នៅក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសដែលដំណើរការទាំង២៦កន្លែងនៅកម្ពុជា ខេត្តស្វាយរៀងត្រូវបានគេដឹងថា គឺជាខេត្តមួយដែលមានតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេ និងជោគជ័យជាងគេ ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសទាំងនោះគឺ ខេត្តស្វាយរៀង៩កន្លែង, រាជធានីភ្នំពេញនិងខេត្តកណ្តាល៥កន្លែង, ខេត្តព្រះសីហនុ៥កន្លែង, ខេត្តបន្ទាយមានជ័យ៣កន្លែង, ខេត្តកោះកុង១កន្លែង, ខេត្តកំពត១កន្លែង, , ខេត្តក្រចេះ១កន្លែង, និង ខេត្តកំពង់ចាម១កន្លែង។
ពាក់ព័ន្ធនឹងតំបន់សេដ្ឋកិច្ចពិសេសទាំងនេះ លោក ជា វុទ្ធី អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា បានអះអាងនៅក្នុងពិធីបើកកម្មវិធីពិព័រណ៍ធុរកិច្ចសិង្ហបុរី ២០២៤ ដែលរៀបចំដោយវេទិកាធុរកិច្ចវិនិយោគសិង្ហបុរី នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅផ្សារទំនើបអូឡាំព្យា ថា បច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន២៦ដែលកំពុងដំណើរ នៅក្នុងចំណោមគម្រោង ៤៤ តំបន់សេដ្ឋកិច្ចពិសេសដែលទទួលការយល់ព្រមភ្លើងខៀវពីរាជរដ្ឋាភិបាល ។
លោកបានអះអាងថា តំបន់សេដ្ឋកិច្ចពិសេសដែលកំពុងតែដំណើរការទាំងនោះ បានស្រូបទាញគម្រោងវិនិយោគប្រមាណជាង ៧០០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណជាង ២៨ពាន់ លាន ដុល្លារ និងបង្កើតការងារបានជាង ១៨០ពាន់កន្លែង។
សូមជម្រាបជូនថា គិតចាប់ពីខែមករា រហូតដល់ខែកក្កដា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម, និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើសពី១៩០គម្រោង ដែលមានទុនប្រមាណ ៣,៥ពាន់លានដុល្លារ និងអាចបង្កើតការងារបានចំនួនជាង១៩ម៉ឺនកន្លែង។
ចែករំលែកព័តមាននេះ