ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផែនការដំឡើងពន្ធរបស់លោក ត្រាំ អាចធ្វើឱ្យ​ថៃខាតបង់សេដ្ឋកិច្ច១៦០ពាន់លានបាត

1 ថ្ងៃ មុន

ប្រទេសថៃ ៖ បើតាមប្រភពពីកាសែតបាងកកប៉ុស្តិ៍ កាលពីថ្មីៗនេះបានឱ្យដឹងថា ប្រទេសថៃប្រឈមនឹងការបាត់បង់គោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំក្រោយ ប្រសិនបើប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald…

0:00
0:00

ប្រទេសថៃ ៖ បើតាមប្រភពពីកាសែតបាងកកប៉ុស្តិ៍ កាលពីថ្មីៗនេះបានឱ្យដឹងថា ប្រទេសថៃប្រឈមនឹងការបាត់បង់គោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំក្រោយ ប្រសិនបើប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ធ្វើតាមការសន្យារបស់លោកដំឡើងពន្ធ ព្រោះតែអាចប៉ះពាល់ដល់ការនាំចេញរបស់ថៃ និងធ្វើឱ្យប្រាក់បាតធ្លាក់ចុះ។

សេដ្ឋកិច្ចប្រទេសថៃអាចខាតបង់សេដ្ឋកិច្ចក្នុងតម្លៃប្រហែល ១៦០ពាន់លានបាត ស្មើនឹង ៤.៦ពាន់លានដុល្លារអាមេរិក ដោយកាត់បន្ថយប្រហែល ០.៩% ពីអត្រាកំណើនផលិតផលក្នុងស្រុកសរុប ឬ GDP ៣% ត្រូវបានព្យាករណ៍សម្រាប់ឆ្នាំក្រោយ។ លោក ថាណាវ៉ាត់ ផុនវិឆៃ (Thanavath Phonvichai) ប្រធានសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃបានប្រាប់សន្និសីទខ្លីមួយនៅទីក្រុងបាងកក ដោយលើកឡើងពីការសិក្សាផ្អែកលើផែនការដំឡើងពន្ធបានប្រកាសពីមុនរបស់លោក ត្រាំ នោះថា «គឺជាផលប៉ះពាល់មិនអាចដណ្តើមយកបាន និងមិនអាចជៀសផុត ចំពោះសេដ្ឋកិច្ចរបស់យើង។ គោលដៅរបស់យើង ដើម្បីឈានដល់កំណើន ៣% នៅឆ្នាំក្រោយនឹងមានហានិភ័យ»។

អាជ្ញាធរថៃកំពុងរៀបចំដើម្បីការពារសេដ្ឋកិច្ចពីភាពតានតឹងពាណិជ្ជកម្ម ដែលអាចកើតមានក្រោមការដឹកនាំរបស់លោក ត្រាំ និងរក្សាការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនៅក្នុងកំណើនតាមរយៈការទូទាត់សាច់ប្រាក់ និងវិធានការបន្ធូរបន្ថយបំណុល។

ទោះយ៉ាងណាក៏ដោយ ប្រទេសថៃស្ថិតក្នុងចំណោមអ្នកទទួលផលពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងប្រទេសចិន អំឡុងពេលអាណត្តិដំបូងរបស់លោក ត្រាំ ដោយនៅពេលនោះ ក្រុមហ៊ុនជាច្រើនបានផ្លាស់ប្តូរទីតាំងអាជីវកម្មរបស់ពួកគេពីប្រទេសចិន ដើម្បីគេចពីពន្ធ និងការទប់ស្កាត់ពាណិជ្ជកម្ម។ ប៉ុន្តែការសិក្សាបានបង្ហាញថា ផលប៉ះពាល់ដល់សេដ្ឋកិច្ចថៃ អាចកើតឡើងដោយផ្ទាល់ពីការកាត់បន្ថយការនាំចេញទៅសហរដ្ឋអាមេរិក ដែលជាទីផ្សារដ៏ធំបំផុតរបស់ខ្លួន ក៏ដូចជាផលប៉ះពាល់ដោយប្រយោលកើតចេញពីការរំខាននៃសង្វាក់ផ្គត់ផ្គង់។ លោក ថាណាវ៉ាត បានឱ្យដឹងថា គោលនយោបាយលោក ត្រាំ ក៏នឹងធ្វើឱ្យរូបិយប័ណ្ណថៃចុះខ្សោយ និងកាត់បន្ថយការវិនិយោគរបស់អាមេរិកនៅក្នុងប្រទេសថៃផងដែរ។

របាយការណ៍សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃបង្ហាញថា ការនាំចេញឧបករណ៍អគ្គិសនី និងគ្រឿងអេឡិចត្រូនិចរបស់ថៃទំនងជានឹងរងនូវផលប៉ះពាល់ខ្លាំងបំផុត ព្រោះមានចំណែកជិតមួយភាគប្រាំ នៃការនាំចេញសរុបរបស់ប្រទេសថៃទៅកាន់ទីផ្សារអាមេរិក។ ឧស្សាហកម្មសំខាន់ៗផ្សេងទៀតដែលនឹងត្រូវធ្លាក់ចូលទៅក្នុងដំណាក់កាល នៃសង្រ្គាមពាណិជ្ជកម្ម គឺ គ្រឿងម៉ាស៊ីន អាហារកែច្នៃ យានយន្ត គ្រឿងបន្លាស់ ដែក និងកៅស៊ូ។

ផ្ទុយទៅវិញ អត្ថប្រយោជន៍ពីការកើនឡើងភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន នឹងក្លាយជាសមត្ថភាពរបស់ថៃក្នុងការជំនួសផលិតផលចិននៅក្នុងវិស័យមួយចំនួនដូចជា គ្រឿងម៉ាស៊ីន ឧបករណ៍អគ្គិសនី និងកៅស៊ូ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ