ខេត្តព្រះវិហារ ៖ ជនជាតិចិនចំនួន ១៦នាក់ត្រូវបានកម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ សហការជាមួយនិងកម្លាំងអធិការដ្ឋានធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ក៏សាងសំណុំរឿងចាត់ការបន្តតាមនិតីវិធី។
ការឃាត់ខ្លួនជនជាតិចិននោះក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី តាន់ គឹមលេង ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ធ្វើការបង្ក្រាបករណីលួចឆ្លងដែនដោយខុសច្បាប់បានចំនួន០២ករណី។
ករណីទី១-នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្តបានធ្វើការឃាត់រថយន្តម៉ាកCAMRY ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ 2AG-8442 ដែលមានដឹកជនជាតិចិន ចំនួន ០៤នាក់ប្រុស (ដែលពុំមានលិខិតឆ្លងដែន) នៅលើផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ករណីទី២-នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ សហការជាមួយកកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ ឃាត់ខ្លួនជនជាតិចិន ចំនួន ១២នាក់ប្រុស (ពុំមានលិខិតឆ្លងដែនមក) ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
បើតាមប្រភពពីប្រជាពលរដ្ឋបានដឹងថា ៖ នៅជាប់មាត់ទន្លេកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ ដែលមានព្រំប្រទល់ជាប់និង ខេត្តចំប៉ាសាក់ ប្រទេសឡាវ មានផ្ទះមួយកន្លែងបាំងស័ង្កសីជិត ដែលទទួលជនជាតិចិនលួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជាហើយបានដឹកជញ្ជូនបន្តតាមរថយន្តទេសចរណ៍១៥កៅអីមួយគ្រឿងជារថយន្ដប្រភេទទំនើប កញ្ចក់ខ្មៅ ឆ្លងកាត់ខេត្តព្រះវិហារ និងឆ្លងកាត់ស្រុកជ័យសែន បន្តតាមផ្លូវជាតិលេខ៦២ ទៅរាជធានីភ្នំពេញ និងអាចបន្តដល់ខេត្តព្រះសីហនុតែម្ដង ។
ប្រជាពលរដ្ឋបានសម្ដែងនូវការព្រួយបារម្ភផងដែរថា រថយន្ដដែលដឹកជញ្ជូនជនជាតិចិនខុសច្បាប់នោះបើកបរក្នុងល្បឿនលឿនៗខ្លាំងណាស់ និងអាចបង្កជាគ្រោះថ្នាក់នៅតាមដងផ្លូវជាយថាហេតុណាមួយក៏ថាបាន ៕
ចែករំលែកព័តមាននេះ