រាជធានីភ្នំពេញ ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញលិខិតព្រមានលោក ផាត់ ហ៊ន ចាងហ្វាងគេហទំព័រ www.khplus-cambodia.com ដែលបានផ្សាយគ្មានមូលដ្ឋានច្បាស់លាស់ ប្រើពាក្យសម្តីមិនសមរម្យ ចំពោះស្ថាប័នតុលាការខេត្តកំពង់ចាម និងអនុវត្តតួនាទីលើសពីអ្នកសារព័ត៌មាន ដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ នាំឱ្យសាធារណមតិ មានការយល់ច្រឡំ ។
ក្នុងលិខិតព្រមានរបស់ក្រសួងព័ត៌មាន បានអោយដឹងថា បន្ទាប់ពីក្រុមការងារជំនាញ នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានដំណើរការកិច្ចប្រជុំពិភាក្សា និងពិនិត្យ ឃើញថា ការផ្សាយរបស់លោក ផាត់ ហ៊ន ចាងហ្វាងគេហទំព័រ www.khplus-cambodia.com គ្មានមូលដ្ឋានច្បាស់លាស់ ប្រើពាក្យសម្តីមិនសមរម្យ ចំពោះស្ថាប័នតុលាការខេត្តកំពង់ចាម និងអនុវត្តតួនាទីលើសពីអ្នកសារព័ត៌មាន ដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ នាំឱ្យសាធារណមតិមានការយល់ច្រឡំ ។
ក្រសួងសូមព្រមាន ឱ្យអង្គភាពរបស់លោកចាងហ្វាង ផាត់ ហ៊ន អនុវត្តដូចខាងក្រោម ៖
១-គោរពឱ្យបានខ្ជាប់ខ្ជួន នូវច្បាប់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កិច្ចសន្យា ដែលតម្កល់នៅក្រសួងព័ត៌មាន និងបញ្ឈប់ នូវរាល់ការផ្សព្វផ្សាយព័ត៌មាន ដោយមិនមានមូលដ្ឋានច្បាស់លាស់ មិនមានតុល្យភាព នាំឱ្យសាធារណមតិមានការយល់ច្រឡំ ។
២-ដកចេញនូវរាល់ព័ត៌មាន អត្ថបទ រូបភាព និងវីដេអូទាំងអស់ ដែលបានផ្សាយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងស្ថាប័នតុលាការខេត្តកំពង់ចាម ។
៣-អប់រំ ណែនាំ និងពង្រឹងសមត្ថភាពអ្នកយកព័ត៌មានក្នុងអង្គភាព ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងអាកប្បកិរិយាថ្លៃថ្នូរ ។
ទទួលបានលិខិតព្រមាននេះ លោកចាងហ្វាង ត្រូវអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្រសួងនឹងពិនិត្យតាមដានការអនុវត្តការព្រមាននេះ រយៈពេល១៥ (ដប់ប្រាំ) ថ្ងៃ ចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ ក្នុងករណី មិនអនុវត្តតាមការព្រមាននេះ ក្រសួងនឹងលុបប្រកាសអនុញ្ញាតធ្វើអាជីកម្ម និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ៕
ចែករំលែកព័តមាននេះ