ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តកំពត ៖ ត្រូវ​អនុវត្ត​បទបញ្ជា​ឱ្យ​បាន​ម៉ឺងម៉ាត់​ក្នុង​ការ​បង្ក្រា.ប​ទប់ស្កាត់​ជន​អគ.តិ​ដែល​ចង់​បង្ក​ឱ្យ​មាន​ភាព​ចលាច.ល​ក្នុង​ប្រទេស

3 ខែ មុន
  • កំពត

​ខេត្តកំពត ៖ អភិបាលខេត្ត​កំពត​បាន​ណែនាំ និង​ដាក់​បទបញ្ជា​ដល់​កងកម្លាំង​គ្រប់​ប្រភេទ និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​រួម​សហការ​គ្នា​ក្នុង​ការ​បង្ក្រាប និង​ទប់ស្កាត់​ឱ្យ​ខាង​តែ​បាន​នូវ​រាល់​ជន​អគតិ ឬ​ប​គ្គល​ណា​ដែល​មាន​បំណង​ចង់​ធ្វើ​បាតុកម្ម​បង្ក​ភាព​ចលាចល​ក្នុង​សង្គម​កម្ពុជា ក្រោម​ហេតុផល​ផ្សេង​ៗ ក្នុង​ន័យ​ដើម្បី​ថែរក្សា​សុខ​សន្តិភាព និង​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ…

​ខេត្តកំពត ៖ អភិបាលខេត្ត​កំពត​បាន​ណែនាំ និង​ដាក់​បទបញ្ជា​ដល់​កងកម្លាំង​គ្រប់​ប្រភេទ និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​រួម​សហការ​គ្នា​ក្នុង​ការ​បង្ក្រាប និង​ទប់ស្កាត់​ឱ្យ​ខាង​តែ​បាន​នូវ​រាល់​ជន​អគតិ ឬ​ប​គ្គល​ណា​ដែល​មាន​បំណង​ចង់​ធ្វើ​បាតុកម្ម​បង្ក​ភាព​ចលាចល​ក្នុង​សង្គម​កម្ពុជា ក្រោម​ហេតុផល​ផ្សេង​ៗ ក្នុង​ន័យ​ដើម្បី​ថែរក្សា​សុខ​សន្តិភាព និង​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ទប់ស្កាត់​កុំឱ្យ​មាន​សង្គ្រាម​កើតឡើង​ក្នុង​ប្រទេស​។

ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត នា​រសៀល​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៤ នា​សាលសន្និសិទ​បូកគោ សាលាខេត្ត​កំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​កម្ពុជា​បាន​រស់រាន​មានជីវិត​សារ​ជា​ថ្មី​ក្រោយ​មាន​ថ្ងៃ​រំដោះ ៧​មក​រា ឆ្នាំ​១៩៧៩ ហើយ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី សម្តេច​បាន​លះបង់​គ្រប់​បែប​យ៉ាង​ដើម្បី​ស្វែងរក​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ជូន​ជាតិ ជូន​ប្រជាជន​។ ហើយ​បច្ចុប្បន្ន ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី​បន្ត​ពី​សម្តេច​តេ​ជោ សម្តេច​តែងតែ​គិតគូរ​ជា​និច្ច​ក្នុង​ការ​ថែរក្សា​នូវ​សុខ​សន្តិភាព​ដែល​មាន​សព្វថ្ងៃ ពិសេស​ការពារ​បូរណភាព​ទឹកដី​កម្ពុជា ដោយ​មិន​ឱ្យ​មាន​បរទេស ឬ​ប្រទេស​ជិតខាង​ណា​ឈ្លានពាន​ចូល​បាន​នោះ​ឡើយ​។

ឯកឧត្តម​អភិបាលខេត្ត​បាន​បន្ត​ថា ដោយ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ មាន​ជន​អគតិ​មួយ​ក្តាប់​តូច​ដែល​រស់នៅ​ក្រៅប្រទេស បាន​និយាយ​បំប៉ោង និង​ធ្វើការ​ញុះញង់​ឱ្យ​មានការ​ប្រមូលផ្តុំ​ធ្វើ​បាតុកម្ម​ដោយ​យក​លេស​ថា​រាជរដ្ឋាភិបាល​បាន​កាត់​ខេត្ត​ចំនួន​៤ ទៅ​ឱ្យ​ប្រទេស​វៀតណាម ក្នុង​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA របស់​រាជរដ្ឋាភិបាល ក្នុង​គោ​បំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។ ដូច្នេះ​ដើម្បី​ចូលរួម​ថែរក្សា​សុខ​សន្តិភាព សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ ពិសេស​ទប់ស្កាត់​កុំឱ្យ​មាន​បដិវត្ត​ពណ៌​កើត​មាន​ឡើង​ដែល​អាច​បង្ក​ជា​សង្គ្រាម​នោះ យើង​ទាំងអស់​គ្នា​ក្នុង​នាម​ជា​គណៈ​បញ្ជាការ​ឯកភាព​របស់​ខេត្ត ត្រូវ​រួម​គ្នា​អនុវត្តន៍​ឱ្យ​បាន​ម៉ឺងម៉ាត់​នៅ​រាល់​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​តាម​អង្គភាព​នីមួយ​ៗ ពិសេស​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​រាល់​ពួក​ជន​អគតិ​ដែល​មាន​បំណង​ចង់​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា​។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តកំពត ក៏​បាន​ដាក់​បទបញ្ជា​ដល់ កងកម្លាំង​គ្រប់​ប្រភេទ អាជ្ញាធរ​មូលដ្ឋាន ត្រូវ​គ្រប់គ្រង​ឱ្យ​បាន​នូវ​ស្ថានការណ៍​ដែល​អាច​នឹង​មាន​កើតឡើង​ក្នុង​ប្រការ​ណាមួយ បើ​ទោះបីជា​គម្រោងការ​នៃ​ការ​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​ទី​១៨ ខែសីហា របស់​ក្រុម​ជន​អគតិ​ទាំងនោះ​ត្រូវ​បាន​បរាជ័យ​ក៏​ដោយ​។ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​ជំនាញ​ពាក់ព័ន្ធ មន្ត្រីរាជការ​ទាំងអស់ ត្រូវ​រួម​គ្នា​ផ្សព្វផ្សាយ​អំពី​អត្ថប្រយោជន៍​ដ៏​មាន​តម្លៃ​នៃ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ពិសេស​ពន្យល់​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​យល់​ច្បាស់​អំពី​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ឱ្យ​ពួក​គាត់​បាន​យល់​ច្បាស់ និង​កុំឱ្យ​ចាញ់បោក​ពាក្យ​ញុះញង់ ពី​ក្រុម​ជន​អគតិ​ទាំង​អស់នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ