ខេត្តមណ្ឌលគិរី ៖ បុរសជនជាតិដើមភាគតិចម្នាក់ ឆ្លៀតពេលទំនេរពីរបរធ្វើស្រែចម្ការបានច្នៃអន្ទាក់អគ្គិសនីសម្រាប់ឆក់សត្វព្រៃ តែចៃដន្យអាក្រក់បែរជាឆ.ក់ខ្លួនឯងស្លាប់ចោលប្រពន្ឋកូន ដែលហេតុការណ៍នេះ កើតឡើងនៅវេលាទៀបភ្លឺថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណ្អើក តូន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
បើតាមប្រភពព័ត៌មាន មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានចេញពីផ្ទះទៅចម្ការវេលាម៉ោង៥ល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ប៉ុន្តែបាត់យូរពេក ទើបស្ត្រីជាប្រពន្ធទៅតាមដល់ចំការស្រាប់ប្រទះឃើញប្តីរបស់ខ្លួនស្លាប់នៅកន្លែងដាក់អន្ទាក់នោះតែម្ដង។
នគបាលស្រុកពេជ្រាដាបញ្ជាក់ថា បន្ទាប់ពីមន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដា កោសល្យវិច្ច័យរួចសន្និដ្ឋានថា ជនរងគ្រោះពិតជាបានដាក់អន្ទាក់ ប្រើឧបករណ៍អគ្គិសនី រួចភ្លេចខ្លួនដើរជាន់ខ្លួនឯងស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្នសព ត្រូវបានមន្ត្រីជំនាញប្រគល់ជូនសាច់ញាតដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ