រាជធានីភ្នំពេញ ៖ ទង្វើមួយចំនួនបើយើងគិតតែពីផលប្រយោជន៍ ប៉ុន្តែមិនបានគិតពីផលប៉ះពាល់ឬពិចារណាឱ្យបានដិតដល់មុនសម្រេចចិត្តធ្វើ នោះវានឹងអាចឱ្យយើងមានទោសទណ្ឌធ្លាក់លើខ្លួនឯងជាក់ជាមិនខាន ។
ជាក់ស្តែង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវបង្ក្រាបលើបទល្មើសឆបោកប្រាក់តាមធនាគារក្រោមការសម្របសម្រួលដោយអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។
ការបង្ក្រាបនេះ បានឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ អ.ក ភេទប្រុស ជនជាតិខ្មែរ ជាអ្នកបើកបរតាក់ស៊ី បានធ្វើសកម្មភាពដែលទទួលបញ្ជាពីជនល្មើសជាមេក្លោងអោយបើកគណនីធនាគារ និងលេខទូរស័ព្ទភ្ជាប់ជាមួយអត្តសញ្ញាណរបស់ខ្លួនដើម្បីទទួលប្រាក់ និងដកប្រាក់ព្រមទាំងទទួលផលពីបទល្មើសនេះទៀតផង ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត។
ក្នុងនេះ នាយកដ្ឋានសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋសូមប្រុងប្រយ័ត្នក្នុងការអូសទាញរបស់ជនមិនស្គាល់អត្តសញ្ញាណឱ្យបើកគណនីធនាគារ ឬប្រើប្រាស់អត្តសញ្ញាណផ្ទាល់ខ្លួន ដើម្បីទទួលប្រាក់ពីបទល្មើសដោយទទួលបានកម្រៃពីអំពើទាំងនោះ គឺជាចំណែកក្នុងការប្រព្រឹត្តិបទល្មើសនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។
ចែករំលែកព័តមាននេះ