ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជារងឥទ្ធិពលពីប្រព័ន្ធវិសម្ពាធ Tropical Depression នៅសមុទ្រចិនខាងត្បូងធ្វើឲ្យភ្លៀងផ្គរ រន្ទះច្រើនលើសកម្រិតធម្មតា

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី ១៨ ដល់​២៣ ខែកញ្ញា ឆ្នាំ​២០២៤ កម្ពុជា​ទទួល​រង​ឥទ្ធិពល​ពី​ប្រព័ន្ធ​វិ​សម្ពាធ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី ១៨ ដល់​២៣ ខែកញ្ញា ឆ្នាំ​២០២៤ កម្ពុជា​ទទួល​រង​ឥទ្ធិពល​ពី​ប្រព័ន្ធ​វិ​សម្ពាធ (Tropical Depression) ស្ថិត​នៅ​សមុទ្រ​ចិន​ខាងត្បូង ធ្វើ​ឲ្យ​មាន​ភ្លៀង ផ្គរ រន្ទះ ច្រើន​លើស​ពី​កម្រិត​ធម្មតា ។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​លើក​ឡើង​ថា យោង​តាម​ការ​អង្កេត និង​វិភាគ​លើ​ស្ថានភាព​ធាតុអាកាស និង​អាកាសធាតុ​នៅ​ក្នុង​តំបន់ និង​ព្រះរាជាណាចក្រ​កម្ពុជា​ថា ចាប់ពី​ថ្ងៃ​ទី​១៨ ដល់ ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​ពី​ប្រព័ន្ធ​វិ​សម្ពាធ (Tropical Depression) ដែល​ស្ថិត​នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយនឹង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​តំបន់ឆ្នេរ​សមុទ្រ​ភាគ​កណ្តាល ប្រទេស​វៀតណាម និង​ភាគ​កណ្តាល​នៃ​អាង​ទន្លេមេគង្គ ។

ក្រសួង​ធនធាន​ទឹកបាន​លើក​ឡើង​ទៀត​ថា ប្រព័ន្ធ​វិ​សម្ពាធ​នេះ និង​របប​ខ្យល់មូសុង​និរតី មាន​ឥទ្ធិពល​ខ្លាំង​លើ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​លក្ខខណ្ឌ​បែប​នេះ​នឹង​បណ្តាល​ឱ្យ​តំបន់​វាលទំនាប​ផ្ទៃមេឃ​មាន​ពពក​ច្រើន​ជាមួយនឹង​ភ្លៀង ផ្គរ រន្ទះ ច្រើន​លើស​ពី​កម្រិត​ធម្មតា និង​មាន​ខ្យល់​បក់​មក​ពី​ទិសនិរតី និង​ខ្យល់​ខ្លាំង (​ឬ​ខ្យល់​កន្ត្រាក់​) បក់​ក្នុង​កម្រិត​ល្បឿន​មធ្យម ដែល​រួម​មាន​ដូច​ជា ខេត្តបន្ទាយមានជ័យ តាកែវ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង កណ្តាល និង​រាជធានី​ភ្នំពេញ ។

ចំណែក​នៅ​តំបន់​ខ្ពង់រាប មាន​ផ្ទៃមេឃ​មាន​ពពក​ច្រើន​ជាមួយនឹង​ភ្លៀង ផ្គរ រន្ទះ ច្រើន​លើស​ពី​កម្រិត​ធម្មតា និង​មាន​ខ្យល់​បក់​មក​ពី​ទិសនិរតី និង​ខ្យល់​ខ្លាំង (​ឬ​ខ្យល់​កន្ត្រាក់​) បក់​ក្នុង​កម្រិត​ល្បឿន​បង្គួរ​ដែល​រួម​មាន​ដូច​ជា ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ស្ទឹង​ត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី និង​តំបន់​ជួរ​ភ្នំក្រវាញ ។

ដោយឡែក​នៅ​តំបន់​មាត់សមុទ្រ ផ្ទៃមេឃ​មាន​ពពក​ច្រើន​ជាមួយនឹង​ភ្លៀង ផ្គរ រន្ទះ ច្រើន​ខ្លាំង​លើស​ពី​កម្រិត​ធម្មតា និង​មាន​ខ្យល់​បក់​មក​ពី​ទិសនិរតី និង​ខ្យល់​ខ្លាំង​(​ឬ​ខ្យល់​កន្ត្រាក់​) បក់​ក្នុង​កម្រិត​ល្បឿនខ្លាំង​គួរ​ឱ្យ​កត់សម្គាល់ រួម​មាន​ដូច​ជា ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ ។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជូនដំណឹង​ដល់​សាធារណជន​ប្រជា​នេសាទ និង​អាជ្ញាធរ​ដែនដី មេត្តា​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់​អំពី​ស្ថានភាព​ធាតុអាកាស​ដែល​មាន​ភ្លៀង ផ្គរ រន្ទះ ជាមួយនឹង​ខ្យល់​កន្ត្រាក់ ដែល​អាច​ជា​កត្តា​បណ្តាល​ឱ្យ​មាន​ជំនន់​ទឹកភ្លៀង និង​រលក​សមុទ្រ​ខ្ពស់​ៗ ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម​នឹង​បន្ត​ធ្វើការ​តាមដាន​និង​វិភាគ​អំពី​ស្ថានភាព​ធាតុអាកាស ដើម្បី​ជម្រាប​ជូន សាធារណជន​ជា​បន្តបន្ទាប់ ក្នុង​ករណី​មានការ​ប្រែប្រួល ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ