ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាយចម្ងល់! ហេតុអ្វីបានជាកីឡាករបាល់ទាត់​កា.ត់​ស្រោមជើងឱ្យមានប្រហោង?

8 ម៉ោង មុន

អន្តរជាតិ ៖ ការកាត់ស្រោមជើងឱ្យមានប្រហោង កំពុងមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង នៅក្នុងពិភពលោកបាល់ទាត់ នាពេលបច្ចុប្បន្ននេះ។ រហូតបង្កើតជាចម្ងល់ជាច្រើនពីសំណាក់អ្នកគាំទ្រថា តើគឺជាម៉ូដ ឬក៏សារៈសំខាន់ពិតប្រាកដណាមួយនៅពីក្រោយការធ្វើបែបនេះ? ជាមួយការកើនឡើងប្រជាប្រិយភាពដ៏គួរឱ្យកត់សម្គាល់…

អន្តរជាតិ ៖ ការកាត់ស្រោមជើងឱ្យមានប្រហោង កំពុងមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង នៅក្នុងពិភពលោកបាល់ទាត់ នាពេលបច្ចុប្បន្ននេះ។ រហូតបង្កើតជាចម្ងល់ជាច្រើនពីសំណាក់អ្នកគាំទ្រថា តើគឺជាម៉ូដ ឬក៏សារៈសំខាន់ពិតប្រាកដណាមួយនៅពីក្រោយការធ្វើបែបនេះ?

ជាមួយការកើនឡើងប្រជាប្រិយភាពដ៏គួរឱ្យកត់សម្គាល់ និងចម្ងល់ដ៏ច្រើនលើសលប់ពី សំណាក់អ្នកស្នេហាវិស័យបាល់ទាត់ជុំវិញពិភពលោកនោះ សារព័ត៌មាន talkSPORT របស់ចក្រភពអង់គ្លេស កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា កីឡាករបាល់ទាត់ជាច្រើនបានកាត់ស្រោមជើងពួកគេឱ្យមានប្រហោង ដើម្បីកាត់បន្ថយការតឹងចង្អៀតខ្លាំងពេក។ ជាក់ស្តែង សមាជិកនៃក្រុមការងារបុគ្គលិកពេទ្យជាន់ខ្ពស់របស់ក្លិបនៅលីគកំពូលអង់គ្លេស Premier League ម្នាក់បានប្រាប់ TalkSPORT ថា «កីឡាករជាច្រើនមានអារម្មណ៍ថា ស្រោមជើងផលិតបច្ចុប្បន្នតឹងចង្អៀតជើងពួកគេខ្លាំងពេក ហើយពេលខ្លះអាចបង្កជាការរមួលក្រពើ»។

ទោះយ៉ាងណាក៏ដោយ គ្មានភស្តុតាងគ្រប់គ្រាន់ ដើម្បីគាំទ្រការអះអាងនេះទេ ហើយកីឡាករមួយចំនួនធ្វើបែបនេះ ដើម្បីបង្កើតម៉ូដដ៏ទាក់ទាញមួយក៏អាចថាបាន។ បុគ្គលិកពេទ្យដដែលបន្តថា «បើទោះបីជាគ្មានភស្តុតាងណាមួយគាំទ្ររឿងនេះក៏ពិតមែន។ ប៉ុន្តែពិតណាស់ គឺវាទាក់ទងនឹងរបៀបកីឡាករមានអារម្មណ៍មិនស្រួល ដោយសារតែស្រោមតឹងខ្លាំងពេក អំឡុងការប្រកួត។ ខ្ញុំក៏គិតថាវាក្លាយជាទម្លាប់ ឬម៉ូដទាក់ទាញច្រើនជាងមុន ហើយយើងក៏ឃើញកីឡាករផ្សេងទៀតធ្វើតាមបែបនេះផងដែរ។ ប៉ុន្តែសម្រាប់ក្រុមហ៊ុនផលិតសម្ភារៈកីឡា ពួកគេមិនចូលចិត្តបែបនេះទេ ដោយសារតែផ្លាស់ប្តូររូបរាងដើមរបស់ស្រោមជើង»។

បុគ្គលិកពេទ្យរូបនោះថា «ក្រុមហ៊ុនផលិតសម្ភារៈកីឡាមួយចំនួនបានកែសម្រួលស្រោមជើងពួកគេ ដើម្បីព្យាយាមផ្លាស់ប្តូរកម្រិតនៃការបង្ហាប់ជុំវិញកំភួនជើង។ ប៉ុន្តែជាមួយនឹងនិន្នាការនាពេលបច្ចុប្បន្ននេះ ពួកគេនឹងប្រាប់អ្នករចនាម៉ូដឱ្យធ្វើការកែប្រែបន្ថែមទៀត នៅពេលផលិតសម្រាប់រដូវកាលក្រោយ។ ស្រោមជើងបាល់ទាត់វែងដល់ក្រោមជង្គង់ គឺជួយរក្សាទ្រនាប់ការពារស្មងជើងមិនឱ្យជ្រុះ ហើយក៏រក្សាកម្តៅជើងផងដែរ។ ប៉ុន្តែបើសិនជាតឹងខ្លាំងពេក វាក៏អាចកាត់បន្ថយលំហូរឈាម និងចលនាសរសៃឈាមជើងផ្នែកខាងក្រោមផងដែរ។ ហើយនៅពេលរឿងទាំងនេះកើតឡើងចំពោះកីឡាករ ហានិភ័យនៃការរមួលក្រពើនឹងកើនឡើង។ ដូច្នេះកាត់ស្រោមជើងឱ្យមានប្រហោង រួមចំណែកជួយបន្ថយសម្ពាធសាច់ដុំ»៕ ប្រភព ៖ talkSPORT

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ