រាជធានីភ្នំពេញ ៖ សិស្សស្រីចំនួន៥ទៅ៦នាក់ ត្រូវបានសមត្ថកិច្ចនាំមកអប់រំណែនាំ រួមជាមួយវត្ថុតាងជាបារីអេឡិចត្រូនិកដែលពួកគេនាំគ្នាជក់ ។ ក្នុងនោះ ក៏បានអញ្ជើញឪពុកម្តាយមកទទួល និងឱ្យធ្វើការណែនាំបន្ថែម ។
ជាក់ស្តែង យោងតាមផេកក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា បានសហការជាមួយនាយកវិទ្យាល័យបាក់ទូក ដឹកនាំដោយលោកអនុសេនីយ៍ឯក ហែម សុផល នាយរងប៉ុស្តិ៍ បានចុះរដ្ឋបាលត្រួតពិនិត្យតាមបន្ទប់ថ្នាក់រៀនវិទ្យាល័យបាក់ទូក ហើយបានឃើញមានសិស្សជក់បារីអេឡិចត្រូនិច បង្កប៉ះពាល់សុខភាព។
ជាលទ្ធផល សមត្ថកិច្ចបានដកហូតបារីអេឡិចត្រូនិចចំនួន០២ដើម និងសិស្សស្រីចំនួន០៥នាក់ដោយសមត្ថកិច្ចឲ្យធ្វើកិច្ចសន្យាអប់រំបញ្ឈប់សកម្មភាពជក់បារីអេឡិចត្រូនិចទាំងនេះ ។ បន្ទាប់មក សមត្ថកិច្ចបានអញ្ជើញអាណាព្យាបាលសិស្សទាំងនោះ មកទទួលយកពួកគេទៅផ្ទះអប់រំបន្ត ។
ចែករំលែកព័តមាននេះ