ចក្រភពអង់គ្លេស ៖ បើយោងតាមការវិភាគរូបភាពពីផ្កាយរណបអង្គការ Open Source Centre ជាក្រុមស្រាវជ្រាវមិនរកប្រាក់ចំណេញមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានឱ្យដឹងថា ប្រទេសរុស្ស៊ីត្រូវបានរាយការណ៍ថាបានផ្គត់ផ្គង់ប្រេងដល់ប្រទេសកូរ៉េខាងជើង ជាង១លានបារ៉ែល…
ចក្រភពអង់គ្លេស ៖ បើយោងតាមការវិភាគរូបភាពពីផ្កាយរណបអង្គការ Open Source Centre ជាក្រុមស្រាវជ្រាវមិនរកប្រាក់ចំណេញមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានឱ្យដឹងថា ប្រទេសរុស្ស៊ីត្រូវបានរាយការណ៍ថាបានផ្គត់ផ្គង់ប្រេងដល់ប្រទេសកូរ៉េខាងជើង ជាង១លានបារ៉ែល ចាប់តាំងពីខែមីនា ឆ្នាំ២០២៤នេះ។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បានប្រាប់ BBC ថា ប្រេងនេះ គឺជាការចំណាយសម្រាប់សព្វាវុធ ហើយកងទ័ពក្រុងព្យុងយ៉ាងត្រូវបានបញ្ជូនទៅក្រុងម៉ូស្គូ ដើម្បីចូលរួមប្រយុទ្ធសង្រ្គាមនៅអ៊ុយក្រែន។ ការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ីបានបំពានលើទណ្ឌកម្មអង្គការសហប្រជាជាតិ ដែលហាមឃាត់ប្រទេសទាំងអស់ មិនឱ្យលក់ប្រេងទៅឱ្យកូរ៉េខាងជើង ក្នុងគោលបំណងរារាំងសេដ្ឋកិច្ច និងទប់ស្កាត់ប្រទេសនេះពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរបន្ថែមទៀត លើកលែងតែក្នុងបរិមាណតិចតួច។
រូបភាពពីផ្កាយរណប ដែលចែកចាយផ្តាច់មុខជាមួយ BBC បង្ហាញពីនាវាដឹកប្រេងរបស់កូរ៉េខាងជើងជាច្រើនគ្រឿងបានមកដល់ស្ថានីយប្រេងចុងបូព៌ារបស់រុស្ស៊ី សរុបចំនួន ៤៣លើកក្នុងរយៈពេល៨ខែកន្លងមកនេះ។ រូបភាពផ្សេងទៀតថតពីផ្ទៃសមុទ្រ ហាក់ដូចជាបង្ហាញពីនាវាដឹកប្រេងមកដល់ទទេ ប៉ុន្តែចាកចេញទៅវិញជាមួយនឹងប្រេងស្ទើរតែពេញកប៉ាល់។ ពាក់ព័ន្ធនឹងការអះអាងនេះ ក្រសួងការបរទេសរុស្ស៊ីមិនបានឆ្លើយតបសំណើសុំការអត្ថាធិប្បាយរបស់ BBC នៅឡើយទេ គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា។
ចែករំលែកព័តមាននេះ