ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុកចិត្ត Google Maps ខ្លាំងពេក! បុរសឥណ្ឌា៣​នាក់ ជួបគ្រោះអកុស.លធ្លា.ក់ពីលើស្ពាន

9 ម៉ោង មុន

ប្រទេសឥណ្ឌា ៖ តើកម្មវិធីជំនួយស្វែងរកផ្លូវ Google Maps អាចទទួលខុសត្រូវបានទេ ប្រសិនបើអ្នកជួបឧបទ្ទវហេតុ? នេះគឺជាសំណួរត្រូវបានចោទសួរនៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីបុរស៣នាក់បានស្លាប់បាត់បង់ជីវិត នៅពេលរថយន្តពួកគេបើកបរលើស្ពានកំពុងសាងសង់…

ប្រទេសឥណ្ឌា ៖ តើកម្មវិធីជំនួយស្វែងរកផ្លូវ Google Maps អាចទទួលខុសត្រូវបានទេ ប្រសិនបើអ្នកជួបឧបទ្ទវហេតុ? នេះគឺជាសំណួរត្រូវបានចោទសួរនៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីបុរស៣នាក់បានស្លាប់បាត់បង់ជីវិត នៅពេលរថយន្តពួកគេបើកបរលើស្ពានកំពុងសាងសង់ ហើយធ្លាក់ទៅដីទន្លេដែលរីងទឹក។ ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងនៅភាគខាងជើង រដ្ឋអ៊ុតតាប្រាដេស (Uttar Pradesh)។

ប្រភពពីសារព័ត៌មាន BBC នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ប៉ូលីសនៅតែកំពុងស៊ើបអង្កេតលើឧប្បត្តិហេតុដែលបានកើតឡើង កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ប៉ុន្តែជាបឋមសមត្ថកិច្ចជឿថា ដោយសារបើកបើតាមការត្រួសត្រាយផ្លូវពីកម្មវិធី Google Maps ទើបជនរងគ្រោះជួបគ្រោះអកុសលបែបនេះ។

បើតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ផ្នែកមួយនៃស្ពានបានបាក់រលំកាលពីដើមឆ្នាំនេះ ដោយសារតែគ្រោះទឹកជំនន់ ហើយខណៈពេលអ្នកស្រុកដឹងអំពីរឿងនេះ គ្មាននរណាម្នាក់ជិះឆ្លងស្ពាននោះទេ ផ្ទុយពីបុរសរងគ្រោះទាំង៣នាក់ ដែលមិនមែនជាអ្នកស្រុកនៅទីនោះ។ ហើយស្របពេលគ្មានដាក់រនាំង ឬផ្ទាំងផ្លាកសញ្ញាបញ្ជាក់ថា ស្ពានមិនទាន់សាងសង់រួចនោះទេ ។

អាជ្ញាធរបានចុចឈ្មោះវិស្វករ៤នាក់មកពីនាយកដ្ឋានសាងសង់ផ្លូវរបស់រដ្ឋ និងមន្ត្រីមិនបញ្ចេញឈ្មោះម្នាក់ទៀតពីក្រុមហ៊ុន Google នៅក្នុងពាក្យបណ្ដឹងប៉ូលីសលើការចោទប្រកាន់ពីបទមនុស្ស​ឃាត។ អ្នកនាំពាក្យក្រុមហ៊ុន Google បានប្រាប់ BBC ថា ខ្លួនកំពុងសហការជាមួយនឹងការស៊ើបអង្កេត។

ឧបទ្ទវហេតុដ៏សោកនាដកម្មមួយនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ទៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មិនល្អរបស់ប្រទេសឥណ្ឌា ហើយបានបង្កឱ្យមានការជជែកវែកញែកថា តើកម្មវិធីដូចជា Google Maps នឹងមានការទទួលខុសត្រូវចំពោះឧប្បត្តិហេតុបែបនេះដែរឬទេ? អ្នកខ្លះបន្ទោសកម្មវិធីនេះថាមិនបានផ្តល់ព័ត៌មានត្រឹមត្រូវ ខណៈខ្លះទៀតប្រកែកថា គឺជាការបរាជ័យដ៏ធំរបស់រដ្ឋាភិបាល ចំពោះការមិនបិទកន្លែងគ្រោះថ្នាក់នោះ។

«Google Maps» គឺជាកម្មវិធីស្វែងរកផ្លូវដ៏ពេញនិយមបំផុតនៅក្នុងប្រទេសឥណ្ឌា រហូតប្រៀបដូចនឹង GPS ដែលជាប្រព័ន្ធរុករកតាមផ្កាយរណប។ Google Maps ក៏ជាជំនួយដ៏សំខាន់ដល់សេវាកម្មដឹកភ្ញៀវ វិស័យពាណិជ្ជកម្មតាមអេឡិចត្រូនិក ឬ E-commerce និងបណ្តាក្រុមហ៊ុនលក់អាហារតាមអន​ឡាញជាច្រើនផងដែរ។ កម្មវិធីនេះត្រូវបានរាយការណ៍ថាមានអ្នកប្រើប្រាស់សកម្មប្រហែល ៦០លាននាក់ និងប្រហែល ៥០លាននាក់ប្រើប្រាស់ការស្វែងរកផ្លូវក្នុងមួយថ្ងៃ។

យ៉ាងណាមិញជាញឹកញាប់ កម្មវិធីនេះ តែងតែស្ថិតក្រោមការពិនិត្យបញ្ជាក់ និងរិះគន់ សម្រាប់ការផ្តល់ទិសដៅខុស ជួនកាលនាំឱ្យមានគ្រោះថ្នាក់ដល់ជីវិត។ តួយ៉ាង កាលពីឆ្នាំ ២០២១ បុរសម្នាក់មកពីរដ្ឋម៉ាហារ៉ាស្ត្រា (Maharashtra) បានលង់ទឹកស្លាប់ បន្ទាប់ពីបានបើកឡានធ្លាក់ទំនប់មួយ ហើយកម្មវិធី Google Maps ត្រូវបានចោទប្រកាន់ថាជាអ្នកត្រួសត្រាយផ្លូវបង្កគ្រោះដល់បុរសនោះ។ មិនតែប៉ុណ្ណោះ កាលពីឆ្នាំមុន គ្រូពេទ្យវ័យក្មេងពីរនាក់ រស់នៅក្នុងរដ្ឋកេរ៉ាឡា (Kerala) បានស្លាប់ បន្ទាប់ពីបានបើកឡានធ្លាក់ចូលទន្លេ។

ប៉ូលីសបានអះអាងថា ពួកគេបើកបរតាមការបង្ហាញផ្លូវដោយ Google Maps ដូច្នេះហើយបានព្រមានប្រជាជនទាំងអស់កុំឱ្យពឹងផ្អែកលើកម្មវិធីនេះខ្លាំងពេក នៅពេលផ្លូវត្រូវបានជន់លិច៕ ប្រភព ៖ BBC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ