ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​ត្រៀម​ផលិត​ខែល​ការ​ពារ​ដែន​អាកាស​ទប់​ទល់​នឹង​មីស៊ីល​រុស្ស៊ី

8 ម៉ោង មុន

ទី​ក្រុង​កៀវ៖ អ៊ុយ​ក្រែន​ចាប់​ផ្ដើម​​គិត​គូរ​អំពី​ការ​ផលិត​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ស៊េរី​ទំនើប​​​ដើម្បី​​​ទប់​ទល់​នឹង​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម​សេរ៊ី​ថ្មី​របស់​​រុស្ស៊ី​​ដែល​ចាប់​ផ្ដើម​ដាក់​ពង្រាយ​ជា​បណ្ដើរ​ៗ​ហើយ​។​ មេ​ដឹក​នាំ​​​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​ស្គី ថ្លែង​នៅ​ក្នុង​សុន្ទរ​កថា​ប្រចាំ​ពេល​រាត្រី​ថា​ការ​ដែល​រុស្ស៊ី​បាញ់​មីស៊ីល​ទំនើបរបស់​ខ្លួន​នោះ​ដើម្បី​បំភិត​បំភ័យ​ប្រទេស​ដទៃ​។​ ដូច្នេះ​ លោក​​សូម​​អំពាវ​នាវ​មាន​ការ​ឆ្លើយ​តប​ជា​សាកល​ដើម្បី​កុំ​ឱ្យ​រុស្ស៊ី​ពង្រីក​សង្គ្រាម​អ៊ុយ​ក្រែន​​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​។​ លោក​ហ្សេឡិន​ស្គី​ថ្លែង​ថា​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អ៊ុយ​ក្រែន​តាង​នាម​ជំនួស​មុខ​ឱ្យ​រូប​លោក​ផ្ទាល់​ចាប់​ផ្ដើម​​ជួប​ប្រជុំ​ជា​មួយ​​ក្រុម​ប្រទេស​ជា​ដៃ​គូ​ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​ផលិត​​ខែល​ការ​ពារ​ដែន​អាកាស​ស៊េរី​ថ្មី​ដែល​អាច​ឃ្លាំ​មើល​២៤​ម៉ោង​លើ​២៤​ម៉ោង​ដើម្បី​ទប់​ស្កាត់​ហានិភ័យ​ថ្មី​ៗ​។ លោក​ថ្លែង​ថា​នៅ​ពេល​​នរ​​ណា​ម្នាក់​គំរាម​កំហែង​ទៅ​លើ​ប្រទេស​ដទៃ​ ហើយ​យក​ប្រទេស​នោះ​ធ្វើ​ជា​ទី​តាំង​សាក​ពិ​សោធ​គ្រាប់​មីស៊ីល​ថ្មី​ៗ​របស់​ខ្លួន​​ដើម្បី​បំភិត​បំភ័យ…

ទី​ក្រុង​កៀវ៖ អ៊ុយ​ក្រែន​ចាប់​ផ្ដើម​​គិត​គូរ​អំពី​ការ​ផលិត​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ស៊េរី​ទំនើប​​​ដើម្បី​​​ទប់​ទល់​នឹង​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម​សេរ៊ី​ថ្មី​របស់​​រុស្ស៊ី​​ដែល​ចាប់​ផ្ដើម​ដាក់​ពង្រាយ​ជា​បណ្ដើរ​ៗ​ហើយ​។​ មេ​ដឹក​នាំ​​​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​ស្គី ថ្លែង​នៅ​ក្នុង​សុន្ទរ​កថា​ប្រចាំ​ពេល​រាត្រី​ថា​ការ​ដែល​រុស្ស៊ី​បាញ់​មីស៊ីល​ទំនើបរបស់​ខ្លួន​នោះ​ដើម្បី​បំភិត​បំភ័យ​ប្រទេស​ដទៃ​។​ ដូច្នេះ​ លោក​​សូម​​អំពាវ​នាវ​មាន​ការ​ឆ្លើយ​តប​ជា​សាកល​ដើម្បី​កុំ​ឱ្យ​រុស្ស៊ី​ពង្រីក​សង្គ្រាម​អ៊ុយ​ក្រែន​​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​។​

លោក​ហ្សេឡិន​ស្គី​ថ្លែង​ថា​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អ៊ុយ​ក្រែន​តាង​នាម​ជំនួស​មុខ​ឱ្យ​រូប​លោក​ផ្ទាល់​ចាប់​ផ្ដើម​​ជួប​ប្រជុំ​ជា​មួយ​​ក្រុម​ប្រទេស​ជា​ដៃ​គូ​ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​ផលិត​​ខែល​ការ​ពារ​ដែន​អាកាស​ស៊េរី​ថ្មី​ដែល​អាច​ឃ្លាំ​មើល​២៤​ម៉ោង​លើ​២៤​ម៉ោង​ដើម្បី​ទប់​ស្កាត់​ហានិភ័យ​ថ្មី​ៗ​។ លោក​ថ្លែង​ថា​នៅ​ពេល​​នរ​​ណា​ម្នាក់​គំរាម​កំហែង​ទៅ​លើ​ប្រទេស​ដទៃ​ ហើយ​យក​ប្រទេស​នោះ​ធ្វើ​ជា​ទី​តាំង​សាក​ពិ​សោធ​គ្រាប់​មីស៊ីល​ថ្មី​ៗ​របស់​ខ្លួន​​ដើម្បី​បំភិត​បំភ័យ ​មាន​ន័យ​ថា​​ជា​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ​​យ៉ាង​ពិត​ប្រា​កដ​​។

លោក​ក៏​សូម​អំពាវ​នាវ​​ផង​ដែរ​ឱ្យ​​ប្រជា​ជន​អ៊ុយ​ក្រែន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​​ខ្ពស់​ចំពោះ​ការ​​​វាយ​ប្រហារ​ឥត​ឈប់​ឈរ​ដោយ​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី​។ នៅ​​ក្នុង​សង្គ្រាម​ យើង​គ្មាន​ជម្រើស​ណា​ផ្សេង​ក្រៅ​ពី​អនុវត្ត​វិធី​បែប​នេះ​​ទេ​។ យើង​ត្រូវ​តែយល់​ឱ្យ​បាន​ច្បាស់​ថា​សមមិត្ត​ពូទីន​នឹង​បន្ត​បំភិត​បំភ័យ​យើង​ជា​បន្ត​ទៀត​​​​។ គាត់​ធ្វើ​បែប​នេះ​ដើម្បី​ប្រមូល​ផ្ដុំ​អំណាច​របស់​គាត់​នៅ​ក្នុង​ដៃ​។​

ថ្មី​ៗ​នេះ លោក​ពូទីន​ប្រកាស​ថា​ប្រទេស​រុស្ស៊ី​នឹង​បន្ត​ធ្វើ​តេស្ត​សាក​ល្បង​គ្រាប់​មីស៊ីល​លឿន​ជាង​សំឡេង​ (ហាយ​ពើ​សូនិច – hypersonic) ស៊េរី​ថ្មី​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​​អូរេ​ស្នីក (Oreshnik)។ មីស៊ីល​នេះ​ទើប​តែ​ត្រូវ​រុស្ស៊ី​ប្រើ​ប្រាស់​សម្រាប់​វាយ​ប្រហារ​ទៅ​លើ​អ៊ុយ​ក្រែន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ក្រោយ​ពេល​អ៊ុយ​ក្រែន​បាញ់​មីស៊ីល​អាមេរិក​កម្ទេច​ឃ្លាំង​អាវុធ​រុស្ស៊ី​កាល​ពី​ថ្ងៃ​ពុធ​។​

លោក​ពូទីន​ក៏​​​ពន្លឿន​ការ​ផលិត​គ្រាប់​មីស៊ីល​​នេះ​ផង​ដែរ​។ លោក​អះអាង​​​ថា​មីស៊ីល​នេះ​មាន​អានុភាព និង​សមត្ថ​ភាព​ខ្លាំង​អស្ចារ្យ​អាច​គេច​ផុត​ពី​ការ​តាម​ប្រមាញ់​នៃ​​ខែល​​ការ​ពារ​ដែន​អាកាស​​របស់​សត្រូវ​។ លោក​ហ៊ាន​ធានា​អះ​អាង​ថា​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ​គ្មាន​ខែល​ការ​ពារ​មីស៊ីល​ណា​អាច​ទប់​ទល់​នឹង​មីស៊ីល​នេះ​​ឡើយ​ ហើយ​ក៏​​គ្មាន​ផ្លូវ​ស្ទាក់​ចាប់​មីស៊ីល​នេះ​បាន​​ដែរ​​។​

អ្នក​វិភាគ​យល់​ថា​ការ​ដែល​លោក​ពូទីន​បញ្ចេញ​​មីស៊ីល​ហាយ​ពើ​សូនិច​យក​មក​ប្រើ​ប្រាស់​​ដើម្បី​ជា​សារ​នយោបាយ​ប្រាប់​ទៅ​ក្រុម​បស្ចិម​ប្រទេស​ថា​ពួក​គេ​ត្រូវ​ដក​ខ្លួន​ថយ​ជាបន្ទាន់​​។ បើ​មិន​ដូច្នេះ​ទេ​ រុស្ស៊ី​ក៏​លែង​គួរ​សម​ត​ទៅ​ទៀត​ដែរ​ រុស្ស៊ី​សូម​រក្សា​សិទ្ធិ​បាញ់​មីស៊ីល​ដាក់​ប្រទេស​ដែល​ផ្ដល់​មីស៊ីល​ឱ្យ​អ៊ុយ​ក្រែន​បាញ់​ឆ្ងាយ​ៗ​ចូល​​​ទឹក​ដី​​រុស្ស៊ី​ដូច​ជា​​អាមេរិក និង​អង់គ្លេស​ជា​ដើម​។​

លោក​ពូទីន​​ថ្លែង​​ថា​សង្គ្រាម​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​​​ខ្លាំង​​ក្លាយ​ជា​ជម្លោះ​​អន្តរ​ជាតិ​ទៅ​ហើយ​។ គ្រាន់​តែ​​​លោក​មិន​បាន​និយាយ​អំពី​អាវុធ​នុយ​ក្លេអ៊ែរ​តែ​ប៉ុណ្ណោះ​​​។​ លោកបាន​បង្ហើប​ឱ្យ​ដឹង​​អំពី​លទ្ធ​ភាព​នៃ​ការ​វាយ​ប្រហារ​ទៅ​ក្រុម​ប្រទេស​ដែល​អនុញ្ញាត​ឱ្យ​​អ៊ុយ​ក្រែន​បាញ់​មីស៊ីល​ចូល​ទឹក​ដី​រុស្ស៊ី​។ ​ប៉ុន្តែ​ជាក់​ស្ដែង​ លោក​មិន​ទាន់​​បញ្ជា​ឱ្យ​វាយ​ប្រហារ​​​​​ប្រទេស​​ទាំង​នោះ​នៅ​ឡើយ​ទេ​។

អ្នក​វិភាគ​យល់​ថា​បើ​លោក​ពូទីន​ហ៊ាន​ធ្វើ​ដល់​ថ្នាក់​ហ្នឹង​មែន​ (វាយ​ប្រហារ​បស្ចិម​ប្រទេស​) ​ពេល​នោះ សង្គ្រាម​រវាង​អង្គការ​ណា​តូ និង​រុស្ស៊ី​ត្រូវ​តែ​កើត​ឡើង​ដោយ​ជៀស​មិន​ផុត​​។ បើ​ដល់​ដំណាក់​កាល​នោះ​ហើយ​ទោះ​បី​នរណា​ចង់​ទប់​ក៏​ទប់​លែង​ជាប់​ដែរ​។ លោក​បៃដិន​ធ្លាប់​ព្រមាន​ថា​បើ​រុស្ស៊ី​ហ៊ាន​ប៉ះ​ណាតូ​តែ​ប៉ុន​សរ​សៃ​សក់​​នឹង​ផ្ទុះ​សង្គ្រាម​លោក​លើក​ទី​៣​ជា​មិន​ខាន​​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ