ខេត្តព្រះសីហនុ ៖ ត្រឹមរយៈពេល២ថ្ងៃមានផ្ទះពលរដ្ឋច្រើនរយខ្នងក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុរងការខូចខាតដោយខ្យល់រដូវចុងឆ្នាំបោកបក់ពីជើងភ្នំកំចាយ ។
មន្ត្រីមូលដ្ឋានឲ្យដឹងថា ស្ថានភាពខ្យល់រដូវចុងឆ្នាំឬអាចនិយាយបានថាខ្យល់ព្យុះចុងរដូវបានចាប់ផ្តើមធ្លាក់ ពីយប់រំលងអាធ្រាត្រចូលថ្ងៃ២៨វិច្ឆិកា ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ គិតមកត្រឹមថ្ងៃទី ២៩វិច្ឆិកា ២០២៤នេះ ដែលជាថ្ងៃទី២ ខ្យល់កំពុងបន្តធ្លាក់បោកបក់ខ្លាំងមកលើឃុំមួយចំនួនក្នុងស្រុកព្រៃនប់ ក្នុងនោះឃុំដែលរងផលប៉ះពាល់ខ្លាំងជាងគេដូចរៀងរាល់ឆ្នាំដែរ គឺបណ្តាឃុំតាមបណ្តោយផ្លូវជាតិលេខ៣ គឺឃុំសាមគ្គី ឃុំទឹកល្អក និងឃុំទឹកថ្លា ។
តាមសេចក្តីរាយការណ៍បឋមពីមន្ត្រីមូលដ្ឋានប្រាប់ភ្នាក់ងាកោះសន្តិភាពឱ្យដឹងថា មានផ្ទះប្រជាពលរដ្ឋច្រើនរាប់រយខ្នង រងការខូចខាតដូចជាប៉ើងដំបូលនិងរបើកជញ្ជាំងផ្ទះជាដើម ប៉ុន្តែគ្មានមនុស្សរងគ្រោះថ្នាក់ទេ។
ករណីគ្រោះធម្មជាតិប្រចាំឆ្នាំនេះ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង សុីណេត បានណែនាំដល់រដ្ឋបាលស្រុក ឃុំនិងមន្ត្រីនិងអាជ្ញាធរពាក់ពន្ធ័ត្រួតពិនិត្យតាមដានស្ថានភាពនេះបន្តដោយយកចិត្តទុកដាក់និងត្រៀមលក្ខណៈជួយសង្គ្រោះពលរដ្ឋ ។
សូមបញ្ជាក់ថា នេះជាគ្រោះធម្មជាតិខ្យល់ធ្លាក់រដូវចុងឆ្នាំបោកបក់ពីជើងភ្នំកំចាយ ដែលតែងតែកើតមានជារៀងរាល់ឆ្នាំ មិនដែលខានឡើយ ដោយគ្រាន់តែឆ្នាំខ្លះខ្យល់ធ្លាក់ខ្លាំង និងឆ្នាំខ្លះមិនសូវខ្លាំង ហើយខ្យល់ចុងរដូវនេះ ជាទម្លាប់កើតមាន ចន្លោះពេលពីពាក់កណ្ដាលខែ វិច្ឆិកា ដល់ចុងឆ្នាំឬឆ្នាំខ្លះ រហូតដល់ខែមករាដើមឆ្នាំក៏មានដែរ ហើយឆ្នាំ២០២៤នេះ ខ្យល់បានធ្លាក់នៅចុងខែវិច្ឆិកា អាចនឹងមានរយៈពេល៤ទៅ៥ថ្ងៃឬមួយសប្តាហ៍ទើបស្ងប់វិញ ៕
ចែករំលែកព័តមាននេះ