រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់នៅថ្ងៃ ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះថា ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាមគោលការណ៍ស្ម័គ្រចិត្តនាពេលនេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមសម្រាប់កម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍យ៉ាងដូច្នេះបន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកប.ស.ស.» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» នាថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ដោយមានអ្នកចូលរួមសរុបប្រមាណ ២ ពាន់នាក់ ។
ឯកឧត្តមមានប្រសាសន៍បន្តថា ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាមគោលការណ៍ស្ម័គ្រចិត្តនាពេលនេះគឺជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមសម្រាប់កម្ពុជា ដែលបានប្រែក្លាយសេចក្តីប្រាថ្នារបស់បុគ្គលស្វ័យនិយោជន៍ភាគច្រើនដែលចង់ចូលជាសមាជិក ប.ស.ស. ក៏ដូចជាក្តីប្រាថ្នារបស់បងប្អូនកម្មករនិយោជិតភាគច្រើន ដែលចង់ឱ្យអ្នកនៅក្នុងបន្ទុករបស់ខ្លួនអាចទទួលបានការធានារ៉ាប់រងសុខភាពដូចខ្លួនដែរ ។
ឯកឧត្តមមានប្រសាសន៍ថា ៖ «ប.ស.ស. បានក្លាយជានិមិត្តរូបនៃសុខភាព ក្នុងចិត្តបងប្អូនកម្មករនិយោជិត ដោយអាចជួយកាត់បន្ថយបន្ទុកចំណាយ ពង្រឹងស្ថិរភាព និងការព្យាករណ៍បាននៃចំណូល និងធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ខ្លួន» ។
យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. រួមមាន ប្តីឬប្រពន្ធ និងកូនក្នុងបន្ទុក អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់ភាគទានត្រឹមតែ ១៥ ៦០០ រៀល គឺបងប្អូនអាចទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រនៅគ្រប់ពេទ្យដែលជាដៃគូរបស់ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ ។ បុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែលបង់ភាគទានបាន ៩ ខែជាប់គ្នា នឹងទទួលបានប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូន, និងវិភាជន៍ប្រាក់បូជាសព នៅពេលទទួលមរណភាព ។
បន្ថែមលើសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តនេះនឹងគ្របដណ្តប់ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ប្រមាណជាង ៣ លាននាក់បន្ថែម ដែលនឹងធ្វើឱ្យរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព នឹងគ្របដណ្តប់ប្រជាជនសរុបប្រមាណជាង ៥ លាននាក់ ។
ឯកឧត្តមបានលើកឡើងថា កាលពីថ្ងៃទី ២៤ ខែតុលា កន្លងទៅនេះ សម្តេចធិបតី ក៏បានដាក់ឱ្យដំណើរការនូវរបបថែទាំសុខភាពតាមមូលនិធិសមធម៌សុខាភិបាល ជូនគ្រួសារងាយរងហានិភ័យ នឹងមានវិសាលភាពគ្របដណ្តប់ ប្រមាណ ៤៩ ម៉ឺនគ្រួសារ ស្មើនឹងសមាជិកសរុបជាង ១,៨ លាននាក់ បន្ថែមទៀត ដែលនឹងធ្វើឱ្យផ្នែកថែទាំសុខភាព តាមរយៈមូលនិធិសមធម៌សុខាភិបាល នឹងគ្របដណ្តប់ដល់ប្រជាជនសរុបប្រមាណជាង ៤ លាននាក់ ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ជារួមការដាក់ឱ្យអនុវត្តកម្មវិធីទាំងពីរនេះរួមបញ្ចូលគ្នា នឹងពង្រីកសេវាថែទាំសុខភាពបានដល់ប្រជាជនចំនួនប្រមាណជាង ៩ លាននាក់ ដែលដៃគូ និងមិត្តភក្ត្រជាច្រើនបានកោតសរសើរ និងអបអរសាទរចំពោះការឈានមុខរបស់កម្ពុជាក្នុងការឆ្ពោះទៅរកភាពគ្របដណ្តប់សុខភាពជាសកលនាពេលដ៏ខ្លីខាងមុខផងដែរ ។
បន្ថែមលើសនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា ការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកប.ស.ស.» នៅពេលនេះគឺជាការឆ្លើយតបទៅនឹងសេចក្តីប្រាថ្នារបស់បងប្អូនក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ឋក្នុងការថែទាំសុខភាពផងដែរ ។
សម្តេចធិបតីមានប្រសាសន៍ថា តាមការសិក្សាកន្លងមក បងប្អូនកម្មករនិយោជិក ឬបងប្អូនប្រជាពលរដ្ឋម្នាក់ជាមធ្យម ត្រូវចំណាយ ២៥០ ដុល្លារ ក្នុងមួយឆ្នាំ ឬចន្លោះពី ១៥ ដុល្លារ ទៅ ២០ ដុល្លារ ក្នុងមួយខែ ក្នុងករណីដែលមិនមានរបបថែទាំសុខភាពនេះ ជាហេតុធ្វើឲ្យបងប្អូនកម្មករនិយោជិក ឬប្រជាពលរដ្ឋមួយចំនួនធំ មិនសូវហ៊ានទៅពិគ្រោះយល់យោបល់ ជាមួយគ្រូពេទ្យញឹកញាប់ ដោយសារនេះជាការចំណាយផ្ទាល់ខ្លួនរហូតជួញការបណ្ដាយឲ្យខ្លួនឈឺដល់ដំណាក់កាលធ្ងន់ធ្ងរពិបាកជួយទាន់ពេលវេលា ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ