ទីក្រុងបេរូត៖ នៅទីបំផុត បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលទម្រាំអាចចរចាត្រូវរ៉ូវគ្នាពិបាកនោះសែនពិបាក ហើយទើបតែចូលជាធរមានបានប៉ុន្មានសិបម៉ោងប៉ុណ្ណោះ ឥឡូវនេះឮសូរថាលែងត្រូវគ្នាទៀតហើយ។ គេឮសំឡេងផ្ទុះអាវុធជាថ្មីម្ដងទៀតកាលពីយប់ថ្ងៃព្រហស្បតិ៍ ជាការវាយប្រហាររបស់អ៊ីស្រាអែលទៅលើមូលដ្ឋានរបស់ហេសបូឡា។
អ៊ីស្រាអែល និងហេសបូឡាបានចោទប្រកាន់គ្នាទៅវិញទៅមកថាភាគីម្ខាងទៀតជាអ្នករំលោភទៅលើបទឈប់បាញ់។ យោធាអ៊ីស្រាអែលថ្លែងថាខ្លួនបានវាយប្រហារតាមអាកាសដោយបាញ់គ្រាប់រ៉ុកកែតរយៈមធ្យមទៅលើមូលដ្ឋានរបស់ហេសបូឡានៅប្រទេសលីបង់ភាគខាងត្បូង។ អ៊ីស្រាអែលក៏បានវាយប្រហារទៅលើក្បួនរថយន្តរបស់យុទ្ធជនហេសបូឡាដែលអ៊ីស្រាអែលកំណត់ថាជាគោលដៅគួរឱ្យសង្ស័យធ្វើដំណើរទៅភាគខាងត្បូង។
អ៊ីស្រាអែលចាត់ទុកថានោះជាការរំលោភបទឈប់បាញ់។ ជាកិច្ចឆ្លើយតប អ្នកតំណាងរាស្ត្ររបស់ក្រុមហេសបូឡា លោកហាសាន ហ្វាឡាល់ឡា (Hassan Fadlallah) ចោទប្រកាន់បកទៅវិញថាគឺអ៊ីស្រាអែលទេដែលជាអ្នករំលោភបទឈប់បាញ់។
លោកថ្លែងថាអ្នកដែលរងការវាយប្រហារពីអ៊ីស្រាអែលនោះសុទ្ធសឹងជាជនស៊ីវិលដែលធ្វើដំណើរវិលត្រ ឡប់ពីកន្លែងផ្លាស់ប្ដូរទីលំនៅចូលទៅក្នុងស្រុកភូមិរបស់ពួកគេវិញនៅតំបន់ព្រំដែន។ ដូច្នេះ លោកហ៊ានធានាអះអាងថាអ៊ីស្រាអែលជាអ្នករំលោភបទឈប់បាញ់១០០%។ ដោយឡែក កងទ័ពជាតិរបស់រដ្ឋាភិបាលលីបង់ (ផ្សេងពីក្រុមហេសបូឡា) ក៏ចោទប្រកាន់ថាអ៊ីស្រាអែលបានរំលោភបទឈប់បាញ់ពិតមែន។ រំលោភនេះគឺរំលោភជាច្រើនដងតាំងពីថ្ងៃពុធរហូតដល់ថ្ងៃព្រហស្បតិ៍។
ការចោទប្រកាន់គ្នាទៅវិញទៅមកដើម្បីនិយាយយកត្រូវរៀងខ្លួននេះជាការបង្ហាញថាបទឈប់បាញ់នេះពោរពេញដោយភាពផុយស្រួយជាទីបំផុត។ ស្រួលមិនស្រួល ភាគីទាំង២អាចនឹងផ្ទុះសង្គ្រាមទ្រង់ទ្រាយធំសាជាថ្មីបើពួកគេមិនចេះថ្នាក់ថ្នមសភាពការណ៍។ ការវាយប្រហាររបស់អ៊ីស្រាអែលកាលពីយប់ថ្ងៃព្រហស្បតិ៍ជាការផ្ទុះអាវុធលើកដំបូងចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីព្រឹកថ្ងៃពុធ៕
ចែករំលែកព័តមាននេះ