ទីក្រុងបាងកក៖ ទោះបីរដូវរងាចូលមកដល់ដែលគួរណាស់លែងមានធ្លាក់ភ្លៀងខ្លាំងតទៅទៀតហើយក្ដី ប៉ុន្តែនៅប្រទេសថៃសព្វថ្ងៃនេះមិនដូច្នេះទេ។ ថ្មីៗនេះ ភ្លៀងធ្លាក់នៅភាគខាងត្បូងបានឆក់យកជីវិតមនុស្សយ៉ាងតិចម្នាក់ និងបង្កជាគ្រោះទឹកជំនន់យ៉ាងល្ហល្ហាចលិចខេត្ត-ក្រុងជាច្រើន។ អាជ្ញាធរខាងឧតុនិយមព្យាករថាភ្លៀងនឹងបន្តធ្លាក់ជាច្រើនថ្ងៃទៅមុខទៀត។
សាក្សីនិយាយថាជនរងគ្រោះដែលស្លាប់ដោយសារគ្រោះទឹកជំនន់នោះជានិស្សិតរស់នៅខេត្តណារ៉ាធីវ៉ាត់។ នៅខេត្តនេះដដែល ជំនន់ទឹកភ្លៀងបង្ខំឱ្យមនុស្សជាង២៧០០នាក់ចាកចោលផ្ទះសម្បែងរបស់ខ្លួនមួយគ្រាសិន។ នេះបើយោងតាមលោកវ៉ាសាន ឆៃថាវីវង្ស ( Chaitaweewong) ជាប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងដោះស្រាយបញ្ហាប្រឈម។
គាត់ប្រាប់បន្តទៀតថាភ្លៀងធ្លាក់ឥតដាច់គ្រាប់បែបនេះក៏បានបង្ខំឱ្យបិទទ្វារសាលារៀន៦៥កន្លែងផងដែរ។ អាជ្ញាធរនៅតែបន្តចេញសេចក្ដីប្រកាសអាសន្នចំពោះគ្រោះថ្នាក់ផ្សេងៗដោយសារភ្លៀងធ្លាក់។ ចាប់ពីពេលនេះរហូតដល់ដើមខែធ្នូ អាជ្ញាធរព្យាករថាខេត្តណារ៉ាធីវ៉ាត់៧០%នឹងរងគ្រោះដោយសារភ្លៀងធ្លាក់។ នេះបើតាមមការព្យាកររបស់នាយកដ្ឋានឧតុនិយម។
ដើម្បីជួយដោះស្រាយបញ្ហាទុក្ខលំបាករបស់ប្រជាជននៅក្នុងគ្រាអាសន្ននេះ អាជ្ញាធរបានបញ្ជូនកម្លាំងជាង៥០០នាក់ដែលមានទាហានខ្លះ និងក្រុមអ្នកស្ម័គ្រចិត្តខ្លះ។ ពួកគេមានភារកិច្ចចែកចាយរបស់របរសម្រាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ និងជួយដឹកជញ្ជូនអ្នករស់នៅក្នុងតំបន់គ្រោះថ្នាក់ទៅកាន់ទីកន្លែងសុវត្ថិភាព។ អភិបាលខេត្តណារ៉ាធីវ៉ាត់ លោកត្រាគុល ថូថាម (Trakul Totham) ថ្លែងថាលោកបានបង្កើតក្រុមការងារដើម្បីពន្លឿនការបូមរំដោះទឹកចេញពីតំបន់រងគ្រោះ។
អ្នកខ្លះរងគ្រោះធ្ងន់នៅក្នុងមុខរបររកទទួលទានរបស់ខ្លួន។ បុគ្គលិកធ្វើការនៅក្នុងហាងលក់ខោអាវ១កន្លែងប្រាប់ថាជំនន់ទឹកភ្លៀងបានបំផ្លិចបំផ្លាញហាងរបស់ខ្លួន។ ទឹកបុកមកពីខាងក្រោយហាង ហើយធ្វើឱ្យពួកយើងស្រឡាំងកាំង រកតែដោះស្រាយអ្វីក៏មិនទាន់។ ប្រទេសថៃមានភ្លៀងធ្លាក់ដោយសារឥទ្ធិពលខ្យល់មូសុងវស្សាវាជារឿងធម្មតា។ ក៏ប៉ុន្តែអ្នកវិទ្យាសាស្ត្រព្រមានថាបញ្ហាប្រែប្រួលអាកាសធាតុដោយសារស្នាដៃរបស់មនុស្សជាមូលហេតុធំធ្វើឱ្យអាកាសធាតុកាន់តែអាក្រក់ជាងមុន។
មានន័យថាបើត្រូវធ្លាក់ភ្លៀងគឺធ្លាក់ខ្លាំងយកមែនទែនរហូតដល់មានទឹកជំនន់យ៉ាងច្រើនសន្ធឹកសន្ធាប់។ នៅពេលរដូវប្រាំងវិញម្ដងគ្មានភ្លៀងកក់ខែសូម្បីតែ១តំណក់ ធ្វើឱ្យដីប្រេះបែកក្រហែង ទឹកនៅតាមត្រពាំង បឹង បួរ រីងដល់បាតដី។ កាលពីឆ្នាំ២០១១ប្រទេសថៃធ្លាប់ជួបប្រទះនឹងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត បណ្ដាលឱ្យស្លាប់មនុស្សជាង៥០០នាក់ និងបំផ្លិចបំផ្លាញផ្ទះរបស់ប្រជាជនគិតជាទឹកប្រាក់រាប់លានដុល្លារ៕
ចែករំលែកព័តមាននេះ