រាជធានីភ្នំពេញ៖ ដើម្បីធ្វើយ៉ាងណាសម្រួលបរិយាកាសការងារឲ្យកាន់តែល្អប្រសើរបន្ថែមទៀតសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានឲ្យដឹងថាពេកនេះរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងកែសម្រួលលិខិតបទដ្ឋានគតិយុត្តិមួយចំនួន ពាក់ព័ន្ធកិច្ចការរបស់ក្រសួង និងស្ថាប័នរដ្ឋ។
ថ្លែងក្នុងឱកាសអញ្ជើញបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» ដែលធ្វើឡើងក្រោមមូលបទ៖
«យុគសម័យថ្មីនៃពាណិជ្ជកម្ម» ។ នាព្រឹកថ្ងៃទី១៣ ធ្នូ ឆ្នាំ ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបអំពីការពិនិត្យឡើងវិញនូវរាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ពាក់ព័ន្ធវិស័យពាណិជ្ជកម្មផងដែរ សំដៅលើកកម្ពស់បរិយាកាសអំណោយផល ការធ្វើពាណិជ្ជកម្ម និងវិនិយោគ។
សម្ដេចបវរធិបតី បានគូសបញ្ជាក់នៅចំពោះថ្នាក់ដឹកនាំក្រសួងស្ថាប័នមួយចំនួនយ៉ាងដូច្នេះថា «ការពិនិត្យឡើងវិញនូវរាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មសំដៅលើកកម្ពស់បរិយាកាសអំណោយផល ការធ្វើពាណិជ្ជកម្ម និងវិនិយោគ កិច្ចការងារនេះ ខ្ញុំតែងតែណែនាំ ពេលយើងចូលទៅដោះស្រាយរឿងតូចៗ វិធីសាស្ត្រគឺយើងកុំចងជើងខ្លួនឯង»។
ក្នុងន័យនេះ សម្ដេចបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា ណែនាំក្រសួងពាណិជ្ជកម្មពិនិត្យឡើងវិញ រាល់លិខិតបទដ្ឋានគតិយុត្តិដែលបានធ្វើហើយ ត្រូវបន្តធ្វើ ដែលនេះគឺជាការកំណែទម្រង់ ដើម្បីធ្វើឲ្យកាន់តែមានប្រសិទ្ធភាព។
សម្ដេចគូសបញ្ជាក់បន្ថែមថា លិខិតបទដ្ឋានគតិយុត្តិ គឺដើម្បីជួយលើកកម្ពស់សកម្មភាព និងលទ្ធផល លទ្ធភាព ផលិតផល ដូច្នេះត្រូវបន្ដកែសម្រួលចំណុចខ្វះខាត ឬប្រឈម។
លើសពីនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកក្រសួងពាណិជ្ជកម្ម បន្តធ្វើកិច្ចសហ
ប្រតិបត្តិការជាមួយក្រុមហ៊ុនផ្នែកលក់អន្តរជាតិ ដើម្បីពង្រីកទីផ្សារសម្រាប់ផលិតផលរបស់ខ្មែរ។ សម្ដេចក៏ណែនាំបន្តអនុវត្តអភិក្រម «ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី» ដើម្បីធានាឲ្យផលិតផល កម្ពុជាមានទីផ្សារសមស្របទាំងក្នុងស្រុក និងអន្តរជាតិ ដោយបន្តធ្វើសមាហរណកម្មស៊ីជម្រៅ ទៅក្នុងសេដ្ឋកិច្ចតំបន់ និងសកល និងបន្តស្វែងរកទីផ្សារថ្មីៗ ដែលផ្តល់ភាពអនុគ្រោះពន្ធតាមរយៈ ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីតំបន់ និងពហុភាគី។
ក្នុងឱកាសនោះដែរ សម្ដេចបវរធិបតីបានជំរុញការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត លើឧស្សាហកម្មប្រតិគមន៍ ដែលនឹងជួយទ្រទ្រង់ឧស្សាហកម្មសក្តានុពលនាពេលបច្ចុប្បន្ន ឲ្យមានភាពធន់, ជាពិសេស នៅពេលកម្ពុជាត្រៀមខ្លួន ក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ដោយរលូន និងប្រកបដោយចលនការ៕
ចែករំលែកព័តមាននេះ