ខេត្តព្រះវិហារ ៖ រណ្តៅជីករុករករ៉ែមាសយ៉ាងអនាធិបតេយ្យចំនួន២កន្លែង ត្រូវបានកម្លាំជំនាញនៃមន្ទីររ៉ែនិងថាមពលខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តចុះធ្វើការបង្ក្រាប ហើយ
កម្ទេចសម្ភារចោលទាំងស្រុង ។
ប្រតិបត្តិការបង្ក្រាបទីតាំងជីករ៉ែដោយខុសច្បាប់ និងកម្ទេចសម្ភារចោលនេះ កម្លាំងបានធ្វើឡើងនៅថ្ងៃ២១ខែតុលា ឆ្នាំ២០២៤ ស្ថិតត្រង់ចំណុចភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។ ក្នុងប្រតិបត្តិការបង្ក្រាបនោះ ដឹកនាំដោយលោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ។
ទីតាំងជីករុករករ៉ែមាសខាងលើ ជាទីតាំងដែលរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឲ្យក្រុមហ៊ុនធ្វើការស្រាវជ្រាវរុករករ៉ែមាសហើយអាជ្ញាធរនិងមន្ទីរជំនាញបានហាមឃាត់ប្រជាពលរដ្ឋមិនឲ្យជីករុករករ៉ែមាស ដោយគ្មានបច្ចេកទេសត្រឹមត្រូវនោះទេ ព្រោះកន្លងមក មានកម្មករជួបគ្រោះថ្នាក់រហូតស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ទៀតផងដែរ ។
លោក ស៊ុន ចន្ទ័រក្សា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារ និងលោកហោ ប៊ុនហួរ អភិបាលស្រុករវៀង បានចុះអប់រំណែនាំដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ខាងលើជាច្រើនដងដែរ ដើម្បីការពារអាយុជីវិតកម្មករអាជ្ញាធរអនុញ្ញាតឱ្យជីកតែរណ្តៅរ៉ាក់ៗហាមជីកលុងជ្រៅជាកំពែងចូលជ្រៅទៅក្នុងដីជ្រៅនោះទេ ។
រីឯទីតាំងដែលកម្លាំងចុះបង្ក្រាបនាពេលនេះ ទី១-មានម្ចាស់ឈ្មោះ បូរ នៅជាប់ជើងភ្នំលុង ត្រូវបានក្រុមសន្តិសុខយកគ្រឿងចក្រកាយលុបរណ្តៅចោលទាំងស្រុងហើយ ។ ទី២-មិនត្រូវបានគេបង្ហាញអត្តសញ្ញាណនោះទេ គឺធ្វើនៅក្នុងដីឡូត៍ផ្ទះឈ្មោះចែ ឆយ ហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ចកម្ទេចចោលទាំងស្រុងដែរ ។
លោក ស៊ុន ចន្ទ័រក្សា ប្រធានមន្ទីរ៉ែ និងថាមពលខេត្តព្រះវិហារ បានថ្លែងសូមអំពាវនាវដល់បងប្អូនប្រជាលរដ្ឋនៅក្នុងភូមិរំដេងទាំងអស់ ពិសេស កម្មករដែលចំណាកស្រុកមកធ្វើជាកម្មករជីរុករករ៉ែមាស សូមកុំជឿឧបាយកលទុច្ចរិតរបស់ថៅកែៗជីកមាសដោយខុសច្បាប់ និងគ្មានបច្ចេកទេសត្រឹមត្រូវនុះឲ្យសោះ នាំឲ្យជួបគ្រោះថ្នាក់ដល់អាយុជីវិតរបស់បងប្អូនយើងបន្តទៀត ។
រីឯការជីករុករករ៉ែមាសយ៉ាងអនាធិបតេយ្យដោយខុសច្បាប់ នៅក្នុងទីតាំងខាងលើនោះ ក៏នៅមានជាច្រើនទៀតដែលកម្លាំជំនាញមិនទាន់មានការបង្ក្រាបនៅឡើយ គឺទើបនឹងចាប់ផ្តើមបានពីរកន្លែងប៉ុណ្ណោះ ហើយមហាជន និងមជ្ឈដ្ឋានជុំវិញ ក៏កំពុងរង់មើលការបង្ក្រាបបន្តបន្ទាប់ទៀត
ដែរ ។
ចែករំលែកព័តមាននេះ