ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២៥ មករា សមត្ថកិច្ចប៉ូលិសខេត្តកំពង់ចាមបាននាំខ្លួនក្រុមជនរៀបចំគម្រោងការប្លន់ធនាគារអេស៊ីលីដាសាខាស្រុកស្ទឹងត្រង់ ឡើងតុលាការទៅតាមនីតីវិធីច្បាប់ តែថាការសាកសួរទំនងមិនអាចចប់នៅថ្ងៃដដែលនេះទេ គឺអាចបន្តទៅថ្ងៃទី២៦ មករា ទៀត ហើយពិតណាស់ពួកគេនឹងទទួលការចោទប្រកាន់និងឃុំខ្លួនក្នុងពន្ធនាគារ ។
លោកវរសេនីយ៍ឯកជឹម សេងហុង ស្នងការរងនគរបាលខេត្តទទួលផែនយុត្តិធម៌អះអាងថា ចំពោះប្រាក់ខ្មែរនិងប្រាក់ដុល្លារសរុបទាំងអស់មានជាង៥ម៉ឺនដុល្លារ ត្រូវបាត់បង់នៅក្នុងហេតុការណ៍ដែលបានកើតឡើងតាំងពីល្ងាចថ្ងៃទី២២ មករា ក្នុងគម្រោងការប្លន់ធនាគារ ។ សកម្មភាពនេះបង្កឡើងដោយមេខ្លោងជាអ្នកកាន់បេឡាធនាគារអេស៊ីលីដាប្រចាំភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ឈ្មោះស៊ឹម គឹមថាត ភេទប្រុស អាយុ៣៥ឆ្នាំ រួមជាមួយនឹងបុគ្គលិករបស់ខ្លួនចំនួន៤នាក់ និងមេខ្លោងមកពីខាងក្រៅម្នាក់ទៀត ប្រើល្បិចប្លន់យកលុយទាំងនេះ ហើយក្លែងបន្លំធ្វើជាចំណាប់ខ្មាំងទៅវិញ។
លោកវរសេនីយ៍ទោ សាន សុភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តឱ្យដឹងដែរថា ក្រោយពីកើតមានព្រឹត្តការណ៍ភ្ញាក់ផ្អើលពេញស្រុកស្ទឹងត្រង់ ដែលដំបូងឡើយល្បីថាមានចោរញៀនថ្នាំចូលទៅចាប់បុគ្គលិករបស់ធនាគារអេស៊ីលីដា នៅឃុំអារក្សត្នោតនោះ ត្រូវបានលោកឧត្តមសេនីយ៍ត្រីឆាយ គឹមសុន ស្នងការនគរបាលខេត្ត បញ្ជាឱ្យរូបលោកនិងសហការីចុះទៅកន្លែងកើតហេតុជាបន្ទាន់ដើម្បីឡោមព័ទ្ធធនាគារ និងរៀបចំយុទ្ធសាស្ត្រ ដើម្បីរំដោះចំណាប់ខ្មាំងចំនួន២នាក់ ដែលកំពុងស្ថិតនៅក្នុងបន្ទប់បេឡាជាន់ខាងក្រោម ។ លោកវរសេនីយ៍ទោ នាយការិយាល័យបន្តថា ប្រជាពលរដ្ឋរស់នៅក្នុងទីប្រជុំជនផ្សារបែកអន្លូងរាប់រយនាក់ នាំគ្នាឈរមើលពីចម្ងាយសំដៅទៅធនាគារអេស៊ីលីដា ហើយសូម្បីតែអាជីវករលក់ដូរនៅក្នុងផ្សារក៏បានបិទតូបនាំគ្នាសម្ងំនៅក្នុងផ្ទះរៀងៗខ្លួន ដែរ ចំណែកនៅខាងមុខអគារធនាគារវិញ ដែលមានស្ថានីយលក់ប្រេងឥន្ធនៈមួយនោះ ក៏បានបិទដោយរបងលួសសំណាញ់ និងមានបំពង់ពន្លត់អគ្គិភ័យទុកជាស្រេច ក្រែងមានហេតុការណ៍ណាមួយកើតឡើងជាយថាហេតុ ។
ក្នុងហេតុការណ៍ដែលមិនធ្លាប់កើតមានទាល់តែសោះនៅក្នុងទឹកដីខេត្តកំពង់ចាមនេះ នាព្រឹកព្រលឹមថ្ងៃទី២៣ មករា កម្លាំងនគរបាល កងរាជអាវុធហត្ថ ទាហាន និងនគរបាលអន្តរាគមន៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិរាប់រយនាក់ បានរៀបចំផែនការរំដោះចំណាប់ខ្មាំងចំនួន២នាក់ក្នុងនោះមានឈ្មោះស៊ឹម គឹមថាត និងឈ្មោះទឹម គុយហេង តែមិនបានប្រើកម្លាំងសម្រុកចូលទៅក្នុងធនាគារឡើយ ព្រោះខ្លាចមានគ្រោះថ្នាក់ដល់ចំណាប់ខ្មាំង។ ក្នុងពេលនោះឧក្រិដ្ឋជនបានទាមទារយកថ្នាំញៀនរហូតដល់ទៅ២លើក លុះដល់វេលាម៉ោង១០និង៣០នាទីយប់ថ្ងៃដដែលមានម៉ូតូ២គ្រឿងបានជិះចេញពីក្នុងធនាគារ ព្រមទាំងមានមនុស្ស៣នាក់ជិះផងដែរ ដោយក្នុងនោះ១គ្រឿងជិះគ្នា២នាក់ ប៉ុន្តែពេលជិះចេញគេចខ្លួនមិនបានប៉ុន្មានម៉ោងផង ក៏ត្រូវចាប់ខ្លួនបាន៣នាក់ គឺមានចំណាប់ខ្មាំង២នាក់ និងឈ្មោះស៊ិន តុលា ផងដែរ ។ ក្រោយមកក៏បានចាប់ខ្លួនជាបន្តបន្ទាប់សរុបរហូតដល់ទៅ៦នាក់ក្នុងនោះមានបុគ្គលិកធនាគារ៥នាក់ ទើបដឹងថាសុទ្ធតែជាការរៀបចំឆាកដោយបុគ្គលិកធនាគារដែលចាយលុយធនាគារអស់ក៏បែកគំនិតរៀបចំគម្រោងប្លន់លុយធនាគារ ។ បន្ទាប់ពីការចាប់ខ្លួនបញ្ជូនមកកាន់ស្នងការដា្ននគរបាលខេត្ត ហើយនៅព្រឹកថ្ងៃទី២៥ មករា ជនទាំងនេះត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ។
លោកវរសេនីយ៍ឯកជឹម សេងហុង ស្នងការរងនគរបាលខេត្ត មានប្រសាសន៍ឱ្យដឹងដែរថា នេះជាការរៀបចំគម្រោងប្លន់លុយធនាគារអេស៊ីលីដា ដោយមេខ្លោងឈ្មោះ ស៊ឹម គឹមថាត ជាអ្នកកាន់បេឡា ហើយបានរៀបចំឆាកថាខ្លួនជាចំណាប់ខ្មាំងរងគ្រោះ ។ លោកស្នងការរងនគរបាលខេត្តបញ្ជាក់ថា ក្រៅពីជនទាំង៦នាក់ដែលត្រូវចាប់ខ្លួនបាននោះ ជនទី៧ ឈ្មោះ ស៊ឹម គឹមថុល ត្រូវជាប្អូនរបស់អ្នកកាន់បេឡាធនាគារ ដែលបានវេចលុយរត់គេចខ្លួនបាត់ ក៏កំពុងត្រូវបានស្វែងរកចាប់ខ្លួនដែរ ។ ដោយឡែក ចំពោះស្ត្រីឈ្មោះ ឡេង ស៊ីថុន អាយុ៣៦ឆ្នាំ ត្រូវជាប្រពន្ធរបស់អ្នកកាន់បេឡារូបនេះ ដំបូងត្រូវបានសង្ស័យថាមានការពាក់ព័ន្ធ តែក្រោយពីសមត្ថកិច្ចហៅមកសួរនាំ នៅព្រឹកថ្ងៃទី២៥ មករា មិនមានការពាក់ព័ន្ធ ក៏បានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញហើយ ។
និយោជកធនាគារបានឱ្យដឹងថា ខាងធនាគារបានបណ្តេញបុគ្គលិកទាំង៥នាក់នោះហើយ និងបានដាក់ពាក្យបណ្ដឹងទៅតុលាការតាមច្បាប់ ។ ជាមួយគ្នានេះ រាល់ទង្វើរបស់ពួកគេ ក៏ជាមេរៀនមួយដែលធនាគារចាំបាច់ត្រូវពង្រឹងការធ្វើសវនកម្មផ្ទៃក្នុងឱ្យបានល្អជាងមុនផងដែរ ៕
ចែករំលែកព័តមាននេះ