ព្រះភិរុណគ្មានប្រណីនាំឱ្យភាគខាងត្បូងថៃត្រូវដាក់ជាតំបន់គ្រោះមហន្តរាយ
ថៃ ៖ សារព័ត៌មានថៃ PBS និង The Nation បានរាយការណ៍នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ថា…
ថៃ ៖ សារព័ត៌មានថៃ PBS និង The Nation បានរាយការណ៍នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ថា…
ថៃ ៖ សារព័ត៌មានថៃ PBS និង The Nation បានរាយការណ៍នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ខេត្តខាងត្បូងចំនួន៣ រួមមាន ខេត្តយ៉ាឡា ខេត្តប៉ាតានី និងខេត្តណារ៉ាធីវ៉ាត់ ត្រូវបានប្រកាសជាតំបន់គ្រោះមហន្តរាយ ក្រោយពីទឹកជំនន់កាន់តែហក់ឡើងខ្ពស់ និងហូរបុកខ្លាំងបណ្តាលឱ្យភូមិស្រុកជាច្រើន ត្រូវបានហ៊ុមព័ទ្ធដោយទឹក ហើយតំបន់ខ្លះត្រូវបានជន់លិចដល់ដំបូលផ្ទះ ។
ស្ថានភាពទឹកជំនន់ខេត្តយ៉ាឡា ឈានមកដល់ថ្ងៃព្រហស្បតិ៍នេះ ត្រូវបានគេចាត់ទុកថា មានសភាពធ្ងន់ធ្ងរបំផុតដែលមិនធ្លាប់ជួបប្រទះក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយមកនេះ ។
មូលហេតុចម្បង ដែលបង្កឱ្យមានទឹកជំនន់ ព្រោះតែព្រះភិរុណគ្មានប្រណីនៅតែបន្តបង្អុរទឹកភ្លៀងយ៉ាងគំហុកជាប់ៗគ្នាច្រើនថ្ងៃពេញ១សប្តាហ៍ ហើយស្ថានភាពអាកាសធាតុអាក្រក់បែបនេះ ត្រូវបានព្រមានថា អាចបន្តអូសបន្លាយរហូតដល់ចុងខែនេះដែលធ្វើឲ្យអ្នកស្រុកក្នុងតំបន់រងគ្រោះរឹតតែកង្វល់ ។
ទឹកជំនន់នៅខេត្តយ៉ាឡា បានឈានកម្រិតធ្ងន់ធ្ងរ ចាប់តាំងតែពីយប់រំលងអធ្រាត្រ បណ្តាលឱ្យរថយន្ត និងម៉ូតូរាប់ពាន់គ្រឿង រងការខូចខាត រួមទាំងទ្រព្យសម្បត្តិ និងឥវ៉ាន់របស់អ្នកស្រុក ដែលមិនអាចយកចេញទាន់ពេលអណ្តែតទៅតាមទឹក ដោយឡែកនៅខេត្តប៉ាតានី ឯណោះវិញ ទឹកទន្លេប៉ាតានី ដែលបានហក់ឡើងហួសច្រាំងបានជន់លិចស្ទើរតែគ្រប់ផ្លូវក្នុងទីក្រុង ។
ក្រៅពីត្រូវទប់ទល់នឹងភ្លៀងធ្លាក់រាយប៉ាយក្នុងខេត្តហើយនោះ ខេត្តប៉ាតានី ត្រូវរងគ្រោះដោយទឹកដែលហូរហៀមកពីតំបន់ជិតខាង ជាពិសេស គឺទឹកជំនន់ដែលហូរចុះពីខេត្តយ៉ាឡា មុននឹងវាហូរធ្លាក់ចូលសមុទ្រ ។
ជាលទ្ធផល នៅថ្ងៃទី២៨ ខែវិច្ឆិកា ខេត្តប៉ាតានី បានប្រកាសដាក់គ្រប់ស្រុកទាំងអស់ជាតំបន់គ្រោះមហន្តរាយ ។ ដូចគ្នានេះដែរ ខេត្តណារ៉ាធីវ៉ាត់ បានប្រកាសដាក់ស្រុកចំនួន១៣ ជាតំបន់គ្រោះមហន្តរាយ ។ សាលារៀនចំនួន៦៨ បានប្រកាសបិទ ខណៈដែលផ្លូវរថភ្លើង និងសេវាដឹកជញ្ជូនសាធារណៈដែលតភ្ជាប់ខេត្តទាំង៣ បានប្រកាសផ្អាកសេវាកម្មបណ្តោះអាសន្ន ។
ពីខេត្តទាំង៣ នៅឯស្រុក Hat Yai ខេត្ត Songkhla ក៏កំពុងជួបប្រទះនូវទឹកជំនន់យ៉ាងល្ហល្ហេវដូចគ្នា ផ្លូវជាច្រើនត្រូវបានជន់លិចដែលធ្វើឲ្យតំបន់មួយចំនួនមិនអាចធ្វើដំណើរបានសម្រាប់រថយន្តធុនតូច សូម្បីតែរថយន្តភីកអាប់ក៏ខ្លាចរអារនឹងចរន្តទឹកហូរខ្លាំងដែរ ។ ផ្ទះជាច្រើនខ្នងត្រូវជន់លិចពេញមួយយប់ អ្នកស្រុកនាំគ្នារើរបស់របរទៅដីខ្ពស់ ។ រថយន្តធុនធំត្រូវបានចល័ត ដើម្បីដឹកជញ្ជូនម៉ូតូ និងយានជំនិះទៅកាន់តំបន់មានសុវត្ថិភាព ទប់ស្កាត់ការខូចខាតបន្ថែមទៀត ។
ឆ្លើយតបនឹងវិបត្តិទឹកជំនន់នាភាគខាងត្បូង នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានចេញបញ្ជាឱ្យមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយធម្មជាតិ ត្រូវដាក់ចេញសកម្មភាពឆ្លើយតបជាបន្ទាន់ ដោយផ្តល់អាទិភាពដល់សុវត្ថិភាពប្រជាជន ។ សម្រាប់បេសកកម្មជួយសង្គ្រោះ និងផ្តល់ជំនួយវិញកំពុងតែជួបឧបសគ្គ ទោះបីជាមន្ត្រីយោធា និងកងកម្លាំងចម្រុះ ខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ទាំងការជួយមនុស្ស ទាំងការនាំយកគ្រឿងឧបភោគបរិភោគទៅចែកជូនជនរងគ្រោះក៏ដោយ ប៉ុន្តែបញ្ហាចម្បងនៅពេលនេះ គឺតំបន់លិចទឹកបានពង្រីករាលដាលយ៉ាងលឿនរហ័ស ដែលធ្វើឱ្យការផ្តល់ជំនួយមិនបានទៅដល់គ្រប់តំបន់រងគ្រោះ ។
បន្ថែមលើនេះ ក៏មានការខ្វះខាតនូវឧបករណ៍ជាច្រើនប្រភេទផងដែរ ជាពិសេសទូកពោង និងទូកម៉ាស៊ីនដែលអាចទប់ទល់នឹងកម្លាំងទឹកហូរដែលរាំងស្ទះ និងបណ្តាលអោយការជម្លៀសមនុស្សមានភាពយឺតយ៉ាវនាំឱ្យអ្នកស្រុកជាច្រើន ត្រូវបានរាយការណ៍ថា បន្តជាប់គាំងក្នុងផ្ទះរបស់ពួកគេ ។ អ្វីដែលកាន់តែធ្ងន់ធ្ងរនោះ នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមាននៅថ្ងៃនេះអោយគ្រប់ភាគីពាក់ព័ន្ធត្រូវត្រៀមលក្ខណៈទុកជាមុនចំពោះទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីនៅក្នុងខេត្តភាគខាងត្បូង រហូតដល់ថ្ងៃទី៤ ខែធ្នូ ។
តំបន់ដែលមានហានិភ័យខ្ពស់រួមមាន ខេត្តជុមផន, ស៊ូរ៉ាតថានី, ទ្រុង, សាទុន, ណៈខនស៊ីធម្មរាជ, ប៉ាថាឡុង, សងក្លា, ប៉ាតានី, យ៉ាឡា និងខេត្តណារ៉ាធីវ៉ាត់ជាដើម ៕
ចែករំលែកព័តមាននេះ