បុគ្គលិកលាងបង្គ.ន់ម្នាក់ ក្លាយជាមហាសេដ្ឋី និងបរិច្ចាគទ្រព្យទាំងអស់
ប្រទេសចិន ៖ បើទោះបីជាលែងមានរូបរាងកាយលើភពផែននេះក៏ពិតមែន ប៉ុន្តែការតស៊ូ និងភាព
ប្រទេសចិន ៖ បើទោះបីជាលែងមានរូបរាងកាយលើភពផែននេះក៏ពិតមែន ប៉ុន្តែការតស៊ូ និងភាព
ប្រទេសចិន ៖ បើទោះបីជាលែងមានរូបរាងកាយលើភពផែននេះក៏ពិតមែន ប៉ុន្តែការតស៊ូ និងភាពសប្បុរសធម៌ដ៏មហាសាលរបស់មហាសេដ្ឋីចិន លោក Yu Pengnian នៅតែដក់ជាប់ និងទទួលបានការកោតស្ងប់ស្ងែងមកទល់ពេលបច្ចុប្បន្ននេះ។ លោកបានចាប់ផ្តើមពីបុគ្គលិកសម្អាតបង្គន់នៅទីក្រុងហុងកុង ក្លាយទៅជាមហាសេដ្ឋីចិនដ៏ល្បី១រូប និងត្រូវបានទទួលស្គាល់ថា កំពូលសប្បុរសជនលះបង់បំផុតម្នាក់នៅទូទាំងពិភពលោក ដោយបរិច្ចាគទ្រព្យសម្បត្តិទាំងអស់ចំនួន ១.២ពាន់លានដុល្លារអាមេរិកដល់អង្គការសប្បុរសធម៌។
លោក Yu Pengnian បានកើតនៅក្នុងឆ្នាំ ១៩២២ នៅភូមិតូចមួយនៃខេត្តហ៊ូណាន (Hunan) ប្រទេសចិន។ នៅឆ្នាំ ១៩៤៩ គាត់បានចាកចេញពីស្រុកកំណើតទៅកាន់ទីក្រុងសៀងហៃ ជាកន្លែងដែលគាត់បានធ្វើការជាច្រើនក្នុងក្តីសង្ឃឹមថានឹងទទួលបានជោគជ័យ។ ទោះជាយ៉ាងណាក៏ដោយ គាត់ប្រឈមមុខនឹងការជាប់ពន្ធនាគារជាច្រើនឆ្នាំ ដោយសារការចោទប្រកាន់មួលបង្កាច់ ដែលនាំទៅដល់ការរឹបអូសប្រាក់សន្សំទាំងអស់របស់គាត់។
នៅពេលទទួលបានសេរីភាពមកវិញ លោក Yu បានផ្លាស់ទៅរស់នៅទីក្រុងហុងកុង នៅឆ្នាំ ១៩៥៨ ហើយចាប់ផ្តើមធ្វើការជាបុគ្គលិកសម្អាតបង្គន់នៅក្រុមហ៊ុនដ៏ធំមួយ។ គាត់គឺជាមនុស្សឧស្សាហ៍ព្យាយាម និងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការងារ ហើយថែមទាំងមកធ្វើការនៅចុងសប្តាហ៍ នៅពេលដែលបុគ្គលិកដទៃកំពុងសម្រាក ឬដើរកម្សាន្ត។ យោងតាមកាសែតហុងកុង South China Morning Post បានស្រង់សម្តីលោក Yu Pengnian ដែលលើកឡើងក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយចិនដីគោកថា «បើទោះបីជាវាជាការងារឋានៈទាបក៏ដោយ សូម្បីតែនៅពេលសម្អាតបង្គន់ក៏ដោយ ខ្ញុំនឹងខិតខំធ្វើឱ្យបានស្អាតជាទីបំផុត»។
ក្រៅអំពីការងារសម្អាតបង្គន់ នៅសល់ពេលទំនេរខ្លះៗ លោក Yu បានចំណាយពេលរៀន និងអានកាសែត។ កន្លះឆ្នាំក្រោយមក ការលះបង់របស់គាត់ក៏បានទាក់ទាញចំណាប់អារម្មណ៍របស់ម្ចាស់ក្រុមហ៊ុន ដែលបានផ្តល់ឱ្យគាត់នូវមុខតំណែងនៅក្នុងក្រុមហ៊ុន។ អាជីពរបស់គាត់បានចាប់ផ្តើមពីទីនោះមក ហើយនៅដើមទសវត្សរ៍ឆ្នាំ ១៩៦០ គាត់មានលទ្ធភាពវិនិយោគលើអចលនទ្រព្យជាមួយមិត្តភក្តិមួយចំនួនរបស់គាត់ថែមទៀតផង។ នេះគឺជាការចាប់ផ្តើមនៃអាជីពថ្មីមួយ ដែលគាត់បានរកលុយប្រកបដោយភាពឆ្លាតវៃលើការទិញចូលតម្លៃថោក ហើយក្រោយមកលក់ក្នុងតម្លៃច្រើនជាង ២០ដង ឬច្រើនជាងអ្វីដែលគាត់បានបង់ដំបូង។
ដំណើរការងារសប្បុរសធម៌របស់លោក Yu បានចាប់ផ្តើមក្នុងឆ្នាំ ១៩៨៤ បន្ទាប់ពីគាត់បានទៅលេងស្រុកកំណើត និងបានឃើញស្ថានភាពជំងឺរាតត្បាតនៅជនបទប្រទេសចិន។ គាត់បានសម្រេចចិត្តបរិច្ចាគរថយន្តសង្គ្រោះចំនួន ១០គ្រឿងដល់មន្ទីរពេទ្យក្នុងស្រុក ប៉ុន្តែក្រោយមករកឃើញថា អំណោយគាត់ត្រូវបានប្រើប្រាស់ជំនួសវិញដោយពុករលួយ ដើម្បីផ្គត់ផ្គង់រថយន្តដល់មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ទៅវិញ។ ជាមួយបទពិសោធន៍នេះ បានជំរុញឱ្យលោក Yu បង្កើតអង្គការសប្បុរសធម៌ផ្ទាល់ខ្លួនគឺមូលនិធិ «Yu Pengnian» តាមឈ្មោះរបស់គាត់តែម្តង ។
នៅឆ្នាំ ២០១០ ស្ថិតនៅអាយុ៨៨ឆ្នាំ លោក Yu បានបរិច្ចាគទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ចំនួន ១.២ពាន់លានដុល្លារអាមេរិក នៅពេលនោះ ដល់អង្គការសប្បុរសធម៌ដែលធ្វើឱ្យគាត់ក្លាយជាសប្បុរសជនកំពូលរបស់ប្រទេសចិននៅពេលនោះ។ លោក Yu បានមានប្រសាសន៍នៅពេលនោះថា «ប្រាក់ទាំងអស់របស់ខ្ញុំសម្រាប់សប្បុរសធម៌ គ្មានផ្នែកណាមួយនឹងត្រូវទទួលមរតកដោយនរណាម្នាក់នោះទេ ហើយក៏គ្មានផ្នែកណាមួយនឹងប្រើសម្រាប់ធ្វើអាជីវកម្ម ឬការវិនិយោគឡើយ»។
ចាប់ពីឆ្នាំ ២០០៣ រហូតដល់ឆ្នាំ ២០១០ មូលនិធិលោក Yu បានសង្គ្រោះមនុស្សជាង ១៥០,០០០នាក់ លើជំងឺភ្នែកឡើងបាយនៅទូទាំងប្រទេសចិន និងបានជួយបង្កើតសាលារៀនជាច្រើន នៅតំបន់ជនបទភាគខាងលិចប្រទេសចិនផងដែរ។ លោក Yu បានឈរនៅលើកំពូលតារាងកំពូលសប្បុរសជនរបស់ Hurun Philanthropy សម្រាប់រយៈពេល៥ឆ្នាំជាប់ៗគ្នា ចាប់ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១០ ដោយការបរិច្ចាគ ៩១០លានដុល្លារ នៅក្នុងរយៈពេលនោះ។
លោក Yu នៅតែដើរតួយ៉ាងសកម្មនៅក្នុងអាជីវកម្ម និងសកម្មភាពសប្បុរសធម៌របស់គាត់ ទោះបីជាមានអាយុ៨៨ឆ្នាំក៏ដោយ។ គាត់បាននិយាយថា «ខ្ញុំចង់ផ្តល់ជំនួយដល់អ្នកដ៏ទៃជាជាងឱ្យអ្នកដ៏ទៃជួយខ្ញុំ។ ខ្ញុំចូលចិត្តផ្តល់ជំនួយដោយផ្ទាល់ដល់អ្នកដែលត្រូវការ»។ គាត់ត្រូវបានគេចុះបញ្ជីជាសប្បុរសជនកំពូលទាំង១៤នាក់ នៅទូទាំងពិភពលោកដោយទស្សនាវដ្ដី TIME នៅក្នុងឆ្នាំ ២០០៧។
លោក Yu Pengnian បានទទួលអនិច្ចកម្មក្នុងឆ្នាំ ២០១៥ នៅក្នុងអាយុ៩២ឆ្នាំ ដែលពេលនោះលោកគឺជាប្រធានក្រុមហ៊ុនអចលនទ្រព្យ Foo Tak Development Company និងជាប្រធានសណ្ឋាគារ Shenzhen Panglin ។ លោកមិនមានបន្សល់ទុកមរតកដល់កូនៗរបស់គាត់ឡើយ ដោយគាត់លើកឡើងថា កូនៗរបស់គាត់ធំដឹងក្តីដោយភាពសុខស្រួល ហើយទទួលបានការសិក្សានៅបរទេសថែមទៀតផង។
គាត់បន្តថា «ប្រសិនបើកូនៗរបស់ខ្ញុំវៃឆ្លាតគ្រប់គ្រាន់ ពួកគេមិនចាំបាច់ត្រូវការលុយរបស់ខ្ញុំទេ ហើយបើពួកគេគ្មានភាពវៃឆ្លាត នោះលុយនឹងនាំមកនូវគ្រោះថ្នាក់ដល់ពួកគេ»៕ (ប្រភព ៖ VnExpress, The Globe and Mail, South China Morning Post, Wall Street Journal និង China Daily)
ចែករំលែកព័តមាននេះ