ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានអគ្គិសនីចិនយកហុងកុងជាជំហានដ៏សំខាន់ ដើម្បីជំរុញទៅកាន់ទីផ្សារពិភពលោក

7 ម៉ោង មុន

ប្រទេសចិន ៖ រដ្ឋាភិបាលទីក្រុងប៉េកាំង និងបណ្តាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន (EV) បង្ហាញការជឿជាក់ថា ទីក្រុងហុងកុង គឺជាទីតាំងចាប់ផ្តើមដំណើរការដ៏ល្អ ក៏ដូចជាទីតាំងសាកល្បង សម្រាប់កិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកទីផ្សារសកល…

ប្រទេសចិន ៖ រដ្ឋាភិបាលទីក្រុងប៉េកាំង និងបណ្តាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន (EV) បង្ហាញការជឿជាក់ថា ទីក្រុងហុងកុង គឺជាទីតាំងចាប់ផ្តើមដំណើរការដ៏ល្អ ក៏ដូចជាទីតាំងសាកល្បង សម្រាប់កិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកទីផ្សារសកល ដ្បិតឧស្សាហកម្មនេះ ប្រឈមនឹងឧបសគ្គក្នុងការចូលទៅកាន់ទីផ្សារក្រៅប្រទេសសំខាន់ៗដូចជា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU)។

ប្រភពពីសារព័ត៌មាន South China Morning Post កាលពីថ្ងៃទី២៩ ខែវិច្ឆិកា បានរាយការណ៍ថា សមាគមក្រុមហ៊ុនផលិតរថយន្តចិន បានរៀបចំកិច្ចប្រជុំកំពូលខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មរថយន្តលើកដំបូងក្នុងទីក្រុងហុងកុង កាលពីថ្ងៃពុធ។ កិច្ចប្រជុំដ៏សំខាន់នេះ បានទាក់ទាញបណ្តាក្រុមហ៊ុនផលិតរថយន្ត និងមន្ត្រីរដ្ឋាភិបាលរាប់សិបនាក់ ដើម្បីចូលរួមពិភាក្សាអំពីរបៀប ដែលទីក្រុងហុងកុងអាចជួយបណ្តាក្រុមហ៊ុនផលិតរថយន្តពីដីគោក ពង្រីកទៅកាន់ទីផ្សារក្រៅប្រទេស។

បណ្តាក្រុមហ៊ុនផលិតរថយន្តចិន ប្រឈមមុខនឹងបញ្ហាជាច្រើននៅពេលអភិវឌ្ឍអាជីវកម្មពួកគេនៅក្រៅប្រទេស រួមទាំងការសម្របសម្រួលពាណិជ្ជកម្ម ការអនុលោមតាមស្តង់ដារអន្តរជាតិ ការផ្សព្វផ្សាយម៉ាកយីហោ សេវាកម្មក្រោយការលក់ និងការដោះស្រាយសេវាកម្មហិរញ្ញវត្ថុ។ លោក Fu Bingfeng អគ្គលេខាធិការសមាគមក្រុមហ៊ុនផលិតរថយន្តចិន បានមានប្រសាសន៍ថា «ហុងកុង គឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលនវានុវត្តន៍មានគុណសម្បត្តិធម្មជាតិ ហើយអាចដើរតួនាទីសំខាន់នៅក្នុងការគាំទ្រផ្លូវរបស់សហគ្រាសចិន ទៅកាន់សកលភាវូបនីយកម្ម។ មិនតែប៉ុណ្ណោះក៏អាចដើរតួជាច្រកផ្លូវចំនួនពីរ សម្រាប់ក្រុមហ៊ុនផលិតឬថយន្តអគ្គិសនីចិន ទៅកាន់ក្រៅប្រទេស និងនាំមកវិញនូវបច្ចេកវិទ្យាថ្មីៗ»។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន កំពុងស្វែងរកការធ្វើសកលភាវូបនីយកម្ម ចំពេលមានការប្រកួតប្រជែងខ្លាំង សន្ទុះនៃការលក់ កំណើនផលិតកម្មកាន់តែខ្លាំង និងការទប់ស្កាត់ពាណិជ្ជកម្មក្រៅប្រទេស។ កាលពីខែសីហាកន្លងទៅ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានដំឡើងអត្រាពន្ធលើរថយន្តអគ្គិសនីចិន រហូតដល់ ១០០% បើធៀបនឹងពន្ធកន្លងមកចំនួនត្រឹម ២៥%។ ហើយកាលពីខែមុនទៀតសោត សហភាពអឺរ៉ុបក៏បានសម្រេចដំឡើងពន្ធលើរថយន្តអគ្គិសនីចិន ដល់កម្រិតខ្ពស់រហូតដល់ ៤៥.៣%។

កត្តានេះហើយ ទើបជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេមួយចំនួនរបស់ចិន បង្កើតរោងចក្រផលិតនៅអឺរ៉ុប និងម៉ិកស៊ិក ហើយស្វែងរកឱកាសពង្រីកនៅទ្វីបអាហ្វ្រិក និងតំបន់អាស៊ីអាគ្នេយ៍។

បណ្តាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន ក៏កំពុងប្រើប្រាស់ទីក្រុងហុងកុង ដើម្បីសាកល្បងផលិតផលថ្មីៗរបស់ពួកគេផងដែរ។ ជាក់ស្តែង ក្រុមហ៊ុនផលិតរថយន្ត Premium EV Xpeng បានបើកហាងនៅទីក្រុងហុងកុង កាលពីខែកក្កដា និងបានបើកដំណើរការរថយន្តបង្កូចស្តាំរបស់ខ្លួន កាលពីខែមុនផងដែរ។ ចំណែក Zeekr ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Geely បានដាក់បង្ហាញរថយន្ត ០០៩ គឺជារថយន្តអគ្គិសនីសុទ្ធមាន៦កៅអី កាលពីខែកក្កដាកន្លងទៅ ហើយនេះគឺជាការបើកដំណើរការកម្មវិធីបង្ហាញរថយន្តផ្លូវការលើកដំបូងរបស់ក្រុមហ៊ុន Zeekr នៅក្រៅទឹកដីចិនដីគោក៕ ប្រភព ៖ South China Morning Post

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ