បំណុលសាធារណៈរបស់កម្ពុជានៅត្រីមាសទី២នៃឆ្នាំ២០២៤កើនឡើងដល់ចំនួន ១១,២៧ពាន់លានដុល្លារ កើនឡើងប្រមាណជា១,៦២ភាគរយ ធៀបនឹងកម្រិតបំណុលកាលពីត្រីមាសទី១។ នេះបើយោងតាមរបាយការណ៍របស់ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្មីៗនេះ ។
ប្រភពដដែលបានបន្តថា បំណុលទាំងនេះ៩៩ភាគរយជាបំណុលក្រៅស្រុក ហើយបំណុលនៅក្នុងស្រុកគឺមានតែ១ភាគរយប៉ុណ្ណោះ ដោយនៅក្នុងនោះគេដឹងថា ចិនគឺមានប្រមាណជា៣៦ភាគរយ ធនាគារអភិវឌ្ឈន៍អាស៊ីប្រមាណជា ២២ភាគរយ កូរ៉េខាងត្បូង មាន ១២ភាគរយ ជប៉ុន១១ភាគរយ ក្រៅពីនេះមានបារាំង ធនាគារពិភពលោក និង ស្ថាប័នពហុភាគីមួយចំនួន ។
របាយការណ៍បានកត់សម្គាល់ថានៅក្នុងឆមាសទីមួយនៃឆ្នាំនេះ រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកម្ចីសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍន៍ចំនួន ៣១៣លានដុល្លារ ស្មើនឹង ១៤ ភាគរយនៃពិដានដែលអនុញ្ញាតដោយច្បាប់។
ប្រភពដដែលបានបន្តថា គោលបំណងនៃប្រាក់កម្ចីទាំងនេះគឺដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងវិនិយោគសាធារណៈនៅក្នុងវិស័យអាទិភាពដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពរយៈពេលវែង និងផលិតភាពសេដ្ឋកិច្ចរបស់ប្រទេស។
ប្រភពដដែលបានបន្តថា ទឹកប្រាក់ដែលបានខ្ចីគេមកគឺដើម្បីអភិវឌ្ឈន៍វិស័យដឹកជញ្ជូន ធារាសាស្ត្រ ថាមពល ផ្គត់ផ្គង់ទឹកស្អាត សុខាភិបាល កសិកម្ម អប់រំជាដើម។ កាលពីខែមុន រដ្ឋាភិបាលកម្ពុជាបានចេញផ្សាយ នូវយុទ្ធសាស្ត្រគ្រប់គ្រងបំណុលសាធារណៈរយៈពេលប្រាំឆ្នាំដ៏ទូលំទូលាយសម្រាប់ឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៨ ដោយបង្ហាញពីផែនការរបស់រដ្ឋាភិបាលក្នុងការប្រើប្រាស់បំណុលសាធារណៈសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
យោងតាមយុទ្ធសាស្ត្រនេះ រដ្ឋាភិបាលនឹងខ្ចីប្រាក់ពី ២,៣ពាន់លានដុល្លារ ទៅ ២,៧ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំពីស្ថាប័នហិរញ្ញវត្ថុបរទេស និងដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រដំណើរការអភិវឌ្ឈន៍វិស័យដែលចាំបាច់នានា ។
ចែករំលែកព័តមាននេះ