ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា.ក.ស.ព.ដែលគេ​ប្លុងចោលក្នុងចម្ការ​ដំឡូង​ បាន​ស្គាល់អត្តសញ្ញាណហើយ​

4 អាទិត្យ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​ម្នាក់​អាយុ​ក្រោម​៥០​ឆ្នាំ ដែល​ភ្លាម​ៗ​នោះ​គេ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ ត្រូវ​បាន​គេ​សម្លាប់​ពី​ចម្ងាយ​រួច​យក​សព​មក​ប្លុង​ចោល​នៅ​ក្នុង​ដីចម្ការ​ដំឡូង​មួយ​កន្លែង ក្នុងភូមិ​ពន្លាក ឃុំ​ចុង​ជា​ច ស្រុក​តំបែរ ។ ក្រោយ​ពី​មាន​អ្នកស្រុក​ប្រទះ​ឃើញ​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច…

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​ម្នាក់​អាយុ​ក្រោម​៥០​ឆ្នាំ ដែល​ភ្លាម​ៗ​នោះ​គេ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ ត្រូវ​បាន​គេ​សម្លាប់​ពី​ចម្ងាយ​រួច​យក​សព​មក​ប្លុង​ចោល​នៅ​ក្នុង​ដីចម្ការ​ដំឡូង​មួយ​កន្លែង ក្នុងភូមិ​ពន្លាក ឃុំ​ចុង​ជា​ច ស្រុក​តំបែរ ។

ក្រោយ​ពី​មាន​អ្នកស្រុក​ប្រទះ​ឃើញ​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច ហើយ​លោក​ឧត្តមសេនីយ៍ទោ ចិន នី ស្នងការ​នគរបាល​ខេត្ត បាន​ចាត់​ឱ្យ​កម្លាំង​ការិយាល័យ​បច្ចេកទេស​ខេត្ត សហការ​ជាមួយ​នគរបាល​ស្រុក ទៅ​ត្រួតពិនិត្យ​និង​បាន​សន្និដ្ឋាន​ថា នេះ​ជា​ករណី​ឃាតកម្ម ហើយ​ជន​រង​គ្រោះ​ដែល​ស្លាប់​អាច​ជា​ជនជាតិ​វៀតណាម ។​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​កោះសន្តិភាព​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៤​ថា មាន​ពលរដ្ឋ​ម្នាក់​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ទៅ​លេង​នៅ​តំបន់​ត្រាស់​ស្មី ។

នៅ​ពេល​ទៅ​ដល់​ចម្ការ​ដំឡូង​មួយ​កន្លែង ហើយ​ចោល​កន្ទុយភ្នែក​ទៅ​ស្រាប់​ឃើញ​សព​បុរស​ម្នាក់​ដេក​ស្ដូកស្ដឹង ។ រំពេច​នោះ គាត់​ក៏​ជិះ​ម៉ូតូ​ត្រឡប់​មក​ភូមិ​វិញ រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​ចុង​ជា​ច ដើម្បី​ទៅ​ពិនិត្យ​មើល​សព ហើយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក និង​ខេត្ត បាន​សហការ​គ្នា​ហ៊ុម​ព័ទ្ធ​កន្លែង​ដែល​គេ​ប្លុង​សព​ចោល​នោះ ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ម្នាក់​ចូល​ទៅ​ក្បែរ​ឡើយ ។

សមត្ថកិច្ច​ប្រាប់​ថា តាម​រយៈ​គណៈកម្មការ​ចម្រុះ ដែល​មាន​នគរបាល​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​ខេត្ត នគរបាល​ជំនាញ​ស្រុក ព្រមទាំង​គ្រូពេទ្យ និង​អាជ្ញាធរ​មូលដ្ឋាន បាន​ធ្វើការ​ពិនិត្យ​សព​នា​វេលា​ម៉ោងជាង​២​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៤ ឃើញ​នៅ​លើ​ខ្លួនប្រាណ​សព មាន​បន្សល់​ទុក​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង ដែល​មាន​សរសេរ​អក្សរ​វៀតណាម ។ សព​មាន​ស្នាម​សាក់​ពី​ខ្នង​រហូត​ដល់​ដៃ ។ បន្ទាប់​ពី​ពិនិត្យ​រួចរាល់ កម្លាំង​នគរបាល​នាយកដ្ឋាន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ដឹក​សព​យក​ទៅ​កាន់​រាជធានី​ភ្នំពេញ​ទាំង​យប់ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​បន្ត ។

ជាមួយ​នេះ ផ្អែក​តាម​ការ​សន្និដ្ឋាន​បុរស​ដែល​ស្លាប់មាន​មាឌធំ កម្ពស់​ប្រហែល​១,៧០​ម៉ែត្រ ស្លៀកពាក់​ខោអាវ​មួយ​សម្រាប់​ជាប់​នឹង​ខ្លួន ។ នៅ​កន្លែង​ប្រទះ​ឃើញ​សព ពុំ​ឃើញ​មាន​បន្សល់​ទុក​វត្ថុ​តាង​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ ។

ដូច្នេះ សព​នេះ​អាច​ត្រូវ​គេ​សម្លាប់​ពី​ចម្ងាយ ទំនងជា​ចេញពី​កាស៊ីណូ​ណាមួយ​នៅ​ច្រក​ត្រពាំង​ផ្លុ​ង ជាប់​ព្រំដែន​ប្រទេស​វៀតណាម យក​មក​បោះចោល​នៅ​ចម្ការ​ដំឡូង​នេះ ។​គួរ​រំឭក​ថា កាលពី​ក្នុង​អំឡុង​ខែមេសា ឆ្នាំ​២០២៣ មាន​មនុស្ស​ស្រី​ម្នាក់​ត្រូវ​ជន​ពុំ​ស្គាល់​អត្តសញ្ញាណ​សម្លាប់ ហើយ​យក​សព​មក​ទម្លាក់​ចោល​នៅ​ចម្ការ​ចេក​មួយ​កន្លែង ដែល​មាន​ចម្ងាយ​ប្រមាណ ១ ០០០​ម៉ែត្រ ពី​កន្លែង​ប្រទះ​ឃើញ​សព​បុរស​ខាងលើ ។

សព​ស្ត្រី​រូប​នោះ ត្រូវ​ឃាតករ​ដុត​រួញ​ខ្លោច​មើល​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ ហើយ​រហូត​មក​ដល់​ឆ្នាំ​២០២៤​នេះ ក៏​នៅ​តែ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ដែរ ។​ចំណែក​លោកស្នងការ ចិន នី បាន​មាន​ប្រសាសន៍​កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៤​ថា បុរស​ម្នាក់​ដែល​គេ​សម្លាប់​ហើយ​យក​សព​មក​ប្លុង​ចោល​នៅ​ក្នុង​ដីចម្ការ​ដំឡូង នៅ​ស្រុក​តំបែរ​នោះ គឺ​នគរបាល​នាយកដ្ឋាន​ជំនាញ បាន​ធ្វើការ​ស្រាវជ្រាវ​ដោយ​យកចិត្តទុកដាក់ និង​ឈាន​ដល់​ការ​បញ្ជាក់​បាន​ថា សព​នោះ​គឺជា​ជនជាតិ​វៀតណាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ