ក្រោយពេលដែលរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ចេញនូវគោលនយោបាយ និងអនុវត្តវិធីសាស្ត្រដើរគោះទ្វារវិនិយោគិនដល់ស្រុករបស់គេឃើញថា កម្ពុជាពិតជាបានផលជាមួយនឹងកិច្ចការនេះដោយទាក់ទាញវិនិយោគមានតម្លៃដល់ទៅ៦ពាន់លានដុល្លារ ប៉ុន្តែកុំភ្លេចថែរក្សាអ្នកចាស់ផង ។
នៅក្នុងរយៈពេលជិតពេញមួយឆ្នាំមកនេះ កម្ពុជាបានដើរគោះទ្វារវិនិយោគគិនជាច្រើនប្រទេស ដែលរួម មានចិន កូរ៉េខាងត្បូង ជប៉ុន អឺរ៉ុប និងអាមេរិកជាដើម ។ ក្រោយការអនុវត្តនូវវិធីសាស្ត្របែបនេះឃើញថា បានផលជាមួយនឹងគម្រោងវិនិយោគជាច្រើន ។
តាមការប្រកាសរបស់លោក ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា គិតមកទល់ពេលនេះ រាជរដ្ឋាភិបាលបានអនុម័តគម្រោងវិនិយោគចំនួន៣៧៩គម្រោង ដែលមានទុនវិនិយោគប្រមាណ៦ពាន់លានដុល្លារកើនឡើង១២៩គម្រោង បើធៀបនឹងឆ្នាំ២០២៣ ដែលមានតែ២៦៨គម្រោង និងមានទំហំត្រឹមតែ៤.៩ពាន់លានដុល្លារ ។
នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធcdcIPM) នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រីរំពឹងថា បើបូកនឹងរយៈពេលដែលនៅសល់ប្រមាណជាជាងមួយខែទៀតដាច់ឆ្នាំ២០២៤ខាងមុខនេះ កម្ពុជារំពឹងថា អាចនឹងទាក់ទាញគម្រោងវិនិយោគរហូតដល់៤០០គម្រោង ឬលើសនេះដែលនេះវាជាប្រវត្តិថ្មីមិនធ្លាប់មានសម្រាប់កម្ពុជាតាំងពីមុនមក ។
បើតាមអ្វីដែលលោក ស៊ុន ចាន់ថុល បានបង្ហើប គឺថា កម្ពុជាខំប្រឹងទាក់ទាញគម្រោងវិនិយោគប្រមាណជា ២១ក្រុមហ៊ុនទៀតមកវិនិយោគបន្ថែមនៅកម្ពុជានៅចុងឆ្នាំនេះ ។ លោកបានបន្តថា កម្ពុជាសង្ឃឹមច្រើនណាស់ពេលដែលយើងបានធ្វើទស្សនកិច្ចទៅអឺរ៉ុប ហើយយើងស្តាប់ភាសាក្រុមអ្នកវិនិយោគ ។ លោកបានបន្តថា ពួកគេកំពុងតែរកទីតាំង ដើម្បីបណ្តាក់ទុននៅកម្ពុជា ។ ដូច្នេះហើយយើងសង្ឃឹមថា មានក្រុមហ៊ុនមកពីសហរដ្ឋអាមេរិក កាណាដា អឺរ៉ុប ប៉ុន្តែក៏យើងត្រូវរៀបចំផ្ទះយើងឱ្យស្អាត ។
លោកមានប្រសាសន៍ថា កម្ពុជាបានទាក់ទាញវិនិយោគិនមកវិនិយោគលើវិស័យទាក់ទាញមួយចំនួនដូចជា វិស័យអេឡិចត្រូនិក មេកានិក កែច្នៃកសិផល ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងថាមពលជាដើម ។ លោកក៏សង្ឃឹមច្រើន ក្នុងការទទួលបានអ្នកវិនិយោគបន្ថែមទៀតនៅឆ្នាំក្រោយ ដោយសារក្រុមហ៊ុនមួយចំនួនមានបំណងចង់រើទីតាំងវិនិយោគ ជាពិសេសការរើសទីតាំងពីប្រទេសចិនមកកាន់ប្រទេសផ្សេងទៀត ហើយកម្ពុជារង់ចាំទទួលស្វាគមន៍ការវិនិយោគមកពីបរទេសមិនថា វិនិយោគបរទេសមកពីចិន ឬពីប្រទេសណានោះទេ ខណៈច្បាប់វិនិយោគរបស់កម្ពុជាមិនមានការរើសអើងនោះទេឱ្យតែវិនិយោគិនគោរពច្បាប់វិនិយោគនៅកម្ពុជា នោះនឹងអនុម័តឱ្យបណ្តាក់ទុននៅកម្ពុជា ។
តាមប្រសាសន៍របស់ លោក ស៊ុន ចាន់ថុល សមិទ្ធផលដែលកម្ពុជាសម្រេចបានមកនេះច្រើនគួរសមមែន ដោយអាចប្រសើរជាងថៃផង ។ ថៃនៅក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៤ គឺអាចទាក់ទាញគម្រោងវិនិយោគត្រឹមតែប្រមាណជា៤ពាន់លានដុល្លារប៉ុណ្ណោះ ។ ប៉ុន្តែសម្រាប់វៀតណាមវិញ គឺខុសគ្នា ដោយនៅក្នុងរយៈពេល៩ខែដែរ វៀតណាមទាក់ទាញគម្រោងវិនិយោគសរុបដល់ទៅជិត២៥ពាន់លានដុល្លារ ពោលគឺច្រើនមែនទែន ។ តាមអត្ថបទដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានវៀតណាម បានឲ្យដឹងថា ទុនវិនិយោគទាំងនេះ គឺសុទ្ធមានសុទ្ធតែឧស្សាហកម្មអេឡិចត្រូនិកធំៗ ។
រឿងថៃ និងវៀតណាម គឺជារឿងរបស់ប្រទេសគេ ហើយអ្វីដែលយើងបានលើកឡើងនេះ គឺគ្រាន់តែជាការបំពេញព័ត៌មាន ដើម្បីឲ្យដឹងអំពីសមិទ្ធផលដែលកម្ពុជាសម្រេចបានប៉ុណ្ណោះ ។ ការទាក់ទាញឲ្យគេមក គឺជារឿងមួយ ហើយនៅពេលដែលគេមក យើងសប្បាយ ដោយយើងអាចរកការងារធ្វើជូនប្រជាពលរដ្ឋបាន ច្រើនបន្ថែមទៀត។ ប៉ុន្តែកុំភ្លេចរឿងថែរក្សាពួកគេឲ្យកក់ក្តៅ ងាយស្រួលធ្វើធុរកិច្ច ជាពិសេស គឺប្រាក់ចំណេញនោះឯង ។
ការទាក់ទាញអ្នកថ្មីអោយចូល គឺត្រូវតែបន្តធ្វើបន្ថែមទៀត ប៉ុន្តែក៏ត្រូវតែរក្សា និងគាំពារបណ្តាវិនិយោគិននានាដែលពួកគេបានចូលមកវិនិយោគនៅកម្ពុជាហើយពួកគេនៅតែបន្តប្រតិបត្តិការ និងពង្រីកផលិតកម្មបានកាន់តែប្រសើរ ។ ទាក់ទាញអ្នកថ្មីហើយតែអ្នកចាស់រត់ចេញវិញ គឺជារឿងមិនល្អឡើយ ។
នេះ គឺជាក្តីបារម្ភមួយ ដែលយើងគួរតែដឹង ដើម្បីពង្រឹងយ៉ាងណាទាក់ទាញអ្នកថ្មី ហើយប្រឹងប្រែងថែរក្សា អ្នកចាស់ ។ ម្យ៉ាងទៀត ស្ថាប័នពាក់ព័ន្ធក៏ត្រូវតែបោសសម្អាតការងារអសកម្មនានាដែលធ្វើឲ្យអ្នកវិនិយោគិនទាំងថ្មី និងចាស់ឃ្នើសចិត្ត ដូចជា អំពើពុករលួយ សណ្តាប់ធ្នាប់ បែបបទរដ្ឋបាលមិនចាំបាច់ និង ការរំខាននានាដល់បរិយោកាលវិនិយោគដ៏អំណោយផល ។ អ្នកដែលថ្មីចូល គឺកក់ក្តៅកុំបង្កបញ្ហានេះបញ្ហានោះឲ្យគេឈឺក្បាល អោយគេធុញទ្រាន់ ។ ទាំងយើងទាំងគេ កាលណាយកលុយគេមកចាយ គឺចិត្តអាចស្រាលបន្តិចហើយ ។ ដូច្នេះការថែរក្សាភាពជាដៃគូរ និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចសំខាន់ណាស់ ។
ស្ថាប័នពាក់ព័ន្ធ គឺត្រូវតែទាក់ទាញអ្នកចាស់ ហើយប្រឹងប្រែងថែរក្សាអ្នកចាស់អោយគង់វង្ស ។ បើសិនជាយើងអាចធ្វើអោយបានប្រសិទ្ធភាពនៃយុទ្ធសាស្ត្រទាក់ទាញអ្នកថ្មី ហើយថែរក្សាអ្នកចាស់នោះ ប្រទេសកម្ពុជានឹងមានអ្នកវិនិយោគបរទេសកាន់តែច្រើនឡើងៗចូលមករកស៊ីបណ្តាក់ទុនដោយធ្វើអោយកម្ពុជាមានកំណើនសេដ្ឋកិច្ចល្អ ហើយប្រជាជនមានការងារធ្វើ និងមានជីវភាពកាន់តែប្រសើរ៕
ចែករំលែកព័តមាននេះ