ខេត្តរតនគីរី ៖ កាលពីថ្មីៗនេះ មានក្រុមឈ្មួញខិលខូចមួយចំនួនបាននាំគ្នាសម្រុកដឹកវល្លិ៍ឈាមនិងឈើ យកទៅលក់ឱ្យវៀតណាម ដើម្បីធ្វើអាជីវកម្មដោយបំពានច្បាប់នៅច្រករបៀង ក្នុងភូមិឡុំ ឃុំប៉ក់ញ៉ៃ អូរយ៉ាដាវ ខេត្តរតនគិរី ។
ការដឹកជញ្ជូនវល្លិ៍ឈាមនិងឈើនោះ ក្រុមឈ្មួញចាប់ផ្តើមកាលពីខែសីហាឆ្នាំ ២០២៤នេះ បានបំផុសប្រជាពលរដ្ឋឱ្យចូលព្រៃកាប់វល្លិ៍ឈាម(វល្លិ៍តាអាន)និងឈើល្អៗនៅក្នុងព្រៃ តាមបណ្ដារស្រុកនានានៃខេត្តរតនគិរី ដើម្បីយកទៅលក់ឱ្យពួកខ្លួន រួចគេដឹកបន្ដទៅលក់ឲ្យវៀតណាម តាមច្រករបៀងភូមិឡុំ ចំណែកសមត្ថកិច្ចពាក់ព័ន្ធ នៅមិនទាន់បង្ក្រាបនៅឡើយ ។
ជាក់ស្ដែង កាលពីថ្ងៃទី១៧ ខែសីហាឆ្នាំ២០២៤ នេះ គេសង្កេតឃើញ មានសកម្មភាពដឹកជញ្ជូនវល្លិ៍ឈាមនិងឈើតាមម៉ូតូជាច្រើនគ្រឿង គឺទាំងយប់ទាំងថ្ងៃ ទៅដោយរលូន ខណ:ទីនោះមានមន្ត្រីយោធានិងមន្ដ្រីប៉ូលិសប៉ុស្ដិ៍ប្រចាំកានៅច្រកភូមិឡុំ២៤ម៉ោងទៅហើយ តែហាក់នៅមិនទាន់បានធ្វើការទប់ស្កាត់ ឬបង្ក្រាបនោះទេ ។
លោកគឹម ដារ៉ា មេប៉ុស្ដិ៍នគបាលប្រចាំច្រករបៀងភូមិឡុំមិនអាច សុំការបំភ្លឺជុំវិញកាអនុញ្ញាតឲ្យគេដឹកវល្លិ៍ឈាមនិងឈើទៅលក់ឲ្យវៀតណាមនោះទេ ។ ប៉ុន្តែលោកហេង ប៊ុន្នី អភិបាលស្រុកអូរយ៉ាដាវបានប្រាប់ឲ្យដឹងតាមប្រព័ន្ធតេឡេក្រាម ដោយខ្លីថា ករណីដឹកវល្លិ៍ឈាមនិងឈើខុសច្បាប់ នៅចំណុចខាងលើនោះ លោកនិងចាត់កម្លាំងអាវុធហត្ថស្រុក ឲ្យចុះទៅកាន់ទីតាំងនោះ ។
លោកហុង ភា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី មិនអាចសុំការបំភ្លឺករណីដូចខាងលើនោះ បានទេ ។ គួរបញ្ជាក់ថា គេតែងសង្កេតឃើញថា កន្លងមក ខាងជំនាញរដ្ឋបាលព្រៃឈើហាក់មិនចង់បង្ក្រាបនោះទេទោះជាសមត្ថកិច្ចផ្សេងៗបង្ក្រាបបានយកទៅប្រគល់ឲ្យ ក៏ហាក់នៅមិនចង់មានចំណាត់ការផង ៕
មានព័ត៌មានបន្ថែម កោះសន្តិភាពនឹងផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ