដោយ