រឿងយុទ្ធនាការបង្ក្រាបរថយន្តគេចពន្ធនិងរថយន្តបំពាក់ស្លាកលេខសមត្ថកិច្ច ពិសេសគឺ ខ.ម.និងន.ប ចាត់វិធានការក្តៅៗជាច្រើនហើយ ប៉ុន្តែនៅតែមានរហូតដល់បែកធ្លាយជនជាតិ ចិន មានជិះទៀត តែរកមុខមិនឃើញរកប្រភពបញ្ចេញមិនឃើញទៅវិញ ។ រឿងស្លាកលេខ…
រឿងយុទ្ធនាការបង្ក្រាបរថយន្តគេចពន្ធនិងរថយន្តបំពាក់ស្លាកលេខសមត្ថកិច្ច ពិសេសគឺ ខ.ម.និងន.ប ចាត់វិធានការក្តៅៗជាច្រើនហើយ ប៉ុន្តែនៅតែមានរហូតដល់បែកធ្លាយជនជាតិ ចិន មានជិះទៀត តែរកមុខមិនឃើញរកប្រភពបញ្ចេញមិនឃើញទៅវិញ ។
រឿងស្លាកលេខ ខ.ម.និងន.ប គឺមានតាំងពីយូរមកហើយ ដោយយុទ្ធនាការដាក់ចេញជាច្រើនលើក តែមិនអស់ សូម្បីតែយុទ្ធនាការក្តៅបំផុត ដែលគយបានធ្វើ កាលពីឆ្នាំ២០២១ ហើយក្រសួងការពារជាតិ និងមហាផ្ទៃបានចេញសារាចរណែនាំទៀត តែបញ្ហានៅតែមាន រហូតដល់មានករណីបុរសជនជាតិចិនប្រើរថយន្តនេះ មានបញ្ហានៅលើទ្រូងផ្លូវបានបែករឿងជាថ្មីហើយ មហាជនកញ្ជ្រាកជាថ្មី ។
តាមអត្ថបទព័ត៌មានដែលបានចេញផ្សាយកន្លងមក តួរលេខដែលប៉ាន់ស្មានដោយ អគ្គនាយករដ្ឋគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹងថា ឡានអត់ពន្ធជ្រកក្រោមស្លាកលេខរដ្ឋ ន.ប (នគរបាល) និងស្លាកខ.ម (កងទ័ព)មានចំនួនប្រមាណជាជិត១ម៉ឺនគ្រឿង នៅក្នុងនោះ ស្លាកលេខ ខ.ម គឺមានច្រើនជាងគេ រហូតដល់ទៅជាង៥០០០គ្រឿង ។
ក្រោមយុទ្ធនាការ កាលពីឆ្នាំ២០២១ ហើយបន្តអនុវត្តដល់ ឆ្នាំ២០២២ ឃើញថា ស្ងាត់មួយប្រាវ ដោយរដ្ឋបានប្រមូលពន្ធហើយ ប្រមូលរថយន្តដែលប្រើស្លាកលេខនេះមួយចំនួន មកបំពាក់ស្លាកលេខត្រឹមត្រូវ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ពលរដ្ឋដែលបន្តប្រើប្រាស់ ក្រោមស្លាកលេខ ខ.ម និងន.ប នេះទំនងជានៅមានគួរសមទៀត ដែលគួរតែបោសសម្អាតបន្ត ហើយគួរតែដាក់កំណត់ពិរុទ្ធភាពពួកគេតែម្តង ។ កន្លងមកក្រៅពីជនជាតិចិនដែលបែករឿងថ្មីៗនេះនៅលើផ្លូវសាធារណៈជនឧស្សាហ៍ ឃើញមានទាំងយុវជន និងយុវនារីមួយចំនួនក្មេងៗសោះ បើករថយន្តទំនើបៗដែលប្រើប្រាស់ស្លាកលេខសមត្ថកិច្ចទាំងនេះជាបន្តបន្ទាប់មកដែរ ។
ជុំវិញ បញ្ហាបុគ្គលស៊ីវិលតែប្រើប្រាស់រថយន្តដែលពាក់ស្លាកលេខសមត្ថកិច្ច គួរតែបញ្ចប់នៅសម័យនេះ ហើយចំណាត់ការគួរតែអនុវត្តតាមគោលការណ៍ដែលរាជរដ្ឋាភិបាល បានដាក់ចេញនៅក្នុងការបោសសម្អាតគ្រឿងញៀ.នចេញពីជួរមន្ត្រីរាជការទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ នៅពេលបើកសន្និបាតក្រសួង នៅថ្ងៃទី២៩ ខែកុម្ភៈ បានដាក់បទបញ្ជាឲ្យអគ្គស្នងការដ្ឋាន គរបាលជាតិ ពង្រឹងការគ្រប់គ្រង និងចាត់វិធានចំពោះការប្រើប្រាស់ស្លាកលេខ ន.ប ជាលក្ខណៈឯកជនខុសពីគោលការណ៍ច្បាប់កំណត់ ។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានមើលឃើញថា មួយរយៈពេលចុងក្រោយនេះ ការប្រើប្រាស់ស្លាកលេខនគរបាលទាំងរថយន្ដ និងម៉ូតូមួយចំនួនខុសពីការកំណត់ ដោយអ្នកខ្លះទៅធ្វើការងារជាឯកជន ប៉ុន្ដែជិះមធ្យោបាយដែលបំពាក់ន.ប ក៏មាន ដោយមួយចំនួនជិះទៅធ្វើការកាស៊ីណូ ហើយកាលពីមុនជិះទៅឈប់មុខខារ៉ាអូខេក៏មាន ។ លោកអះអាងថា ផ្លាកលេខ ន.ប គឺបម្រើឲ្យសមត្ថកិច្ចបម្រើឲ្យអង្គភាពតែប៉ុណ្ណោះ ។ ដោយឡែកខាង ក្រសួងការពារជាតិ ក៏បានព្រមានចាត់វិធានការច្បាប់ចំពោះអ្នកប្រើប្រាស់ ផ្លាកលេខ ខ.ម ផ្ទុយនឹងច្បាប់ និងមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់ដែរ ។
អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ បានជូនដំណឹងថា ខ្លួនសង្កេត ឃើញកើតមាននូវបាតុភាពមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សង្គមសាធារណៈ ដូចជា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់មួយចំនួនមានភាពក្រអឺតក្រទម មិនសក្ដិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះ ពាល់ដល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល ។ ស្ថាប័នជំនាញនេះក៏បាន បញ្ជាក់បន្ថែមអំពីការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរ ខេមរភូមិន្ទទាំងអស់ ដោយអនុវត្តតាមអនុក្រឹត្យ លេខ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ អ្នកប្រើប្រាស់ត្រូវតែជានាយទាហានដែលមានសិទ្ធិពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ ។
សរុបមកវិញឃើញថា ស្ថាប័នកងកម្លាំង និងសមត្ថកិច្ចប្រដាប់អាវុធទាំងពីរបានដឹងអំពីបញ្ហានេះអស់ហើយ ប៉ុន្តែចំណាត់ការយ៉ាងណានៅមិនទាន់ដឹងទេ ហើយដើម្បីរួមចំណែក ពីលើការពង្រឹងចំណុចនេះ ពិរុទ្ធភាពរបស់អ្នកប្រើប្រាស់រថយន្តទាំងនេះ គួរខុសពីភារកិច្ច ខុសការសម្រេចរបស់ស្ថាប័នជំនាញ គួរតែត្រូវកំណត់ឲ្យច្បាស់ផងដែរ បើមិនដូច្នេះទេ បញ្ហាប្រើស្លាកលេខនេះនឹងបន្តរ៉ាំរ៉ៃទៅមុខទៀតមិនខាន ៕ ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ