ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនាញ ៣៨ មុខ ដែល​នឹង​បណ្តុះបណ្តាល​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ ជា​ជំនាញ​ដែល ទីផ្សារ​កំពុង​ត្រូវការ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​កំណត់​វិស័យ និង​មុខ​ជំនា​ញ​សម្រាប់​ជំហាន​ដំបូង​ចំនួន ៣៨ មុខ​ជំនាញ នៅ​ក្នុង​វិស័យ​អាទិភាព​ចំនួន ១០…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​កំណត់​វិស័យ និង​មុខ​ជំនា​ញ​សម្រាប់​ជំហាន​ដំបូង​ចំនួន ៣៨ មុខ​ជំនាញ នៅ​ក្នុង​វិស័យ​អាទិភាព​ចំនួន ១០ សម្រាប់ការ​រៀន​មិន​គិតថ្លៃ​ក្នុង «​កម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​» ដោយ​វិស័យ​អាទិភាព​ទាំង ១០ នោះ គឺ​ត្រូវបាន​កំណត់​តាម​រយៈ​ការ​សិក្សា​លើ​ស្ថានភាព​សេដ្ឋកិច្ច​តាម​វិស័យ និង​អនុ​វិស័យ​, ការ​សិក្សាទីផ្សារ​ការងារ​ផ្អែក​លើ​ចំនួន​រោងចក្រ សហគ្រាស និង​កម្មករនិយោជិត​, និង​គោលនយោបាយ អាទិភាព ឬ​យុទ្ធសាស្ត្រ​នយោបាយ​នានា ។

នេះ​បើ​តាម​ការ​ថ្លែង​បញ្ជាក់​របស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ «​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​បុគ្គល ស្វ័​យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​.» និង «​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​» ក្រោមអធិបតីភាព សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​សណ្ឋាគារ​សុខា ភ្នំពេញ និង​រ៉េ​ស៊ី​ដង់ នៅ​ព្រឹក​ថ្ងៃ​ទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ។

ឯកឧត្តម ហេង សួរ បាន​បង្ហាញ​ថា វិស័យ​អាទិភាព​ទាំង​១ ០ នោះ រួម​មាន ៖ សំណង់​, អគ្គិសនី និង​ថាមពល​, អេ​ឡិច​ត្រូ​និក​, បរិក្ខារ​ត្រជាក់​និង​កម្ដៅ​, កម្មន្តសាល​, មេកា​និក​ទូទៅ មេកា​និក​រថយន្ត​, ទេសចរណ៍​, សេវាកម្ម​, កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​, និង ធុរកិច្ច​និង​ព័​ត៌ មាន​វិទ្យា ។ ដោយឡែក ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ ដូនតា​ត្រូវ​បាន​រៀបចំ និង​អនុវត្ត ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្នុង​គោលបំណង​អភិរក្ស​ចំណេះដឹង និង​ជំនាញ​ដូនតា ឱ្យ​បាន​គង់វង្ស និង​អភិវឌ្ឍ «​ឧស្សាហកម្ម​វប្បធម៌ និង​ច្នៃ​ប្រតិដ្ឋ​បង្កើត​ថ្មី​» ។

ឯកឧត្តម ហេង សួរ ក៏​បាន​គូសបញ្ជាក់​ដែរ​ថា ជោគជ័យ​នៃ​កម្មវិធី​បណ្តុះបណ្តាលវិជ្ជាជីវៈ គឺ​មិនមែន​រាប់​ត្រឹម​ពេល​ដែល​យុវជន​ជា​គោលដៅ​បាន​មក​ចុះ​ឈ្មោះ​រៀន មិន​ត្រឹមតែ​វគ្គបណ្តុះបណ្តាល​បាន​ដំណើរការ ហើយ​ក៏​មិន​ត្រឹមតែ​ពេល​យុវជន​បាន​បញ្ចប់​ការ​បណ្តុះបណ្តាល​នោះ​ទេ ។ ជោគជ័យ​ពិតប្រាកដ គឺ​ត្រូវ​សម្រេច​ឱ្យ​បាន​នូវ​បាវចនា ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​ធិ​បតី គឺ​ត្រូវធ្វើ​យ៉ាងម៉េច​ឱ្យ​យុវជន​យើង​បាន​ចូល​រៀន រៀន​ឱ្យ​ចប់ រៀន​ឱ្យ​ចេះ និង​ឱ្យ​មានការ​ងារ​ធ្វើ ឬ​សង្ខេប​ដោយ​សាមញ្ញ គឺ «​រៀន​ឱ្យ​ចប់ ឱ្យ​ចេះ ឱ្យ​មានការងារ​» ។

ដូចនេះ ដើម្បី​ឱ្យ​កម្មវិធី​បណ្តុះបណ្តាល​នេះ ដំណើរ​ទៅ​ប្រកបដោយ​ភាព​ជោគជ័យ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​ស្ថាប័ន និង​ដៃគូ​ពាក់ព័ន្ធ ដោយ​បាន​រៀបចំ និង​ធ្វើ​បច្ចុប្បន្នភាព​កញ្ចប់​សិក្សា​ផ្អែក​លើ​សមត្ថភាព សម្រាប់​ការ​បណ្ដុះបណ្ដាល ដោយ​បាន​កំណត់​ជា​ស្តង់ដា​នូវ​ជំនាញ​នីមួយ​ៗ គឺ​មាន​ចាប់ពី ៥ ទៅ ៦ ម៉ូឌុល ហើយក្នុង​ម៉ូឌុល​នីមួយ​ៗ គឺ​ត្រូវ​មាន​ម៉ោង​រៀន​យ៉ាងតិច ៦៣០ ម៉ោង រួម​ទាំង​ទ្រឹស្តី ការ​អនុវត្ត​នៅរោង​ជាង និង​ការ​ចុះ​កម្មសិក្សា​នៅ​តាម​វិស័យ​ឯកជន ។

ម៉ូឌុល​ទី ១ អំពី​ជំនាញ​ទន់ ត្រូវ​បានបញ្ចូល​ទៅ​គ្រប់​ជំនាញ​ទាំងអស់ ដោយ​ផ្តោត​លើ​ការ​ធ្វើ​ការងារ​ជា​ក្រុម​, សុវត្ថិភាព និង​សុខភាព ការងារ (OSH), KAIZEN (5S), ការ​រៀបចំ​បែងចែក​អាទិភាព​ការងារ និង​ការ​គ្រប់គ្រង​ពេលវេលា​, ការ​ប្រាស្រ័យ​ទាក់ទង​នៅ​កន្លែង​ការងារ​, សហគ្រិនភាព​, មូលដ្ឋាន ជំនាញ​បៃតង​, មូលដ្ឋាន​ច្បាប់​ស្តី​ពី​ការងារ និង​ចរណៈ​វិជ្ជា​, ព្រមទាំង​មានការ​គោរព​ទង់ជាតិ​ជា​រៀង​រាល់​ម៉ោង ៧ ព្រឹក និង​ការ​ហាត់​កីឡា​ចំនួន ៣០ នាទី មុន​នឹង​ចាប់ផ្តើម​ចូល​រៀន​នៅ​ម៉ោង ៨ ព្រឹក​ផង​ដែរ ។ ទន្ទឹម​នេះ កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នេះ ក៏​មាន​សម្រាប់​ការ​សិក្សា​វេន​យប់ និង​វេន​ចុង ស​ប្តា​ហ៍​ថ្ងៃ​សៅរ៍​-​អាទិត្យ ដែល​អាច​ផ្តល់​ជម្រើស និង​ភាព​បត់បែន​បន្ថែម​លើ​វេន​ធម្មតា​ដល់ក្រុម​គោលដៅ​អាច​ចូល​រៀន​បាន ដោយ​ឆ្លើយ​តប​តាម​តម្រូវការ​ការងារ​នៅ​ភូមិសាស្ត្រ​មូលដ្ឋានទៀត​ផង ។

ឯកឧត្តម ហេង សួរ បាន​បញ្ជាក់​ទៀត​ថា មិន​ត្រឹមតែ​ការ​សិក្សា​ទ្រឹស្តី​នៅ​សាលា​នោះទេ ប៉ុន្តែ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់ (MOU) ជាមួយ​សភាពាណិជ្ជកម្ម និង​សមាគម​និយោជក​តាម​វិស័យ​នានា​ចំនួន ១៧ ដើម្បី​ផ្តល់ឱកាស​ហាត់​ការ និង​កម្មសិក្សា​ដល់​សិស្ស​ដែល​នឹង​ចុះ​ឈ្មោះ​រៀន​កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​នឹង​អនុញ្ញាត​ឱ្យ​យុវជន​ជា​គោលដៅ​អាច​ផ្សារ​ភ្ជាប់​ទ្រឹស្តី​ទៅ​នឹង​ការ​អនុវត្ត​ជាក់ស្តែងនៅ​កន្លែងធ្វើការ និង​ធានា​ថា សិស្ស​មាន​សមត្ថភាព​អាច​ធ្វើការ​ងារ​បាន​ពិតប្រាកដ​ក្រោយពេល​បញ្ចប់​វគ្គ​បណ្តុះបណ្តាល ៕ អត្ថបទសហការ