ទីក្រុងម៉ូស្គូ៖ ថ្មីៗនេះ សារព័ត៌មានចុះផ្សាយថាលោកពូទីនក្រៅពីល្បីល្បាញនៅក្នុងអាជីពនយោបាយ លោកក៏មានរឿងអាស្រូវនៅក្នុងជីវិតឯកជនផងដែរពាក់ព័ន្ធនឹងស្នេហាលួចលាក់។ សារព័ត៌មានលោកខាងលិចផ្សាយថាលោកពូទីនមានកូនឥតខាន់ស្លាម្នាក់ (ក្រៅចំណងអាពាហ៍ពិពាហ៍) កំពុងរស់នៅទីក្រុងប៉ារីស ប្រទេសបារាំង។ កូនស្រីរូបនេះមិនហ៊ានដាក់ត្រកូលលោកពូទីនទេ ប៉ុន្តែប្រើឈ្មោះក្លែង និងចាប់អាជីពជាឌីជេរ (DJ)។ នេះបើតាមការអះអាងរបស់សារព័ត៌មានអ៊ុយក្រែន។
នារីវ័យ២១ឆ្នាំដែលប្រើឈ្មោះក្លែងល្វីហ្សា រ៉ូហ្សាវ៉ា (Luiza Rozova) ឬអេលីហ្សាវេតា អូឡិចហ្គោវ៉ាណា រូតដូវណា (Elizaveta Olegovna Rudnova) ត្រូវបានទូរទស្សន៍អ៊ុយក្រែនតាមប្រមាញ់ និងដឹងថានារីរូបនេះជាចំណងដៃនៃស្នេហាលួចលាក់រយៈពេលខ្លីរវាងលោកពូទីន និងស្ត្រីឈ្មោះស្វេតឡាណា គ្រីវ៉ូណូហ្គីក (Svetlana Krivonogikh) ជាអតីតបុគ្គលិកផ្នែកអនាម័យ ដែលក្លាយជាស្ត្រីអ្នកមានបំផុតម្នាក់នៅរុស្ស៊ី។ អ្នកស្រីគ្រីវ៉ូណូហ្គីកត្រូវសារព័ត៌មានពិពណ៌នាថាជាមិត្តរបស់លោកពូទីន។
ក្រុមអ្នកសារព័ត៌មានរកឃើញសំបុត្រកំណើតរបស់រ៉ូហ្សូវ៉ាដែលជាកូនស្រីលួចលាក់របស់លោកពូទីន និងដឹងឈ្មោះពិត និងកាលបរិច្ឆេទកំណើតថ្ងៃទី៣ ខែមីនា ឆ្នាំ២០០៣។ នៅក្នុងសំបុត្រកំណើតនោះមិនដាក់ឈ្មោះឪពុកទេ។ ប៉ុន្តែត្រកូលខាងឪពុកទំនងជាឈ្មោះវ៉្លាឌីមៀរ៉ូវណា (Vladimirovna)។ បើតាមការបម្លែងឈ្មោះនៅក្នុងភាសារុស្ស៊ី កូនស្រីលោកពូទីនគួរណាស់មានត្រកូលបែបនេះ។
អ្នកសារព័ត៌មានដែលស្រាវជ្រាវប្រវត្តិកូនស្រីលោកពូទីនប្រាប់ថាទោះបីកូនស្រីម្នាក់នេះដាក់ឈ្មោះក្លែងក៏ដោយ ក៏នៅតែមិនទៅណាឆ្ងាយពីលោកពូទីននោះទេ។ លោកអូឡិច រូតណូវ (Oleg Rudnov) ដែលស្លាប់កាលពីឆ្នាំ២០១៥នោះធ្លាប់ជាមិត្តភក្ដិជិតស្និទ្ធរបស់លោកពូទីន។ សារព័ត៌មានចុះផ្សាយថាមូលហេតុដែលកូនលួចលាក់របស់លោកពូទីនបែរជាដាក់ត្រកូលរបស់លោកអូឡិចព្រោះចង់លាក់អត្តសញ្ញាណពិតរបស់កូនស្រីរូបនេះដើម្បីកុំឱ្យអ្នកដទៃចាប់ថ្នាក់បានថាជាកូនលោកពូទីន។
ឈ្មោះល្វីហ្សា រ៉ូហ្សូវ៉ា ក៏ជាឈ្មោះដែលទាញចេញពីឈ្មោះរបស់លោកអូឡិចផងដែរ។ អ្នកសារព័ត៌មានខាងលើនេះក៏បានចុះផ្សាយរូបថត និងវីឌីអូឃ្លីបរបស់កូនលោកពូទីនឈ្មោះរ៉ូហ្សាវ៉ាផងដែរ។ ប៉ុន្តែរូបទាំងនោះត្រូវនាងលុបចោលពីបណ្ដាញសង្គមបាត់ទៅហើយ។ រូបនោះបង្ហាញកូនស្រីលោកពូទីនរាំនៅពីមុខកាមេរ៉ា។ នារីរូបនេះបានលុបគណនីបណ្ដាញសង្គមរបស់ខ្លួនចោលកាលពីឆ្នាំ២០២២។ ពោលគឺលុបចោលមុនពេលផ្ទុះសង្គ្រាមអ៊ុយក្រែនតែបន្តិចប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ