ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចមហាបវរធិបតី ៖ ១១ខែឆ្នាំ២០២៤ទំហំពាណិជ្ជកម្មរបស់កម្ពុជា មាន៥០.៤៦ប៊ីលានដុល្លារអាមេរិកកើនជិត១៦%

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​បើក​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ ៖ ថ្លែង​បើក​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០២៤ ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​មាន​៥០.៤៦​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក កើន​ជិត​១៦​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២៣​ក្នុង​រយៈពេល​ដូច​គ្នា ។

សម្តេច​មហា​បវរ​ធិ​បតី បាន​លើក​ឡើង​ក្នុង​ពិធី «​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា​» ដែល​ជា​ពិព័រណ៍​ពាណិជ្ជកម្ម​កម្រិត​អន្តរជាតិ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​មូលបទ ៖ «​យុគសម័យ​ថ្មី​នៃ ពាណិជ្ជកម្ម​» នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៤ យ៉ាង​ដូច្នេះ​ថា «​ក្រសួងពាណិជ្ជកម្ម ត្រូវ​ធ្វើការ​ឲ្យ​កាន់តែ​សកម្ម​បន្ថែម​ទៀត ដើម្បី​នាំ​ចេញ​នូវ​ផលិតផល​សក្ដានុពល​របស់​យើង​ទៅ​កាន់​ទីផ្សារ​ថ្មី​ៗ​ឲ្យ​កាន់តែ​ច្រើន​ថែម​ទៀត​» ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​កត់​សម្គាល់ថា ត្រឹម​រយៈពេល​១១​ខែ ឆ្នាំ​២០២៤ ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​មាន ៥០.៤៦​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​កើនឡើង​ប្រមាណ​១៥.៩៥​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា នៅ​ក្នុង​ឆ្នាំ​២០២៣ ។

ក្នុង​នាម​រាជរដ្ឋាភិបាល​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ពិតជា​មោទនភាព និង​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួងពាណិជ្ជកម្ម ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​វិស័យ​ឯកជន​ដែល​ជា​និច្ចកាល មាន​កិច្ច​សហប្រតិបត្ដិការ​ល្អ ក្នុង​ការ​ទាក់ទាញ​វិនិយោគិន និង​ការ​ជំរុញ​កំណើន​ពាណិជ្ជកម្ម​តាម​រយៈ​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​ក្នុង​តំបន់ និង​សកលលោក ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ឲ្យ​បន្ត​អនុវត្ត​អភិក្រម «​ពង្រឹង​ទីផ្សារ​ចាស់ ពង្រីក​ទីផ្សារ​ថ្មី​» ដើម្បី​ធានា​ឱ្យ​ផលិតផល​កម្ពុជា​មាន​ទីផ្សារ​សម​ស្រប​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​ដោយ​បន្ត​ធ្វើ​សមាហរណកម្ម​ស៊ីជម្រៅ​ទៅ​ក្នុង​សេដ្ឋកិច្ច​តំបន់ និង​សកល ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ជំរុញ​ឲ្យ​បន្ត​ស្វែងរក​ទីផ្សារ​ថ្មី​ៗ​ដែល​ផ្តល់​ភាព​អនុ គ្រោះ​ពន្ធ តាម​រយៈ​ការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​តំបន់ និង​ពហុភាគី​ផង​ដែរ ។ សម្តេច​មហា​បវរ​ធិ​បតី​បាន​ថ្លែង​ថា ការ​រក្សា​ទីផ្សារ​ចាស់​ជា​កិច្ចការ​ដែល​ត្រូវ​យកចិត្ត ទុកដាក់​រក្សា​ឱ្យ​បាន ។ ការ​រក្សា​ឱ្យ​បាន​ទីផ្សារ​ចាស់ ម៉ូយ​ចាស់ គឺ​ងាយ​នឹង​ពង្រីក​ទីផ្សារ​ថ្មី ម៉ូយ​ថ្មី ។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ជំរុញ​ការ​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បន្ថែម​ទៀត​លើ​ឧស្សាហកម្ម​ប្រ​តិ​គម​ន៍ ដែល​នឹង​ជួយ​ទ្រទ្រង់​ឧស្សាហកម្ម​សក្តានុពល​នា​ពេល​បច្ចុប្បន្ន ឱ្យ​មាន​ភាព​ធន់ ជា​ពិសេស​នៅ​ពេល​កម្ពុជា​ត្រៀមខ្លួន​ក្នុង​ការ​ចាក​ចេញពី​ក្រុម​ប្រ ទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ ដោយ​រលូន និង​ប្រកបដោយ​ច​លន​ការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ