រាជធានីភ្នំពេញ ៖ យុវជន និងអាណាព្យាបាលនៃគ្រួសារក្រីក្រ និងងាយរងហានិភ័យ និងអាជ្ញាធរមូលដ្ឋាន បានសម្តែងការពេញចិត្តជាខ្លាំងចំពោះ «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាល ប្រកាសអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ មក ដោយពួកគាត់ជឿជាក់ថា ក្រោយការរៀនចប់វគ្គបណ្តុះបណ្តាលដោយមិនគិតថ្លៃនេះហើយ យុវជន គ្រួសារក្រីក្រនឹងមានជំនាញពិតប្រាកដមួយ និងអាចរកចំណូលសមរម្យសម្រាប់ផ្គត់ផ្គង់គ្រួសារទៀតផង ។
មានមុខរបរជាអ្នករត់ម៉ូតូកង់បី និងជាប្រជាពលរដ្ឋកាន់បណ្ណសមធម៌ រស់នៅក្នុងសង្កាត់គីឡូ ម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ លោក អូន ផាន់ណា បាននិយាយថា ក្នុងមុខរបរជាអ្នករត់កង់បី និងកំពុងមានជំងឺផ្ទាល់ខ្លួនផងនោះ គាត់មិនមានលទ្ធភាពផ្គត់ផ្គង់កូនស្រីរៀនបន្តនៅមហាវិទ្យាល័យទេ ព្រោះលោកត្រូវផ្គត់ផ្គង់កូនតូចៗ ២ នាក់ទៀតដែលកំពុងរៀនដែរនោះ ។ លោកចង់ឱ្យកូនស្រីដែលកំពុងរៀនថ្នាក់ទី ១២ ចាប់យកជំនាញផ្នែកសម្អាង និងសាឡន ដែលរៀនឆាប់ចប់ និងឆាប់រកចំណូលបានសម្រាប់ខ្លួនឯង និងគ្រួសារ ។ លោកមានចិត្តរីករាយជាខ្លាំងនៅពេលដឹងថា រាជរដ្ឋាភិបាលផ្តល់ការបណ្តុះបណ្តាលជំនាញវគ្គខ្លីសម្រាប់គ្រួសារក្រីក្រ អាចចូលរៀនដោយមិនគិតថ្លៃ និងថែមទាំងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ ម៉ឺនរៀលទៀត ។ លោកថា កម្មវិធីបណ្តុះបណ្តាលនេះជាឱកាសល្អសម្រាប់យុវជនអាចយកពេលវេលារបស់ខ្លួនទៅរៀនជំនាញមួយពិតប្រាកដសម្រាប់ជីវិត ប្រសើរជាងពួកគេទៅសេពគ្រឿងញៀន រឺប្រព្រឹត្តអំពើមិនល្អក្នុងសង្គម ។
ដូចគ្នានេះ អ្នកស្រី ឃន ចាន់ថន ជាប្រជាពលរដ្ឋកាន់បណ្ណសមធម៌រស់នៅក្នុងសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ និយាយដោយភាពរំភើបក្តុកក្តួលនៅពេលទទួលដំណឹងថា រាជរដ្ឋាភិបាលផ្តល់ឱកាសដល់យុវជន គ្រួសារក្រីក្រអាចចូលរៀនជំនាញពិតប្រាកដដោយមិនគិតថ្លៃ ព្រោះកន្លងមកអ្នកស្រីពិតជាចង់ឱ្យកូនស្រី និងកូនប្រុសទៅរៀនជំនាញមួយច្បាស់លាស់សម្រាប់កូន ប៉ុន្តែគ្រួសារអ្នកស្រីមិនមានលទ្ធភាពទេ ។ អ្នកស្រី មាន សង្ឃឹមថា នៅពេលកូនប្រុសដែលចង់រៀនជំនាញជួសជុលម៉ាស៊ីនត្រជាក់ និងកូនស្រីចង់រៀនផ្នែក សាឡន បានរៀនចប់ពួកគេនឹងអាចទទួលបានបទពិសោធន៍ថ្មីក្នុងសង្គម និងអាចរកប្រាក់ចំណូលសម្រាប់ខ្លួនឯង និងអាចផ្គត់ផ្គង់គ្រួសារបាន ។
ចំណែក យុវជន ស្រី គីមហេង ជាប្រជាពលរដ្ឋកាន់បណ្ណសមធម៌ រស់នៅក្នុងសង្កាត់ទួលទំពូង ២ ខណ្ឌចំការមន ដែលទើបប្រឡងបាក់ឌុបហើយនោះ ក៏ចង់ចូលរៀនជំនាញខ្លីជួសជុលគ្រឿងអេឡិចត្រូនិក និងទូរស័ព្ទវិញ ព្រោះជំនាញនេះកំពុងតម្រូវការក្នុងទីផ្សារ និងអាចរកចំណូលបានលឿនសម្រាប់ជួយសម្រាលបន្ទុកគ្រួសារ ។ យុវជនរូបនេះ សង្ឃឹមថា ពេលមានជំនាញមួយពិតប្រាកដនឹងអាចជួយខ្លួនឯងផង ជួយគ្រួសារផង និងជាធនធានមនុស្សល្អក្នុងសង្គមផង ប្រសើរជាងចំណាយពេលទៅធ្វើរឿងអត់ប្រយោជន៍ ។ យុវជនរូបនេះ អំពាវនាវដល់យុវជននៃគ្រួសារក្រីក្រផ្សេងទៀតដែលមិនទាន់មានមុខរបរ និងជំនាញពិតប្រាកដនៅឡើយទេគួរចំណាយពេលខ្លីចូលរៀនវគ្គជំនាញមួយច្បាស់លាស់តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញដោយមិនគិតថ្លៃនេះ ។
ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន លោក ទុយ ឡេង ប្រធានក្រុមប្រឹក្សាសង្កាត់ទួលទំពូង ២ បានសម្តែងការពេញចិត្ត ជាខ្លាំងចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញសម្រាប់យុវជនគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រោះនៅពេលដែលសមាជិកគ្រួសារក្រីក្រ និងងាយរងហានិភ័យមានជំនាញមួយច្បាស់លាស់ និងមានការងារ រឺមុខរបរពិតប្រាកដនោះ គឺមានន័យថាពួកគេនឹងអាចចូលរួមកាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋាន រួមនិងអាចកាត់បន្ថយបញ្ហាក្មេងទំនើងក្នុងមូលដ្ឋានជាដើម ។ លោក បញ្ជាក់ថា អាជ្ញាធរសង្កាត់នឹងចូលរួមផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលនេះទៅកាន់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសគ្រួសារដែលមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យតែម្តង ។
ដោយឡែក លោក ម៉ៅ វណ្ណា ចៅសង្កាត់គីឡូម៉ែត្រលេខ ៦ សម្តែងការអរគុណដល់រាជរដ្ឋាភិបាល និងអរគុណ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះការរៀបចំវគ្គបណ្តុះបណ្តាលជំនាញសំខាន់ៗជាច្រើនសម្រាប់យុវជនគ្រួសារក្រីក្រ និងងាយរងហានិភ័យអាចចូលរៀនដោយមិនគិតថ្លៃ និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀត ។ លោកស្នើដល់អាណាព្យាបាលគ្រួសារក្រីក្រ និងងាយរងហានិភ័យ សូមលើកទឹកចិត្តឱ្យកូនចៅចូលរៀនចាប់យកជំនាញសម្រាប់អនាគតរបស់ពួកគេ ព្រោះយុវជនម្នាក់ត្រូវតែមានជំនាញមួយពិតប្រាកដក្នុងជីវិត ។
សូមបញ្ជាក់ថា អ្នកមានបំណងចុះឈ្មោះចូលរៀន និងស្វែងរកព័ត៌មាននៃវគ្គសិក្សា អាចចូលតាមរយៈ ទី (១). ប្រព័ន្ធឌីជីថល ដែលមានលើកម្មវិធីទូរស័ព្ទដៃ (TVET 1.5M) រឺតាមរយៈគេហទំព័រ ៖ www.tvet.gov.kh ។ (http://www.tvet.gov.kh/) និងទី (២). តាមបណ្តាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈទូទាំងប្រទេស ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ