រាជធានីភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា ACU បាននិងកំពុងតែពិនិត្យករណីវិវាទដីធ្លីរបស់អ្នកវិនិយោគធំៗ ដែលមានការជាប់ពាក់ព័ន្ធគ្នាដូចសម្លកំពឹង នៅក្នុងនោះក៏មានងារជាឧកញ៉ា ចូលរួមផងដែរ ។
យោងតាមសេចក្តីប្រកាសព័ត៌មានអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ បានលើកឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ បាននិងកំពុងតែពិនិត្យករណីដីធ្លីរបស់អ្នកវិនិយោគធំៗ ដូចជានៅតំបន់សេដ្ឋកិច្ចពិសេស (SSEZ) បញ្ជារ៉ាំរ៉ៃ នៃបណ្ដឹងដដែលៗ ដែលនៅមិនព្រមរលត់។ ដីក្រុមហ៊ុនវិនិយោគព្រលានយន្តហោះសៀមរាប ជាដើម ។
ឯកឧត្តម បានឲ្យដឹងទៀតថា អង្គភាពកំពុងពិនិត្យញ្ហាដីព្រៃលិចទឹក ជុំវិញបឹងទន្លេសាប តំបន់ III តំបន់ II ខេត្តកំពង់ធំ ដែលអង្គភាពរកឃើញ អ្នកកាន់កាប់ដ៏ធំៗ ខុសច្បាប់ ចំនួន ១៧៦នាក់ (សរុបដីកាន់កាប់ខុសច្បាប់ ក្នុងនោះមាន ១៥២នាក់ ស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញ ៣០,១០៩ហិកតា) ហើយ២៤នាក់ (កាន់កាប់ខុសច្បាប់ ៩,៤៦៣ហិកតា អ្នកខ្លះកាន់កាប់រហូតដល់ ២,៥០០ហិកតា) ប្រកែកមិនប្រគល់ដីជូនរដ្ឋវិញ។ ករណីរំលោភអំណាចក្នុងការងារលទ្ធកម្ម កិបកេងប្រាក់ជាង ១ពាន់លានរៀល ពីគម្រោងអភិវឌ្ឍន៍ តាមឃុំភូមិរបស់ឈ្មោះ ហេង វុទ្ធី នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្តតាកែវ និងបក្ខពួក ២នាក់ទៀត ។
អង្គភាព ក៏បានឲ្យដឹងទៀតថា ACU បាននិងគំពុងពិនិត្យករណីជំនួញឥទ្ធិពលនៅខេត្តកំពង់ឆ្នាំង (ដោះដូរជីពន្ធនាគារចាស់ សាងសង់ពន្ធនាគារថ្មី) ដែលឧកញ៉ា អ៊ុត ធី ចំណាយទុន ១.៩លានដុល្លារអាមេរិក ចូលហ៊ុនបន្ថែមក្នុងក្រុមហ៊ុន អាស្នា រិទ្ធ ហើយចំណាយប្រាក់ ៥០ម៉ឺនដុល្លារទៀត ឲ្យលោក មួង ឃឹម, ដួង តារា, លី សាម៉េត ប្រើឥទ្ធិពលមកលើរដ្ឋបាលខេត្តកំពង់ឆ្នាំង យល់ព្រមតាមដំណោះស្រាយរបស់ ដួង តារា។ ករណីប៉ុនប៉ងសូកប៉ាន់ប្រព្រឹត្តិដោយឈ្មោះ កន សុខកាយ ចំណាយប្រាក់ ៣០ម៉ឺនដុល្លារ ឲ្យមកដួង តារា, ឡាច សំរោង, លី សាម៉េត ដើម្បីឲ្យរូបខ្លួនទទួលបានការតែងតាំងជាអភិបាលក្រុងអរិយក្សត្រ (ប្រគល់លើកទី១ ចំនួន១៥ម៉ឺន ប្រគល់លើកទី២ ចំនួន១៥ម៉ឺន ដួង តារា, ឡាច សំរោង ប្រាប់ លី សាម៉េត ជាទឹកប្រាក់ កន សុខភាយ ជូនដើម្បីឲ្យបានជាអភិបាលក្រុងអរិយក្សត្រ មានតែ ១២ម៉ឺនដុល្លារ) ។
ជាមួយគ្នានោះដែរ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានកំពុងពិនិត្យ ករណី ប៉ុនប៉ង សូកប៉ាន់ប្រព្រឹត្តិដោយអភិបាលរងខេត្តពោធិ៍សាត់ ឡាយ វិសិដ្ឋ (ចំណាយ ប្រាក់ ៥៧ម៉ឺនដុល្លារ) ទៅ ឡាច សំរោង និង លី សាម៉េត។ ករណីប៉ុនប៉ងសូកប៉ាន់ប្រព្រឹត្ត ដោយ មួង ឃឹម និងបក្ខពួកឲ្យយុវជនម្នាក់ទើបជាប់បរិញ្ញាបត្រ ឲ្យបានចូលក្របខណ្ឌគយ ហើយឲ្យបានធ្វើគយនៅខេត្តបាត់ដំបង ជាថ្នូរ នឹងប្រាក់៣០ម៉ឺនដុល្លារអាមេរិក) ។
យ៉ាងណាក្តី អង្គភាពបានលើកឡើងថា រាល់ករណីប៉ុនប៉ងសូកប៉ាន់ខាងលើ បានបរាជ័យ មិនអាចសម្រេចដោយថ្នាក់លើមិន ដែលធ្វើការតែងតាំងមន្ត្រីដោយសំណូកឡើយ ៕
ចែករំលែកព័តមាននេះ