ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​អា​ហ្ស​ង់​ទី​ន ​ត្រូវ​ដឹក​តាម​ឧទ្ធម្ភាគចក្រ ខណៈ​ផ្លូវ​ទាំងអស់​កកស្ទះដោយ​ហ្វូង​អ្នកគាំទ្រ​ជាង​​៤​លាន​នាក់(វីដេអូ)

1 ឆ្នាំ មុន

អា​ហ្ស​ង់​ទី​ន ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ម្ចាស់​ជើងឯក FIFA World Cup 2022 នៅ​កា​

អា​ហ្ស​ង់​ទី​ន ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ម្ចាស់​ជើងឯក FIFA World Cup 2022 នៅ​កា​តា ត្រូវ​បង្ខំចិត្ត​បោះបង់​ការ​ធ្វើ​ដំណើរ​ដោយ​ក្បួន​ដង្ហែរ​ឡានក្រុង នៅ​ក្នុង​រដ្ឋធានី​ប៊ុ​យ​ណូ​ស៊ែ (Buenos Aires) កាលពី​ថ្ងៃ​ទី​២០ ខែធ្នូ កន្លង​ទៅ បន្ទាប់​ពី​អ្នកគាំទ្រ​ដ៏​រំភើប​រាប់​លាន​នាក់ បាន​ចេញ​មក​ស្វាគមន៍​ក្រុម​ជម្រើសជាតិ​ខ្លួន​យ៉ាង​កកកុញ​ជាទី​បំផុត នៅ​ក្នុង​រដ្ឋធានី​ធំ​បំផុត​របស់​អា​ហ្ស​ង់​ទី​ន​មួយ​នេះ​។ ជា​លទ្ធផល​ប្រធាន​ក្រុម Lionel Messi និង​មិត្ត​រួម​ក្រុម​របស់​គេ ត្រូវ​បាន​ដឹក​ចេញ​តាម​ឧទ្ធម្ភាគចក្រ ដើម្បី​បញ្ចប់​ការ​ប្រារព្ធ​ពិធី ដែល​បាន​គ្រោងទុក​។

សមាជិក​ទាំងអស់​នៃ​ក្រុម​អា​ហ្ស​ង់​ទី​ន ដែល​ឈ្នះ​ជើងឯក World Cup 2022 កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ កន្លង​ទៅ មិន​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​វិមាន​ប្រវត្តិសាស្ត្រ​ជាតិ Obelisco កណ្តាល​រដ្ឋធានី​ប៊ុ​យ​ណូ​ស៊ែ ដូចដែល​បាន​គ្រោងទុក​នោះ​ទេ​។ ដោយសារ​តែ​ផ្លូវ​ទាំងអស់ ត្រូវ​បាន​បិទ​ទាំងស្រុង​ដោយ​ហ្វូង​អ្នកគាំទ្រ​ដ៏​ច្រើន​លើសលុប ដែល​តាម​ការ​ប៉ាន់ស្មាន​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក បាន​រាយការណ៍​ថា មាន​រហូត​ដល់​៤​លាន​នាក់​ឯណោះ​។

ជាមួយនឹង​រូបភាព​ជា​ច្រើន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដែល​បង្ហាញ​ពី​អ្នកគាំទ្រ​មួយ​ចំនួន​បាន​ព្យាយាម​លោត​ឡើង​លើ​ឡានក្រុង​របស់​ក្រុម នៅ​ពេល​ដែល​ឆ្លងកាត់​ក្រោម​ស្ពាន​។ ការ​ធ្វើ​ដំណើរ​រយៈពេល​៨​ម៉ោង ដែល​បាន​គ្រោងទុក ត្រូវ​បាន​រំសាយ​ចោល ដោយសារ​ការ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​សមាជិក​នៃ​ក្រុម​អា​ហ្ស​ង់​ទី​ន ហើយ​ជា​លទ្ធផល​ប្រធាន​ក្រុម Lionel Messi និង​មិត្ត​រួម​ក្រុម​របស់​គេ ត្រូវ​បាន​ផ្ទេរ​ចេញពី​ឡានក្រុង​ក្បួន​ដង្ហែ និង​ចូល​ទៅ​ក្នុង​ឧទ្ធម្ភាគចក្រ ដើម្បី​ធ្វើ​ដំណើរ​ហោះ​ឆ្វែល​ជុំវិញ​វិមាន Obelisco​។

ជាមួយ​គ្នា​នោះ លោកស្រី Gabriela Cerruti អ្នកនាំពាក្យ​ប្រធានាធិបតី​អា​ហ្ស​ង់​ទី​ន បាន​សរសេរ​នៅ​លើ​គណនី Twitter ផ្ទាល់ខ្លួន​ថា «​ជើងឯក​ពិភពលោក កំពុង​ហោះហើរ​ពីលើ​ផ្លូវ​ទាំងអស់​នៅ​ក្នុង​ឧទ្ធម្ភាគចក្រ ព្រោះ​ពួក​គេ​មិន​អាច​បន្តដំណើរ​នៅ​លើ​ដី ដោយ​ឡានក្រុង​បាន ដោយសារ​ការ​កកស្ទះ​ពី​អ្នកគាំទ្រ ដែល​មាន​សេចក្តី​អំណរ​ដ៏​ខ្លាំងក្លា​បំផុត​។ សូម​បន្ត​ការ​អបអរ​ដោយ​សន្តិភាព និង​បង្ហាញ​ក្តី​ស្រឡាញ់ និង​ការ​កោតសរសើរ​ដល់​ពួក​គេ​!»​។

គួរ​រំលឹក​ថា ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន បាន​ធ្វើ​មាតុភូមិនិវត្តន៍​ដល់​ប្រទេស​កំណើត​វិញ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២០ ខែធ្នូ នៅ​ឯអាកាស​យានដ្ឋាន Ezeiza ខណៈ​ទោះបីជា​មក​ដល់​នៅ​ម៉ោង​ប្រហែល​៣​ទៀប​ភ្លឺ​យ៉ាងណា​ក៏​ដោយ ក៏​មនុស្ស​រាប់​ពាន់​នាក់​បាន​រង់ចាំ​រួច​ទៅ​ហើយ នៅ​ក្រៅ​ព្រ​លាន​យន្តហោះ ដោយ​ដៃ​កាន់​ផ្ទាំង​បដា ទង់ជាតិ និង​ដុត​កាំជ្រួច លាយឡំ​និង​ការ​យំ​ដោយ​សេចក្តី​រំភើប និង​មោទនភាព​ជាទី​បំផុត​។

ការ​ពិត​ទៅ រដ្ឋធានី​ប៊ុ​យ​ណូ​ស៊ែ បាន​ស្ថិត​ក្រោម​អបអរ និង​ភាព​កកស្ទះ ចាប់តាំងពី​ថ្ងៃ​ទី​១៨ ខែធ្នូ មក​ម្ល៉េះ នៅ​ពេល​ដែល​អា​ហ្ស​ង់​ទី​ន​បាន​យកឈ្នះ​លើ​បារាំង នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​លទ្ធផល ៤-២ ក្រោយ​ចប់ ១២០​នាទី បាន​ត្រឹម​ស្មើគ្នា ៣-៣ ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក World Cup ជា​លើក​ទី​៣ ក្រោយ​ខកខាន​អស់​រយៈពេល​៣៦​ឆ្នាំ ចាប់តាំងពី​ការ​ឈ្នះ​ចុង​ក្រោយ នៅ​ក្នុង​ឆ្នាំ​១៩៨៦​។

ជាមួយនឹង​សមិទ្ធផល​ដ៏​ធំធេង​នេះ រដ្ឋាភិបាល​អា​ហ្ស​ង់​ទី​ន បាន​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​១​ថ្ងៃ​នៅ​ទូ​ទាំង​ប្រទេស សម្រាប់​ថ្ងៃ​ទី​២០ ខែធ្នូ កន្លង​ទៅ ដើម្បី​អនុញ្ញាត​ឱ្យ​អ្នកគាំទ្រ​ទាំងអស់​អបអរ​ជ័យជម្នះ​នេះ​៕ (​ដកស្រង់​ចេញពី ESPN និង AP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ