ខេត្តបាត់ដំបង ៖ ច្រកទ្វារព្រំដែនអន្តរជាតិ «ភ្នំដី» គឺជាច្រកសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងចំណោមច្រកទ្វារព្រំដែនជាច្រើនក្នុងខេត្តបាត់ដំបង ដែលធ្លាប់មានទំនិញ និងមនុស្សម្នារធ្វើដំណើរចេញចូលយ៉ាងមមារញឹកបំផុត រវាងប្រទេសកម្ពុជា និងប្រទេសថៃ ។ ប៉ុន្តែសព្វថ្ងៃច្រកអន្តរជាតិនេះ ហាក់ស្ងាត់ស្ងៀមគ្មានទំនិញ ឬមនុស្សម្នារចេញ-ចូលដូចមុនសម័យ«កូវីដ១៩»ឡើយ លើកលែងតែរថយន្តធុនធ្ងន់របស់ថៃចេញ-ចូលដឹកកសិផលរបស់ខ្មែរតាមរដូវកាលតែប៉ុណ្ណោះ ។
នៅលើស្ពានឆ្លងព្រំដែននៃច្រកទ្វារអន្តរជាតិ «ភ្នំដី» គេសង្កេតឃើញមានអ្នកដំណើរឆ្លងកាត់តិចតួចយ៉ាងសោះកក្រោះលាយឡំជាមួយនឹងក្រុមកម្មករប៉ុន្មាននាក់ដែលស៊ីឈ្មូលលី ឬស្ពាយទំនិញឆ្លងស្ពានព្រំដែនពីទឹកដីថៃចូលមកទឹកដីខ្មែរ ។ បើនិយាយពីក្រុមកម្មករខ្មែរ ដែលប្រឹងប្រែងស៊ីឈ្នួលលីសែងទំនិញឆ្លងព្រំដែនវិញ ពួកគេគ្មានរទេះដឹកជញ្ជូនទេ ។
ពួកគេបានប្រើកម្លាំងបាយសុទ្ធសាត ដើម្បីលីឬស្ពាយទំនិញឆ្លងដែនពីទឹកដីថៃចូលមកដីខ្មែរ ជាថ្នូរនឹងប្រាក់កំរៃតិចតួចបំផុត ។ នេះបើតាមក្រុមកម្មករទាំងនោះនិយាយប្រាប់ ។ ក្រុមកម្មករលីសែងទំនិញទាំងនោះ បានលើកឡើងដូចៗគ្នាថា ពួកគេមានពេលវេលាត្រឹមមួយព្រឹកប៉ុណ្ណោះ ដើម្បីរកប្រាក់ចំណូលប្រចាំថ្ងៃតាមរយៈការស៊ីឈ្នូលលី ឬស្ពាយទំនិញឆ្លងព្រំដែន ។ ហើយទំនិញទាំងនេះ ភាគច្រើនជាអីវ៉ាន់ចាប់ហួយ និងបន្លែ ផ្លែឈើ បន្តិចបន្ទួចប៉ុណ្ណោះ ដែលម្ចាស់ទំនិញទិញពីប្រទេសថៃ យកមកលក់តាមផ្ទះក្នុងភូមិជាលក្ខណៈគ្រួសារ ។
បែកញើសជោកពេញផ្ទៃមុខ កម្មករម្នាក់ឈ្មោះ ម៉ាក សុខ អាយុជាង៤០ឆ្នាំ បានប្រាប់ថា គាត់ធ្វើ
ចំណាកស្រុកមកពីខេត្តពោធិ៍សាត់មកស្នាក់បណ្ដោះអាសន្ននៅស្រុកសំពៅលូន ធ្វើជាកម្មករស៊ីឈ្នួលលីទំនិញឆ្លងដែនបែបនេះច្រើនឆ្នាំហើយ ។ គាត់បាននិយាយដូច្នេះថា «មួយព្រឹកនេះ ខ្ញុំលីអីវ៉ាន់បានប្រហែល៣ទៅ៤ជើង ហើយគិតជាប្រាក់ឈ្នួលបានប្រហែលជិត២ម៉ឺនរៀលប៉ុណ្ណោះ ឥឡូវអស់អីវ៉ាន់លីហើយ ។ ទំនិញដែលលីឆ្លងដែនជាប្រភេទទំនិញស្រាលៗទេ» ។
ដោយឡែក កម្មករដែលមានវ័យរាងជ្រេរម្នាក់ទៀត ដែលមើលទឹកមុខស្លេកស្លាំង ហាក់មានរោគប្រចាំកាយផង បានប្រឹងប្រែងលីផង ស្ពាយពីក្រោយខ្នងផង យ៉ាងសំពោងសម្ពាយស្ទើរគ្របលុបលើខ្លួន តែទំនងដូចជាមិនធ្ងន់ធ្ងរទេ ព្រោះវាជាចានស្នោរ ។ គាត់ឈ្មោះ សែប ហឿយ អាយុ៥៤ឆ្នាំ បានឆ្លើយតបនឹងសំនួរកោះសន្តិភាព ទាំងទំនិញនៅលើស្មារនៅឡើយថា «ខ្ញុំទើបលីបានមួយជើងហ្នឹងទេ» ។ គាត់បានរកកន្លែងអង្គុយបន្តិច ក្រោយពីទម្លាក់អីវ៉ាន់ពីលើស្មារ រួចដោះមួកក្រណាត់យកមកបក់ ដែលទំនងហត់ផង និងក្ដៅផង ។
លោក សែប ហឿយ ជាបុរសពោះម៉ាយ ដែលមានកូន០៤នាក់ក្នុងបន្ទុក។ នេះបើតាមគាត់លួចបង្ហើបពីប្រវត្តិរបស់គាត់យ៉ាងខ្លីប្រាប់កោះសន្តិភាព ។ ក្នុងទឹកមុខស្លេកស្លាំង អង្គុយលើកន្ទុយរ៉ឺម៉កម៉ូតូ កម្មករវ័យចំណាស់រូបនេះ បានលើកដៃចង្អុលគំនរចានស្នោរ រួចនិយាយថា «មួយព្រឹកនេះ ខ្ញុំលីអីវ៉ាន់បានប៉ុណ្ណឹង បើគិតប្រាក់ឈ្នួលបានប្រហែល៥០០០រៀលប៉ុណ្ណោះ» ។ ហាក់គ្មានកម្លាំងកំហែងទេ លោក សែម ហឿយ បានបង្ហាញនូវទឹកមុខយ៉ាងស្រងូតស្រង៉ាត់ ។
គាត់ងើបមុខបន្តិច រួចបន្លឺសម្លេងតិចៗថា «សព្វថ្ងៃ ខ្ញុំស៊ីឈ្នូលលីសែងអីវ៉ាន់ឆ្លងព្រំដែនឲ្យគេ បានកំរៃតិចតួចគ្រាន់ចិញ្ចឹមកូនៗផង និងព្យាបាលជំងឺខ្លួនឯងផង ។ ប៉ុន្តែរកមួយព្រឹកស្ទើរតែទិញអង្ករច្រកឆ្នាំងមួយពេលមិនបានផង» ។ ត្រង់ចំណុចនេះ ទាំងលោក សែប ហឿយ ទាំងលោក ម៉ាក សុខ ដែលមានអាជីពស៊ីឈ្នូលលីសែងទំនិញឲ្យគេ រាប់សិបឆ្នាំដូចគ្នា សុទ្ធតែបានលើកឡើងប្រហាក់ប្រហែលគ្នា ពីជីវភាពដ៏លំបាកលំបិនចិញ្ចឹមកូន ខ្វះព្រឹកខ្វះល្ងាចបែបនេះ ។
ពួកគាត់បាននិយាយព្រមៗគ្នា នៅចំពោះមុខកោះសន្តិភាពដូច្នេះថា «ពួកខ្ញុំទាំង០២នាក់ សុទ្ធតែជាអ្នកធ្វើចំណាកស្រុកដូចគ្នា ហើយសព្វថ្ងៃស្នាក់នៅផ្ទះជួលដូចគ្នារាប់សិបឆ្នាំកន្លងមកហើយ ហើយជីវភាពក៏ខ្វះខាតដូចគ្នាទៀត ។ ពេលខ្លះ រកប្រាក់មិនបានបង់ថ្ងៃផ្ទះជួលផង ត្រឹម១ខែ១០ម៉ឺនរៀល» ។
កម្មករស៊ីឈ្នួលលីសែងទំនិញឆ្លងព្រដែន នៅច្រកទ្វារអន្តរជាតិ «ភ្នំដី» នេះ មានមិនច្រើននាក់ទេ ។ នេះបើតាមកម្មករនិយាយប្រាប់ ។ ពួកគេនិយាយថា ឆ្មាំព្រំដែនមិនអនុញ្ញាតឲ្យប្រើរទេះអូស ឬរុញ សម្រាប់ដឹកជញ្ជូនទំនិញឆ្លងព្រំដែនទេ ព្រោះរញ៉េរញ៉ៃពេក តែកម្មករអាចលីសែងដោយកម្លាំងបាយ ចេញពីទឹកដីថៃ ឆ្លងស្ពានព្រំដែនចូលមកដីខ្មែរបាន តាមដែលអាចធ្វើបាន ។
បើតាមការលើកឡើងរបស់ក្រុមកម្មករបានបញ្ជាក់ថា ទំនិញដែលពួកគាត់ស៊ីឈ្នូលលីលែងឲ្យគេនោះ ភាពច្រើនជាទំនិញស្រាលៗ ហើយលីជញ្ជូនត្រឹមមួយកំណាត់ព្រឹក ក៏អស់ទំនិញជញ្ជូនទៅហើយ ។ ដូច្នេះពួកគាត់រកចំណូលបានបន្តិចបន្តួចប៉ុណ្ណោះ ។ បើពិនិត្យលើចម្ងាយផ្លូវដែលក្រុមកម្មករលីសែងទំនិញ គឺ លីចេញពីចុងស្ពានម្ខាងនៃព្រំដែនថៃ ឆ្លងចូលមកចុងស្ពានម្ខាងនៃខាងទឹកដីខ្មែរ ដែលមានចម្ងាយប្រហែលជិត១០០ម៉ែត្រប៉ុណ្ណោះ ។
យើងក្រឡេកទៅមើលស្ត្រីម្នាក់ឯណោះវិញ ដែលកម្មករលីសែងទំនិញដែរ ក៏មិនខុសពីលោក
សែប ហឿយ ប៉ុន្មានទេ ក្នុងការប្រឹងប្រែងលីសែងទំនិញដ៏សំពីងសំពោងនៅលើស្មារ ។ ប៉ុន្តែខុសត្រង់ថា ស្ត្រីរូបនេះស្ថិតក្នុងទឹកមុខញញឹមញញ៉េមយ៉ាងរាក់ទាក់ ខណៈលោកហឿយ ស្ថិតក្នុងទឹកមុខស្លេកស្លាំង បើទោះជានៅក្នុងដៃ និងក្រោយខ្នងគាត់ផ្ទុកទៅដោយកេសទំនិញស្ទើរគ្រប់ពេញនៅលើខ្លួនដូចគ្នាក្ដី ។
ក្នុងដៃទាំង២មានយូរកេសយ៉ាងធំៗ ខណៈនៅពីក្រោយខ្នងគាត់ក៏មានស្ពាយកេសធំៗដែរ ។ ក្នុងទឹកមុខញញឹកញញ៉េម ទំនិញមិនទាន់ទម្លាក់ចេញពីស្មារផង កម្មករស្រីរូបនេះ បានឆ្លើងឆ្លើយយ៉ាងរាក់ទាក់ជាមួយកោះសន្តភាពទៅហើយ ។
កិច្ចស្វាគមន៍របស់គាត់ជាមួយនឹងពាក្យថា «ខ្ញុំជញ្ជូនបានមួយជើងហើយ។ អីវ៉ាន់នេះមិនធ្ងន់ទេ ព្រោះវាជាសម្បកកែវជ័រទេ» ។ ក្នុងឱកាសដ៏មានតំលៃរបស់គាត់ ស្ត្រីរូបនេះបានផ្ដល់ពេលដ៏ខ្លីនិយាយជាមួយកោះសន្តិភាព ក្រោយទម្លាយទំនិញចុះពីលើស្មារ ។ គាត់បានប្រាប់ថា «ខ្ញុំឈ្មោះ គឹម ឈឿន អាយុ៤៨ឆ្នាំ ។ ខ្ញុំអ្នកនៅខេត្តតាកែវ តែបានមករស់នៅស្រុកសំពៅលូននេះយូរឆ្នាំហើយ ។ ខ្ញុំបានវិលត្រឡប់ទៅស្រុកកំណើតវិញមួយរយៈ នៅក្នុងអំឡុងផ្ទុះមេរោគកូវីដ១៩ តែខ្ញុំបានត្រឡប់មកវិញ ក្រោយមេរោគចង្រៃនេះស្ងាប់ស្ងាត់ ។ ប៉ុន្តែបានធ្វើជាកម្មករស៊ីឈ្នូលលីសែងទំនិញឲ្យគេនេះ ទើបបានប្រហែល១ខែប៉ុណ្ណោះ ដោយសារគ្មានមុខរបរអ្វីផ្សេង»។
កោះសន្តិភាព៖ តើមួយថ្ងៃរកចំណូលបានប៉ុន្មាន ? អ្នកស្រី គឹមឈឿន បន្លឺសំណើចបន្តិច ជាមួយនឹងចម្លើយយ៉ាងខ្លីថា « បានប្រហែលពី១ម៉ឺន ទៅ២ម៉ឺនរៀលប៉ុណ្ណោះទេ» ។នៅលើទីធ្លាដ៏តូចចង្អៀតមួយ ខាងក្រោយស្នាក់ការត្រូតពិនិត្យច្រកទ្វារអន្តរជាតិ «ភ្នំដី» គេមានក្រុមកម្មករត្រឹមប៉ុន្មាននាក់ប៉ុណ្ណោះ រួមទាំងអ្នករត់ម៉ូតូកង់៣ផង កំពុងរង់ចាំដឹកទំនិញបន្ត កំពុងមមារញឹកក្នងការដឹកជញ្ជូនទំនិញ ។ ម៉ោងមិនទាន់១០ព្រឹកផង ស្ថានភាពចេញ-ចូលច្រកទ្វារអន្តរជាតិ«ភ្នំដី» ហាក់ស្ងប់ស្ងាត់អ្នកដំណើរចេញចូលបាត់ទៅហើយ ។ លើកលែងតែក្រុមពលករឆ្លងដែនស្របច្បាប់ប៉ុណ្ណោះ ដែលមានសកម្មភាពរប៉ុយៗ ឆ្លងដែនចេញទៅធ្វើការនៅប្រទេសថៃ ។
ស្ថិតក្នុងស្ថានភាពបែបនេះ មន្ត្រីព្រំដែនម្នាក់បានប្រាប់ថា ចាប់តាំងសម័យផ្ទុះមេរោគ «កូវីដ១៩» រហូតមក ច្រក«ភ្នំដី» នេះ ស្ងាត់ឈឹងតែម្ដង ។ មន្ត្រីដដែលនេះ បានរំលឹកថា មុនសម័យកូវីដ១៩ ច្រកទ្វារភ្នំដីនេះ ហាក់មានសភាពអ៊ូរអសម្បើមណាស់។ ប៉ុន្តែសព្វថ្ងៃមិនសូវមានទំនិញចេញចូលទេ លើកលែងតែដល់រដូវប្រមូលផលកសិកម្មប៉ុណ្ណោះ ដែលមានរថយន្តថៃចេញ-ចូលដឹកកសិផល ក្រៅពីនេះ គ្មានសកម្មភាពអ្វីទេ៕
ចែករំលែកព័តមាននេះ