ខេត្តកំពង់ចាម ៖ «នាយក-នាយិកាសាលាបឋមសិក្សា អនុវិទ្យាល័យនិងវិទ្យាល័យ ត្រូវតែបង្កើនការយកចិត្តទុកដាក់លើលក់ដូរក្នុងបរិវេណសាលាធ្វើយ៉ាងណាកុំឲ្យមានចំណីអាហារដែលក្រសួងអប់រំបានហាមមិនឲ្យទទួលទានជៀសវាងកុំឱ្យកើតជំងឺទឹកនោមផ្អែមនាំឱ្យខូចក្រលៀន»។
នេះជាប្រសាសន៍របស់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តថ្លែងក្នុងពិធីបើកបក្សបវេសនកាលថ្មីឆ្នាំសិក្សា២០២៤-២០២៥ ដោយធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យព្រះសីហនុក្រុងកំពង់ចាម។ក្នុងនោះមានការចូលរួមពីសំណាក់សិស្សានុសិស្សទាំងសាលារដ្ឋនិងសាលាឯកជនមួយចំនួនដែលមានរហូតដល់រាប់រយនាក់។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា បើតាមព័ត៌មានចំពោះលទ្ធផលនៃការប្រឡងបាក់ឌុបឆ្នាំសិក្សា២០២៣-២០២៤ និងត្រូវប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី ៣០តុលាខាងមុខ ដោយចំនួនសិស្សមានការជាប់ច្រើន។ហើយអ្នកដែលជាប់និទ្ទេសA ពុំមានជាប់ច្រើននោះទេ ដែលឆ្នាំកន្លងទៅអ្នកជាប់និទ្ទេសA មានចំនួន ១០៣នាក់ ក្នុងនោះអ្នកដែលជាប់ច្រើនជាងគេនៅក្រុងកំពង់ចាមតែម្ដង។
ឯកឧត្តមអភិបាលខេត្តមបានរំលឹកថា ចំពោះសិស្សដែលជាប់និទ្ទេសA ឆ្នាំកន្លងទៅត្រូវបានផ្ដល់ជូនកុំព្យូទ័រម្នាក់មួយគ្រឿងបូកថវិកា សរុបប្រមាណមួយពាន់ដុល្លារក្នុងម្នាក់ ដែលមានចំនួនសរុបទាំងអស់៥០នាក់។ ដោយបានលើកទឹកចិត្តដល់ពួកគាត់ធ្វើយ៉ាងណាត្រូវតែបន្តការសិក្សានៅឧត្តមសិក្សាឯរាជធានីភ្នំពេញ។ដើម្បីយកជំនាញដែលខ្លួនបានរៀននោះប្រយោជន៍មកបម្រើសង្គមជាតិនាពេលអនាគត។មួយវិញទៀតរាជរដ្ឋាភិបាលកម្ពុជាប្រសូតចេញពីការបោះឆ្នោតរយៈពេលជាងមួយឆ្នាំកន្លងមកនេះឃើញថាបានធ្វើការងារជាច្រើនណាស់ក្នុងនោះធ្វើយ៉ាងណារក្សាសុខសន្តិភាពនិងសណ្ដាប់ធ្នាប់សាធារណៈបានល្អប្រសើរជូនដល់បងប្អូនប្រជាពលរដ្ឋ។
បើប្រទេសជាតិពុំមានសន្តិភាពទេនោះដូច្នេះក្មួយៗកុំមានឱកាសមកសិក្សាឱ្យបានជាប់លាប់នោះទេ។ ឯកឧត្តមបានរំលឹកពីរកុមារភាពក៏ដូចជាពូមីងដែលប្រទេសជាតិងើបចេញពីភ្លើងសង្គ្រាមក្រោយរបបប្រល័យពូជសាសន៍ប៉ុល ពត ពេលដែលមកអង្គុយរៀនក្នុងបន្ទប់ថ្នាក់ពេលខ្លះគ្រាប់កាំភ្លើងប្លោងមកនាំគ្នារត់គេចក៏មាន ដោយខ្មែរក្រហមធ្វើយ៉ាងណាចង់ឱ្យប្រទេសជាតិយើងធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម តែក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោបាននាំឲ្យប្រទេសមានសុខសន្តិភាព។
សព្វថ្ងៃក្រោមការដឹកនាំប្រទេសពីសម្ដេចបវរធិបតី បានធ្វើការកំណែទម្រង់លើវិស័យប្រព័ន្ធអប់រំ សុខាភិបាលឱ្យកាន់តែមានភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំក្នុងនោះរួមមានទាំងប្រព័ន្ធយុត្តិធម៌ផងដែរ។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបញ្ជាក់ថា នៅតាមសាលារៀនលោកគ្រូបន្ទុកថ្នាក់បានបង្កើត group telegram ដើម្បីតាមដានពីសកម្មភាពសិស្សដែលមករៀននិងអ្នកមួយចំនួនមិនបានមករៀន ហើយក្នុងមួយថ្ងៃសិក្សាបួនម៉ោងនៅតាមសាលានានា។ ដូច្នេះដើម្បីឲ្យចំណេះដឹងកាន់តែមានភាពល្អប្រសើរចាំបាច់តម្រូវឲ្យសិស្សត្រូវនាំគ្នាចូលអាននិងស្រាវជ្រាវមេរៀនផ្សេងៗនៅក្នុងបណ្ណាល័យធ្វើយ៉ាងណាមួយថ្ងៃឱ្យបានមួយម៉ោង។
បើតាមរបាយការណ៍របស់លោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តឃើញថាមានលោកគ្រូអ្នកគ្រូក្នុងខេត្តកំពង់ចាម ទទួលបានចំណាត់ថ្នាក់ល្អក្នុងការប្រឡងប្រណាំងទូទាំងប្រទេស ហើយទូកងក៏ជាប់ចំណាត់ថ្នាក់លេខមួយទូទាំងប្រទេសថែមទៀត។បើតាមព័ត៌មានដែលរូបលោកបានដឹងរបាយការណ៍ចេញដោយមន្ទីរពេទ្យគន្ធបុប្ផាឃើញថាក្មេងអាយុ១២ឆ្នាំចុះក្រោមមានរហូតដល់ជាង៧០០នាក់ ត្រូវបានរកឃើញមានជំងឺទឹកនោមផ្អែម កត្តានេះអាចបណ្ដាលនាំឲ្យខូចក្រលៀន មូលហេតុមកពីការទទួលទានរបស់ផ្អែមលើសកម្រិត។
ជាសំណូមពររបស់រដ្ឋបាលខេត្តសូមឱ្យលោកគ្រូអ្នកគ្រូ ត្រូវតែមានទំនាក់ទំនងល្អជាមួយអាណាព្យាបាលសិស្ស ដើម្បីឲ្យដឹងថាកូនសិស្សមករៀនទៀងទាត់ហើយ បើគេចសាលារៀនត្រូវរាយការណ៍ជូនអាណាព្យាបាលដើម្បីមានវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលាព្រោះថាយុវជនចាំបាច់ណាស់ដែលជាទំពាំងស្នងឬស្សី។
ចែករំលែកព័តមាននេះ