សង្គមខ្មែរបានផ្សារភ្ជាប់ជាមួយជំនឿអរូបី ព្រលឹង ខ្មោច ព្រាយបិសាច អាប ធ្មប់ និងស្នងរូបជាដើម ។ ពាក់ព័ន្ធបញ្ហានេះតាមចាស់ៗតំណាលទុកក្នុងពិភពជំនឿក៏មានព្រលឹងថែរក្សាការពារទឹកដីព្រៃព្រឹក្សាមួយប្រភេទដែលពួកគាត់ឱ្យឈ្មោះថា ម្រេញគង្វាលផងដែរ ។ គេជឿថា ម្រេញគង្វាលអាចបង្ហាញមុខចំពោះតែមនុស្សមានចិត្តបរិសុទ្ធ ស្មោះត្រង់ គួរជាទីរាប់អាន ហើយអាចមានអាយុពី៦ទៅ១៤ឆ្នាំប៉ុណ្ណោះ ។
លោកតា អឿន រស់នៅភូមិត្រពាំងត្រាវ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ បានបង្ហើបឱ្យមហាគ្រួសារដឹងថា កាលពីគាត់នៅមានអាយុប្រហែល១៣ឆ្នាំម្រេញគង្វាលធ្លាប់បានបង្ហាញខ្លួនឱ្យគាត់ឃើញ។ លោកតាបានរៀបរាប់ថា កាលមួយណោះពេលលោកតាមិនសូវស្រួលខ្លួនមិនបានទៅស្រែជាមួយម្តាយ សម្រាកនៅផ្ទះម្នាក់ឯង…ជំងឺហាក់ក្តៅស្រៀវស្រាញ គាត់ក៏ឡើងសម្រាកលើអង្រឹងគេងលក់រលីវៗស្រាប់តែមានក្មេងៗស្របាល៦ទៅ៧ឆ្នាំ២នាក់ស្លៀកខោខ្លីពីរពណ៌ត្រឹមភ្លៅ ម្ខាងពណ៌ខៀវ ម្ខាងទៀតពណ៌ក្រហម ជួតក្បាលនឹងកន្សែងក្រហមមានជាយទៅចំហៀងមកចោមរោមលេងជាមួយគាត់។
លោកតាអឿន បានមានប្រសាសន៍ឱ្យដឹងទៀតថា ក្នុងចំណោមពីរនាក់នោះ មានម្នាក់កាន់ដងស្នា និងម្នាក់ទៀតស្ពាយបំពង់គ្រាប់ស្នាពីក្រោយខ្នងមកបបួលឱ្យគាត់ដើរលេងជាមួយពួកគេ។ គាត់បានតបថា ខ្ញុំមិនទៅដើរលេងជាមួយទេ ព្រោះមិនសូវស្រួលខ្លួន។ ក្មេងប្លែកមុខទាំងពីរនាក់បាននិយាយថា មិនអីទេ ពេលទៅជាមួយគ្នាទៅ នឹងជាហើយ។ ទោះជាបបួលយ៉ាងណាក្តី ក៏កុមារអាយុ១៣ឆ្នាំ(តាអឿន)យើងមិនទៅជាមួយដែរ ព្រោះណាមួយមិនធ្លាប់ស្គាល់មុខ ហើយម្យ៉ាងទៀតពុំមានអារម្មណ៍ដើរលេងដោយសារតែបញ្ហាសុខភាពចង់តែសម្រាកយកកម្លាំង។
ស្របពេលដែលបបួលមិនបាន ក្មេងប្លែកមុខទាំងពីរនាក់នោះក៏ដើរចេញទៅលេងក្រោយផ្ទះ ចំពេលដែលអាកាសធាតុត្រជាក់មេឃខ្មៅដាស ហើយធ្លាក់រលឹមផ្សែងក្រូចតិចៗ។ ស្រាប់តែពេលនោះក្មេងកាន់ដងស្នាបានប្រាប់ទៅម្នាក់ទៀតថា ឃើញជ្រូកព្រៃនៅពីមុខ… បាញ់មួយសិន។ ពេលបាញ់ទៅ លាន់ផាំងឆេះដើមត្នោត ទើបដឹងថា ក្មេងទាំងពីរនាក់នោះជាម្រេញគង្វាល។ បន្ទាប់ពីម្រេញគង្វាលចាកចេញទៅ រូបគាត់(លោកតាអឿន)ក៏លែងមានគ្រុនក្តៅរងាស្រៀវស្រាញអ្វីទៀតឡើយ៕
ចែករំលែកព័តមាននេះ