ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ សង្ឃឹមថា “​ធម្មនុញ្ញ​សន្តិភាព​”​ នឹង​ទទួល​បាន​ការ​ឯកភាពយល់ព្រម​ពី​សម័យប្រជុំ​ពេញអង្គ​របស់ IPTP​ លើក​ទី​១១

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ នៃ​កម្ពុជា បាន​សម្តែង​នូវ​មោទនភាព ចំពោះ​ការ​រៀបចំ​របស់​កម្ពុជា នូវ​សេចក្តី​ព្រាង​ធម្មនុញ្ញ​សន្តិភាព…

រាជធានី​ភ្នំពេញ ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ នៃ​កម្ពុជា បាន​សម្តែង​នូវ​មោទនភាព ចំពោះ​ការ​រៀបចំ​របស់​កម្ពុជា នូវ​សេចក្តី​ព្រាង​ធម្មនុញ្ញ​សន្តិភាព ដើម្បី​មនុស្សជាតិ​ និង​ភព​ផែនដី​ និង​សង្ឃឹមថា ធម្មនុញ្ញ​សន្តិភាព​នេះ នឹង​ទទួល​បាន​នូវ​ការ​ឯកភាព យល់ព្រម​ពី​សម័យប្រជុំ​ពេញអង្គ​របស់ IPTP ​លើក​ទី​១១ ​។ រដ្ឋសភា​កម្ពុជា​ នឹង​ម្ចាសផ្ទះ​កិច្ចប្រជុំ​ពេញអង្គ​របស់ ​IPTP​ លើក​ទី​១១ ​ចាប់ពី​ថ្ងៃ​ទី​២៣ ដល់ ២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​ ។

ក្នុង​ពេល​អនុញ្ញាត​ឱ្យ​ឯកឧត្តម កៅ គឹ​ម​ហួ​ន អគ្គលេខាធិការ​អាស៊ាន ចូល​ជួប​សម្ដែង​ការ​គួរសម នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​អគ្គលេខាធិការ​អាស៊ាន ដែល​បាន​អញ្ជើញ​មក​ចូលរួម​សម័យប្រជុំ​ពេញអង្គ​ លើក​ទី​១១ នៃ​សភា​អន្តរជាតិ ដើម្បី​ភាព​អត់ឱន និង​សន្តិភាព (IPTP) ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ​។

សម្តេច​សង្ឃឹមថា ធម្មនុញ្ញ​សន្តិភាព​នេះ នឹង​ទទួល​បាន​នូវ​ការ​ឯកភាព យល់ព្រម​ពី​សម័យប្រជុំ​ពេញអង្គ​របស់ IPTP ហើយ នឹង​ក្លាយជា​កម្លាំង​ច​លករ​ដ៏​សំខាន់ ​ក្នុង​ការ​រៀបចំ និង​ដាក់​ចេញ​នូវ​ផែនទី​បង្ហាញផ្លូវ​សម្រាប់​សមាជិក ដែល​ជា​ការ​ចាំបាច់​បំផុត​ក្នុង​ការ​កសាង និង​ថែរក្សា​សន្តិភាព ក្នុង​ខណៈ ​ដែល​សភាពការណ៍​ពិភពលោក កំពុង​ជួប​ការ​លំបាក និង​ភាព​ស្មុគស្មាញ​យ៉ាង​ខ្លាំង ​។

នៅ​ក្នុង​ជំនួប​នោះ​ដែរ ​ឯកឧត្តម​ កៅ គឹ​ម​ហួ​ន អគ្គលេខាធិការ​អាស៊ាន បាន​សម្តែង​នូវ​ការ​ដឹងគុណ​ចំពោះ​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា របស់​កម្ពុជា ​ចំពោះ​គំនិត​ផ្តួចផ្តើម​នានារបស់​អាស៊ាន​ពាក់ព័ន្ធ​នឹង​សន្តិភាព និង​ភាព​អត់ឱន និង​ទទួលស្គាល់​ពី​ភាព​ដឹកនាំ​របស់​កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​រៀបចំ IPTP ​។

ឯកឧត្តម ​ក៏​បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​ធម្មនុញ្ញ​សន្តិភាព ដើម្បី​ប្រជាជន​ និង​ភព​ផែនដី ដែល​ប្រកបដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយ និង​ដាក់​ចេញ​ដោយ សម្តេច​តេ​ជោ ដែល​នឹង​ត្រូវ​បាន​អនុម័ត ​នៅ​សម័យប្រជុំ​ពេញអង្គ​ លើក​ទី​១១ នៃ​សភា​អន្តរជាតិ ​ដើម្បី​ភាព​អត់ឱន និង​សន្តិភាព ដែល​គ្របដណ្តប់​លើ​សសរស្តម្ភ​ សំខាន់​ចំនួន​ប្រាំ​រួម​មាន ៖ ការ​ទប់ស្កាត់​ជម្លោះ វឌ្ឍនភាព​ នៃ​ការ​កសាង​សន្តិភាព​ និង​កិច្ច​សម្របសម្រួល​ល្អ យុត្តិធម៌​អន្តរកាល ការ​កសាង​ឡើង​វិញ​ក្រោយ​ជម្លោះ និង​សន្តិសុខ​ស្បៀង និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ​ ។

ឯកឧត្តម ​ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ អំពី​សារៈសំខាន់ នៃ​សសរស្តម្ភ​ទាំង​ប្រាំ​ នៃ​ធម្មនុញ្ញ​សន្តិភាព ក្នុង​ការ​ផ្ដល់​ជូន​ជា​កម្លាំង​ច​លករ​កាន់តែ​ប្រសើរ ឆ្ពោះទៅ​រក​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជំរុញ​តម្លៃ​រួម ក្នុង​សន្តិភាព​និង​ភាព​អត់ឱន ជំរុញ​សន្តិសុខ​ធនធាន និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដែល​ស្រប​ទៅ​នឹង​គោលដៅ អាទិភាព​របស់​អាស៊ាន​ផង​ដែរ ​។

ឯកឧត្តម​ ក៏​បាន​លើក អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន ក្នុង​កា​រលើ​កម្ពស់​សន្តិភាព គ្របដណ្ដប់​លើ​សសរស្តម្ភ ​ទាំង​៣​​ របស់​អាស៊ាន ដោយ​រួម​មានការ​ប្រកាស​ជា​ផ្លូវការ ​នូវ​គោលនយោបាយ​ជា​ច្រើន រួម​ទាំង​សេចក្តី​ប្រកាស​ទីក្រុង​ម៉ានីល ដើម្បី​ប្រឆាំង​នឹង​ការ​កើនឡើង ​នៃ​ភាព​ជ្រុលនិយម ការ​ប្រើប្រាស់​អំពើ​ហិង្សា សេចក្តី​ប្រកាស​អាស៊ាន​ ស្ដី​អំពី​វប្បធម៌ ការ​ធ្វើ​ឱ្យ​សង្គម​មួយ​មាន​សន្តិភាព បរិ​យា​ប័ន្ន ភាព​ធន់ ភាព​ជោគជ័យ និង​សុខដុមរមនា ព្រមទាំង​សេចក្តី​ប្រកាស​របស់​មេដឹកនាំ​អាស៊ាន ស្ដី​ពី​ការ​ពង្រឹង​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ និង​ការ​ឆ្លើយ​តប​នឹង​វិបត្តិ​នានា ក្នុង​ខណៈ ​ដែល​ជម្លោះ និង​ភាព​តានតឹង​នៅ​តែ​បន្ត​កើត​មាននៅ​តំបន់​នានា និង​ជា​ពិសេស​ការ​ប្រែប្រួល ​នៃ​អភិក្រម​ថ្មី​សម្រាប់​កិច្ច​សហប្រតិបត្តិការ និង​កិច្ចប្រជុំ​នានា​របស់​អាស៊ាន​ផង​ដែរ​ ។

ជា​ការ​ឆ្លើយ​តប សម្តេច​តេ​ជោ បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​គាំទ្រ​ដល់​ធម្មនុញ្ញ​សន្តិភាព និង​បាន​គូសបញ្ជាក់​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុង​ការ​ប្រមូល​ធាតុ​ចូល និង​បញ្ញាញាណ​ពី​គ្រប់​ច្រកល្ហក ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​កញ្ចប់ និង​ជា​ផែនទី​ចង្អុល​ផ្លូវ​មួយ ​ដែល​កម្ពុជា​រួម​គ្នា​តាក់តែង​ឡើង​ ។

សម្តេច​តេ​ជោ ក៏​បាន​កត់​សម្គាល់ការ​កើនឡើង នៃ​គ្រោះ​មហន្តរាយ​ធម្មជាតិ​នា​ពេល​ថ្មី​ៗ កន្លង​ទៅ​នេះ ដែល​បាន​ប៉ះពាល់​ដល់​ប្រទេស​សមាជិក​អាស៊ាន រួម​មាន​កម្ពុជា​ផង​ដែរ ​។

សម្តេច​តេ​ជោ ក៏​បាន​សម្តែង​នូវ​ក្តី​រីករាយ ដែល​រាល់​ការ​ផ្តួចផ្តើម​របស់​កម្ពុជា តែងតែ​ទទួល​បានការ​ស្វាគមន៍ ទទួលយក និង​គាំទ្រ​ពី​បណ្តា​ប្រទេស​នានា​ ។

សម្ដេច​តេ​ជោ បាន​សម្តែង​នូវ​ក្តី​សោមនស្ស និង​មាន​មោទនភាព ដែល​សម័យប្រជុំ​ពេញអង្គ​សភា​អន្តរជាតិ​ដើម្បី​ភាព​អត់ឱន និង​សន្តិភាព លើក​ទី​១១ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នេះ មានការ​ចូលរួម​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​រួម​មាន អាហ្វ្រិក អា​មេ​រិ​កឡា​ទី​ន គណបក្ស​នយោបាយ​និយម​កណ្ដាល និង​ថ្នាក់ដឹកនាំ​កំពូល​ៗ​ជា​ច្រើន​ទៀត​ ។

សម្តេច​តេ​ជោ ក៏​បាន​ធ្វើការ​កត់សម្គាល់​ខ្ពស់ ចំពោះ​សភាពការណ៍​តានតឹង និង​ពិបាក​ប៉ាន់ស្មាន​នៅ​លើ​ពិភពលោក ដែល​តែងតែ​បង្ក​ការ​លំបាក​ដល់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​នានា ស្រប​នឹង​ពាក្យ​ថា “​ដំរី​ជល់​គ្នា​ងាប់​ស្មៅ​”​ ។

សម្តេច​តេ​ជោ ក៏​បាន​បញ្ជាក់​ថា នា​ពេល​កន្លង​ទៅ នៅ​ទីក្រុង​ដា​វូ​ស សម្តេច​តេ​ជោ បាន​ថ្លែង​ថា អាស៊ាន​មិន​ត្រូវធ្វើ​ជា​ស្មៅ​ឱ្យ​គេ​ជាន់​នោះ​ទេ​ ។

សម្តេច​តេ​ជោ ក៏​បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​គោលនយោបាយ ជា​រួម​របស់​អាស៊ាន ​ដែល​មាន​ភាព​បត់បែន រក្សា​បាន​នូវ​ទំនាក់ទំនង​ល្អ រវាង​ប្រទេស​នានា​ លើ​សកលលោក​ ។

សម្តេច​តេ​ជោ បាន​សម្ដែង​នូវ​មោទនភាព ក្នុង​ក្រប​ខណ្ឌ​អាស៊ាន ដែល​រហូត​មក​ទល់​នឹង​ពេល​នេះ កម្ពុជា បាន​ដើរ​នៅ​តួនាទី​ដ៏​សំខាន់ និង​បាន​ផ្ដួចផ្ដើម​គំនិត​ជា​ច្រើន ហើយ​ឯកសារ​សំខាន់​ៗ និង​សេចក្តីថ្លែងការណ៍​នៃ​កិច្ចប្រជុំ​កំពូល​ជា​ច្រើន ត្រូវ​បាន​ដាក់​ចេញពី​រាជធានី​ភ្នំពេញ និង​តែង​ទទួល​បាន នូវ​ការ​គាំទ្រ​ជា​បន្តបន្ទាប់ ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ