ខេត្តកណ្តាល ៖ ក្រោយពីមានគណនីTikTokមួយបង្ហោះវីដេអូនូវសកម្មភាពរបស់កងកម្លាំងសមត្ថកិច្ចដោយភ្ជាប់ជាមួយខ្លឹមសារថា «វត្តចេតិយថ្មី ផ្លូវជាតិលេខ៥ ហៅវត្តឧត្តុង្គ មានករណីបាញ់ប្រហារគ្នាទ្រង់ទ្រាយធំបឋមឃាត់ខ្លួនបាន៧នាក់ ព័ត៌មានបឋម22/10/2024» ដែលការបង្ហោះបែបនេះ អាចធ្វើឱ្យមហាជនមានការយល់ច្រឡំ និងភ័យខ្លាចផងដែរ ។
យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងគណនី TikTok ឈ្មោះ SOKHUN បានបង្ហោះវីដេអូសកម្មភាពកងកម្លាំងនគរបាលស្រុកពញាឮ ចេញប្រតិបត្តិការបង្ក្រាបករណីចាប់ជំរិតដោយភ្ជាប់ខ្លឹមសារថា «វត្តចេតីយថ្មី ផ្លូវជាតិលេខ៥ ហៅវត្តឧដុង្គ មានករណីបាញ់ប្រហារគ្នាទ្រង់ទ្រាយធំបឋមឃាត់ខ្លួនបានចំនួន៧នាក់ ព័ត៌មានបឋម 22/10/2024» ។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញបានស្រាវជ្រាវករណីខាងលើ ទទួលបានលទ្ធផលដូចខាងក្រោម៖
នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៥ និង៣៦នាទី លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានទទួលព័ត៌មានតាមរយៈលេខ ទូរសព្ទ័ 010 586 948 ជាអធិការរងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺថា មានករណីចាប់ជំរិតមនុស្សនៅចំណុចក្បែរអាហារដ្ឋាន យីហោ ជំនោជើងភ្នំឧដុង្គ ក្នុងភូមិសាស្ត្រភូមិចេតិយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម លោកអធិការបានបញ្ជាអោយកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងតាមបណ្តាប៉ុស្តិ៍ ចុះទៅពិនិត្យទីតាំងកើតហេតុខាងលើ ក៏បានឃើញរថយន្តចំនួន០២គ្រឿងម៉ាក ALPHARD ពណ៌.ស ពាក់ផ្លាកលេខភ្នំពេញ 2AX-9081 ០១គ្រឿង និងម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BZ-7571 ០១គ្រឿង កំពុងឈប់ចតនៅក្នុងឃ្លាំងទុកចោល ក្បែរផ្លូវជាតិលេខ៥ និងបានឃើញមនុស្សរត់ចេញពីក្នុងរថយន្តចំនួន០៣នាក់ រត់សំដៅទៅវាលស្រែខាងត្បូងកន្លែងកើតហេតុ ។
បន្ទាប់មក កម្លាំងយើងបានចូលទៅពិនិត្យក្នុងរថយន្តបានឃើញជនរងគ្រោះចំនួន០២នាក់៖ ១-ឈ្មោះ នូ នុងគ័ង ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត ១៩៩៨ បច្ចុប្បន្ន ស្នាក់នៅក្នុងកាស៊ីណូលីម៉ាកាវ ខេត្តស្វាយរៀង ( កំពុងអង្គុយក្នុងឡាន ពណ៌.ស ស្ថានភាពដៃជាប់ខ្នោះ ចងភ្ជាប់និងដៃកាន់ក្នុងឡាន និងជើងទាំង០២ជាប់ចំណង) និង២-ឈ្មោះម៉ៅ ភក្តី ហៅភក្រ័ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកបរ មានទីលំនៅភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ( អង្គុយក្នុងរថយន្តក្នុងស្ថានភាព ដៃជាប់ខ្នោះ) ។
ប្រភពបន្តថា ក្នុងពេលនោះ កម្លាំងពាក់ព័ន្ធមួយចំនួនបានតាមស្វែងរកជនសង្ស័យ បន្ទាប់មក កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យ ដែលបានរត់ចេញពីរថយន្តបានចំនួន០៣នាក់ រួមមាន៖
១-ឈ្មោះ AMANBEK ZHAIDER ភេទប្រុស ឆ្នាំកំណើត ២០០០ ជនជាតិ KAZAKHSTAN កាន់ Passport លេខ N14980188 ។ ២-ឈ្មោះ MUZBOLAT ភេទប្រុស ឆ្នាំកំណើត ១៩៩៧ ជនជាតិ KAZAKHSTAN កាន់ Passport លេខ N 12705569 ។ ៣-ឈ្មោះ AMAN SYRLYBAY ភេទប្រុស ឆ្នាំកំណើត ២០០០ ជនជាតិ KAZAKHSTAN កាន់ Passport គ្មាន។
សូមបញ្ជាក់ថា ចំពោះប្រតិបត្តិការនេះកម្លាំងពាក់ព័ន្ធបានបាញ់គំរាមទៅលើជនសង្ស័យមិនឱ្យរត់ ចំណែកជនសង្ស័យពុំមានអាវុធបាញ់មកលើកងកម្លាំងវិញនោះទេ ។ បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ កម្លាំងជំនាញកំពុងបន្តអនុវត្តតាមនីតិវិធី ។
អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប និងកុំមានការភាន់ច្រឡំ!!
ចែករំលែកព័តមាននេះ